ផល​ប្រយោជន៍​សេដ្ឋកិច្ចនិង​បរិស្ថាន​នៅ​អឺរ៉ុបនឹង​ប្រជែងគ្នា​ ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បញ្ចប់​ទៅ

រូបឯកសារ៖ សកម្មជននៃក្រុម Fridays for Future តម្រៀបផ្ទាំងបដាគាំទ្រការការពារបរិស្ថាននៅមុខអគាររដ្ឋាភិបាលអាល្លឺម៉ង់ នៅក្រុងប៊ែរឡាំង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

ការបិទដំណើរការ​ដោយសារ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ទ្វីបអឺរ៉ុបបាន​ធ្វើ​ឲ្យ​មាន​ការបំពុល​បរិស្ថាន​តិច​ជាង​មុន។ ក៏ប៉ុន្តែការសម្រេចចិត្ត​ខាង​គោលនយោបាយ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា តើ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញនឹង​ជួយ ឬធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន។

ទីក្រុង​នានា​នៅ​ទី្វប​អឺរ៉ុប​ដែល​នៅ​តាម​ដងផ្លូវ​ជា​ធម្មតាតែងតែ​កកស្ទះ​នោះ ឥឡូវ​នេះ មាន​ភាព​ស្ងាត់ជ្រងំ​ដោយសារ​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្ខំ​ឲ្យ​ស្ថិត​នៅ​ផ្ទះ​ដោយសារ​តែ​មាន​ការរាតត្បាត​ដោយ​វីរុស​កូរ៉ណា ដែល​បង្ក​ទៅ​ជា​ជំងឺ​កូវីដ​១៩។

លោក Alberto Gonzalez Ortiz គឺជា​អ្នកជំនាញ​ខាងគុណភាព​ខ្យល់​នៅ​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប European Environment Agency។ លោក​និយាយ​ថា ការបំពុល​បរិស្ថាន​បានចុះថយ ចាប់តាំងពី​ការបិទដំណើរការ​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ទីក្រុង​នានា​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​នេះ។ លោក Ortiz បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«នៅក្នុង​ទីក្រុង​ខ្លះ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ យើង​ឃើញ​ថា ការប្រមូលផ្តុំ​គ្នា ត្រូវ​បាន​កាត់បន្ថយ​ជាង​ពាក់​កណ្តាល។ ការកាត់បន្ថយ​នេះ គឺ​មិន​ដូច​គ្នា​នៅ​ក្នុង​ទីក្រុង​ទាំងអស់​ទេ ដោយសារតែ​វិធានការ​បិទ​ដំណើរការ​មិន​ដូច​គ្នា ឬមិន​ខ្លាំងក្លា​ពេក​នៅក្នុង​ប្រទេស​ទាំងអស់ ហើយ​ពួកគេ បាន​ចាប់ផ្តើម​នៅ​ពេល​ខុសៗ​គ្នា»។

បើ​តាម​កំណត់ត្រានៅ​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​ក្តៅ​បំផុត​នៅ​អឺរ៉ុប។ ក៏ប៉ុន្តែ ក្នុង​ពេល​ឥឡូវ​នេះ មាន​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​នៅ​ផ្ទះ ដូច្នេះ​ការប្រើប្រាស់ និង​ការធ្វើដំណើរ​មាន​តិច​ជាងមុន ដែល​ធ្វើ​ឲ្យ​ការបំភាយ​ឧស្ម័ន​កាបូន និង​ខ្យល់​ពុលបាន​ថយ​ចុះ។

ក៏ប៉ុន្តែ បណ្តា​ប្រទេស​នៅ​អឺរ៉ុបចង់​បន្ធូរ​បន្ថយ​ការរឹត​បន្តឹង​នេះ​បន្តិច​ម្តងៗ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរការ​ឡើង​វិញ។ មនុស្ស​មួយ​ចំនួន​ព្រួយបារម្ភអំពី​ការ​ឆាប់​វិល​ត្រឡប់​ទៅ​រក​ជីវភាព​ធម្មតា​ដូច​នៅមុន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ ពីព្រោះ​ថា វា​អាច​ធ្វើ​ឲ្យ​បាត់បង់​ទៅវិញ​នូវ​បរិស្ថាន​ដែល​កំពុងតែ​មាន​ភាពប្រសើរ​ឡើង​នេះ។

អ្នកស្រី Imke Lübbekeនៃ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​និយាយ​ថា មិន​ទាន់​មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​រីករាយ​នឹង​ការទទួល​បាន​បរិស្ថាន​ដែល​ល្អ​ជាង​មុន​នេះ​នៅ​ឡើយ​ទេ។ អ្នកស្រី Lübbeke បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ទាំងនេះ គឺ​ជា​លទ្ធផល​បណ្តោះ​អាសន្ន ដែល​បាន​មកពី​ការបិទ​ដំណើរការ​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស និង​ទីក្រុង​ជាច្រើន ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ វា​មិនមែន​ជា​ការកាត់​បន្ថយ​ការសាយភាយ​ឧស្ម័ន​ទៅ​តាម​រចនាសម្ព័ន្ធ ឬ តាម​វិធី​លុប​បំបាត់​ការបំពុល​បរិស្ថាន​នោះ​ទេ។ យើងកំពុង​ខិតខំ​ធ្វើ​ឲ្យ​ទាំងអស់​គ្នា​យល់​ច្បាស់​ថា វិបត្តិ​បម្រែបម្រួល​អាកាសធាតុ និង​វិបត្តិ​បរិស្ថាន​ទាំងអស់ នឹង​មិន​បាត់​ទៅ​ណា​ទេ ក្រោយ​ពេល​ដែល​យើង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩​ហើយ​នោះ»។

មេដឹកនាំ​សហគមន៍​អ៊ឺរ៉ុប កំពុង​ពិភាក្សា​អំពី​កញ្ចប់​ថវិកា​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ដែល​អ្នក​ខ្លះ​និយាយ​ថា នឹង​ត្រូវ​ចំណាយ​ប្រហែល ២លានលាន​ដុល្លារ។ ហើយ​រដ្ឋាភិបាល​បាន​សន្យា​ផ្តល់​ប្រាក់​រាប់​ពាន់លាន​ដុល្លារ ដល់​អាជីវកម្ម​នានា រួមទាំង​ឧស្សាហកម្ម​ដែល​បំពុល​បរិស្ថាន​ផងដែរ។

លោក Wendel Trio នាយក​បណ្តាញ​សកម្មភាព​ទាក់ទងនឹង​អាកាសធាតុ​អឺរ៉ុប Climate Action Network Europe ថ្លែង​ថា នេះ គឺ​ជា​ពេល​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​នានា មាន​ឱកាស​ក្នុង​ការសម្រេច​ថា តើ​ពួកគេ​ចង់​ដឹកនាំ​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ នៅក្នុង​ទិសដៅ​មួយ​ដែល​ធ្វើ​ឲ្យ​កំណើន​វិជ្ជមាន​ផ្នែក​បរិស្ថាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​និរន្តរភាព ឬ យ៉ាងណា។ លោក Trio បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ជាឧទាហរណ៍ ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​និង​ក្រុមហ៊ុន​អាកាសចរណ៍ មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការទទួល​យក​ការផ្លាស់ប្តូរ​ដែល​ចាំបាច់​ត្រូវ​គិតគូរ​ដល់​បរិស្ថាន​នៅ​ក្នុង​សង្គម។ ហើយ​ខ្ញុំ​គិត​ថា ដល់​ពេល​ដែល​ត្រូវ​បញ្ជាក់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យល់​ច្បាស់​ហើយ។ ប្រសិនបើ​ពួកគេ​ចង់​បាន​ប្រាក់​ពី​សាធារណៈ​ជន ប្រសិនបើ​ពួកគេ​ចង់​ឲ្យ​ប្រាក់​ដែល​បាន​មកពី​ការបង់​ពន្ធ ជួយ​ដល់​អនាគត​របស់​ពួកគេ​នោះ ដូច្នេះ នៅ​ក្នុង​ផែនការ​អនាគត​របស់​ពួកគេ ក៏​គួរតែ​រាប់​បញ្ចូល​ការ​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​វិញ​ផងដែរ»។

មាន​ការភ័យខ្លាច​ក្នុង​ចំណោម​ក្រុម​អ្នក​តស៊ូមតិ​ខាង​អាកាសធាតុ​មួយ​ចំនួន ដែល​ថា ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចនឹង​ត្រូវ​បាន​ផ្តល់​តម្លៃ​ខ្ពស់​ជាង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ក្រុមហ៊ុន BusinessEurope ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​បញ្ចុះ​បញ្ចូល​អ្នកតាក់តែង​ច្បាប់​ដ៏​ធំ​មួយ បាន​សរសេរ​ទៅ​សហភាព​អឺរ៉ុប​រួច​ទៅ​ហើយ ដោយ​ស្នើ​សុំ​ការពន្យាពេល​ក្នុង​ការ​អនុម័ត​បទប្បញ្ញត្តិ​ទាក់ទង​នឹង​អាកាសធាតុ។

សុន្ទរកថា​ស្តីពី​អាកាសធាតុ​របស់​អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel កាលពី​ថ្ងៃច័ន្ទ ទី២៧ មេសា កន្លង​ទៅ​នេះ បង្ហាញ​ពី​អ្វី​ដែល​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​សមាជិក​មាន​ឥទ្ធិពល​បំផុត​របស់​សហភាព​អឺរ៉ុបនឹង​ជំរុញ​ឲ្យ​កើត​មាន​ឡើង នៅ​ពេល​និយាយ​អំពី​តុល្យភាពរវាងបញ្ហា​បរិស្ថាន ​និង​សេដ្ឋកិច្ច​ដែល​កំពុង​ងើប​ឡើង​វិញ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់