លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ នៅពេលឆាប់ៗនេះប្រហែលប៉ុនប៉ងបង្កើនការដាក់សម្ពាធលើប្រទេសចិនដើម្បីធ្វើឲ្យផ្លាស់ប្តូរការធ្វើពាណិជ្ជ កម្មរបស់ខ្លួនហើយនឹងកិច្ចការកាន់តែច្រើនឡើងថែមទៀតដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង។
របាយការណ៍ក្នុងកាសែត Financial រាយការណ៍ថា លោកប្រធានាធិបតីត្រាំ អាចចុះហត្ថលេខាលើសេចក្តីបញ្ជាមួយនៅពេលឆាប់ៗនេះដែលអាចនៅថ្ងៃសុក្រដើម្បីចាប់ផ្តើមស៊ើបអង្កេតពីលក្ខខណ្ឌរបស់ចិនដែលឲ្យក្រុមហ៊ុនបរទេសចែករំលែកការសម្ងាត់ខាងបច្ចេកវិទ្យាដើម្បីដោះដូរឲ្យបានចូលរកស៊ីនៅទីផ្សាររបស់ចិន។នៅទីបញ្ចប់ ការស៊ើបអង្កេតនេះអាចនាំឲ្យមានការយកពន្ធលើទំនិញធ្វើនៅប្រទេសចិននាំចេញមកកាន់សហរដ្ឋអាមេរិកកាន់តែខ្ពស់ឡើងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងពិភពលោក។ ពួកអ្នកជំនាញពាណិជ្ជកម្មព្រមានថា ចំណាត់ការនេះអាចរំលោភការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។
លោក Wilbur Ross រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសរសេរកាលពីថ្មីនេះថា ការធ្វើពាណិជ្ជកម្មរបស់ចិន រួមមានការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា ជាការមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិក ហើយនឹងធ្វើឲ្យមានឱនភាពពាណិជ្ជកម្ម៣៤៧ពាន់លានដុល្លាររវាងសហរដ្ឋអាមេរិកនិងចិន។
ក្នុងពេលជាបេក្ខជនប្រធានាធិបតីលោកត្រាំបានរិះគន់ប្រទេសចិនយ៉ាងខ្លាំងពីរបៀបធ្វើពាណិជ្ជកម្មរបស់ចិន។ លោកក៏បាននិយាយដែរថា ចិនដែលជាប្រ ទេសជិតខាងរបស់កូរ៉េខាងជើងនិងជាដៃគូពាណិជ្ជកម្មដ៏សំខាន់អាចធ្វើកាន់តែច្រើនឡើងថែមទៀតដើម្បីបញ្ឈប់ការខំប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីធ្វើឲ្យប្រសើរឡើងនូវអាវុធនុយក្លែអ៊ែរនិងកាំជ្រួចមីស៊ីល៕