សភា​ឯក​បក្ស​កម្ពុជា​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​ ២០១៨​​ ដោយ​ធ្វើ​​ការកោត​សរសើរ​ស្នាដៃ​រដ្ឋាភិបាល

រូបឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

​ក្រោយពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​សភា​ឯកបក្ស​កម្ពុជា​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០១៨​​ដោយ​ធ្វើ​​ការកោត​សរសើរ​ស្នាដៃ​រដ្ឋាភិបាល

តំណាង​រាស្ត្រ​សភា​ឯកបក្ស​របស់​កម្ពុជា​ ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បោះ​ឆ្នោត​អនុម័ត​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៨​ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​៦ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដោយ​គ្មាន​កិច្ច​ពិភាក្សា​ ​តែ​មាន​ការ​ធ្វើ​សេចក្តី​អធិប្បាយ​អំពី​ការ​វិវត្ត​ស្ថាន​ការណ៍នយោបាយ​នៅ​មុន​ ​និង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ និង​ ​ការ​កោត​សរសើរ​អំពី​ដំណើរ​អភិវឌ្ឍន៍​ក្នុង​ប្រទេស និង​ការ​លើក​សំណួរ​ទាក់​ទិនស្ថាន​ការណ៍​នយោបាយ​ក្រោយ​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​អំណាច​របស់តុលាការ​កំពូល​កម្ពុជា។​

ថ្លែង​ដោយ​មិន​មាន​វត្តមាន​តំណាង​រាស្ត្រ​មកពី​គណបក្ស​ដទៃ​ ​អ្នកស្រី​ ឡោក ខេង​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ជិត​៣០នាទី​ ​ដោយ​ធ្វើការ​ពណ៌នា​សេចក្តី​ពេញចិត្ត​របស់​អ្នកស្រី​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨​ ចំពោះការ​វិវត្ត​នានា​ ព្រម​ទាំង​ដំណើរ​ការខាង​នយោបាយ​ក្នុង​ប្រទេស​ ​ក្រោយ​ការ​បង្កើត​ឡើងនូវ​វប្បធម៌​សន្ទនា។​

តំណាង​រាស្ត្រ​របស់​បក្ស​កាន់​អំណាច​ដដែល​បាន​រៀបរាប់​យ៉ាង​ដូច្នេះ៖​

«បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ ​យើង​មាន​វប្បធម៌​សន្ទនា​ ​ហើយ​តែ​ជា​រៀង​រហូត​មក​គឺ យើង​តែង​តែ​មាន​ការ​ធ្វើ​បាតុកម្ម​រវាង​កម្មករ​ជាមួយ​នឹង​រោងចក្រ​សហជីព។​ ការ​ធ្វើ​បាតុកម្ម​ គ្រប់​បែបយ៉ាង​ទាំងអស់​ តាំងពី​អ្នក​មាន​ទំនាស់​ដីធ្លី​ ដែល​ជា​ការ​ជ្រៀត​ជ្រែក​មួយ​ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​ស្ថិត​នៅ​ក្នុង​ភាព​វឹក​វរ​ អស្ថិរភាព​ ​ហើយ​សួរ​ថា​ តើ​ពេលនោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​មាន​ផល​ប៉ះពាល់​យ៉ាងម៉េច?»​

អ្នកស្រី​ ឡោក​ ​ខេង​ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ ​បាន​ថ្លែង​បន្ត​ថា​ ​ហេតុ​ការណ៍​ ដែល​បាន​កើត​ឡើង​ទាំង​អម្បាល​មាណ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​រស់​ក្នុង​ទីក្រុង។​

«ជាពិសេស​បងប្អូន​នៅ​ទីក្រុង​ភ្នំពេញ​ ​បងប្អូន​បាន​ឃើញ​ពិត​ជាក់​ស្តែង​ នៅ​លើ​បរិការណ៍​ទាំងអស់​នេះ​ ហើយ​បងប្អូន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​អស់​នេះ​ក៏​ពិត​ជាបាន​ទទួល​រងគ្រោះ​ទាំង​កាយ​ ​ទាំង​ចិត្ត​ ទាំង​អារម្មណ៍​ ​គឺ​មាន​ការ​សម្លាប់​គ្នា​ច៎ា​ ហើយ​ទាំង​ផ្លូវ​ចិត្ត​ អត់​មាន​ហ៊ាន​ចេញ​ទៅណា​ទេ​ ​ពេល​នោះ​គឺ​ដោយ​សារ​អី គឺដោយ​សារ​បារម្ភ​នូវ​សន្តិសុខ​ ​សុវត្ថិ​ភាព។​ ​ហើយ​ប៉ះពាល់​ទាំង​សេដ្ឋ​កិច្ច​ទៅ​ទៀត​ ​អត់​មាន​អ្នក​ណា​ហ៊ាន​ចាយ​លុយ​ទេ​ ​អត់​ពី​ណា​ហ៊ាន​ទិញ​ដូរ​អី​ទេ»។​

អ្នកស្រី​ ​ឡោក​ ខេង តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ ​ដែល​ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៅ​រដ្ឋសភា​ បាន​ថ្លែង​បន្ត​ថា​ ​ពួកអមិត្ត​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​បាន​ព្យាយាម​បង្ក​ភាព​ចលាចល​ នៅ​ក្នុង​ប្រទេស​ ក្នុង​ឆ្នាំ២០១៣​ ​ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​ភិតភ័យ​ត្រៀម​វិច​បង្វិច​រត់​ចោល​ផ្ទះ។

យ៉ាងណា​មិញ​ ​ អ្នកស្រី​ ឡោក ខេង មិន​ភ្លេច​ពីការ​ជឿនលឿន​ក្នុងវិស័យ​ហិរញ្ញវត្ថុ​ ​ការ​ពារ​ជាតិ​ កិច្ច​ការ​អប់រំ​ និង​សុខាភិបាល​ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ទេ។​

ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ អ្នកស្រី​អះអាង​ថា ​ទុន​បម្រុង​របស់​ជាតិ​បាន​កើន​ប្រហែល​ជា​ ១០​ដងគិត​ចាប់​តាំង​ពីឆ្នាំ ​២០០៨​ ​ហើយ​ថា​ ​ចំណូល​ចរន្ត​បាន​កើន​ឡើង ​២​ដង​គិត​ពី​ឆ្នាំ ២០១៣ដល់​ពេល​ឆ្នាំ​២០១៨។​

អ្នកស្រី​បាន​បន្ត​សរសើរ​ថា​ ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ បាន​បង្កើន​ការ​ចំណាយ​លើ​យោធា​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ស្តារ​សមត្ថ​ភាព​ការពារ​បូរណភាព​ទឹកដី។​ ​សម្រាប់​វិស័យ​អប់រំ​ ​អ្នកស្រី​មាន​ប្រសាសន៍​ថា​ ថវិកា​ត្រូវ​បាន​បង្កើន​បី​ដង​ ដើម្បី​កសាង​ធនធាន​មនុស្ស​ និង​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​កំណើន​នៃ​សិស្ស​ទទួល​បាន​និទ្ទេស​ ​A ​ពី ៤០​នាក់​ទៅ​ដល់ ​៤០០​នាក់។ ​

អ្នកស្រី​ ឡោក ខេង​ សមាជិក​សភាមកពីគណបក្ស​ប្រជាជនកម្ពុជា​ថ្លែងកោតសរសើរ​ពីការ​រីក​ចម្រើន​ក្នុង​ប្រទេស​នារដ្ឋសភា កាលពីថ្ងៃទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​វិស័យ​សុខាភិបាល​ អ្នកស្រី​បាន​កត់​សម្គាល់​ថា​ មាន​កំណើន​ថវិកា​ចំនួន​ជាង ​២​ដង​កន្លះ​ ដើម្បី​រុញ​សេវា​សុខាភិបាល​ឲ្យ​ទៅ​កៀក​ប្រជា​ពលរដ្ឋ​ និង​ដើម្បី​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជាដើម។ ​ថ្លែង​ពី​វិស័យ​កសិកម្ម​វិញ​ ​អ្នកស្រី​ឡោក​ ខេង​ បាន​ពោល​ថា​ រដ្ឋាភិបាល​បាន​បង្កើន​ថវិកា​បី​ដង​ ដើម្បី​គាំទ្រ​តម្លៃ​ស្រូវ។​ អ្នកស្រី​អះអាង​ថា​ បច្ចុប្បន្ន​នេះ​ ​កម្ពុជា​មិន​មាន​វិបត្តិ​ស្រូវ​ទៀត​ទេ។​

ក្រៅ​ពី​វិស័យ​កសិកម្ម​ ​តំណាង​រាស្ត្រ​រូប​នេះ​ក៏​បន្ត​លើ​ដំកើង​ការ​អភិវឌ្ឍ​លើ​សំណង់​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះ៖

«តើ​សម័យ​ណា​ដែល​មាន​ផ្លូវ​ខ្វាត់ខ្វែង​ដល់​ជនបទ​ មាន​ផ្លូវ​ក្រោម​ដី​ ​មាន​ផ្លូវ​លើ​ដី​ មាន​ផ្លូវ​លើ​អាកាស?​ តើ​សម័យ​ណា​ដែល​មាន​ឯកភាព​ជាតិ​ខ្មែរ​តែមួយ​ ដែល​ពុំ​មាន​តំបន់​អបគមន៍ ដែល​ពុំ​មាន​ខ្មែរ​ស​ ខ្មែរ​ខៀវ​ ខ្មែរ​ស៊ីជម្ពូ?​ តើ​សម័យ​ណា​ដែលមាន​ស្ពាន​ឆ្លងកាត់​ទន្លេច្រើន​ជាង​សម័យនេះ?»។​

ការ​ប្រជុំ​ពេញអង្គ​របស់​សភា​ឯក​បក្ស​កម្ពុជា​ នា​ថ្ងៃ​សុក្រ​នេះ​ធ្វើ​ឡើង​គ្រា​ដែល​សហគមន៍​អន្តរជាតិ​បាន​គំរាម​ដក​ជំនួយ​ ​និង​កិច្ច​អនុ​គ្រោះ​ពន្ធ​ក្នុង​ការ​នាំចូល​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​ ក្រោយ​ពេល​តុលាការ​កំពូល​សម្រេច​រំលាយគណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។​ ​គេ​រំពឹង​ថា​ កៅ​អី​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​សរុប ​៥៥​នឹង​ត្រូវ​បែង​ចែក​ទៅ​ឱ្យ​គណបក្ស​ផ្សេងៗ ​ចំនួន​ ៥​ ​ដែល​មិន​ទទួល​បាន​កៅអី​សភា​កាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣។​

បើ​ទោះ​ជា​សភា​មាន​តែ​តំណាងរាស្ត្រ​ ៦៥​រូប​ក្នុង​ចំណោម​ចំនួន​សរុប​៦៨​រូប​របស់​គណបក្ស​កាន់​អំណាច​ចូល​រួម​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​ក៏​ច្បាប់​ស្តី​ពី​ថវិកា​ជាតិ​ឆ្នាំ ​២០១៨​ ត្រូវ​បាន​អនុម័ត​ផង​ដែរ​ ដោយ​មិន​ចាំបាច់​មាន​សំឡេង​ ៥០​បូក១​តាម​ច្បាប់​នោះ​ទេ។

ដើម្បី​ញ៉ាំង​ឱ្យ​មាន​ការ​ពិភាក្សា​ដេញដោល​លើ​គម្រោង​ចាយ​វាយ​ក្នុង​ឆ្នាំ​២០១៨​ ​លោក សួស យ៉ារ៉ា​ ​តំណាង​រាស្ត្រ​មួយ​រូប​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មណ្ឌល​ព្រះវិហារ​ ​បាន​បង្ហាញ​ពី​ចម្ងល់​ចំពោះ​ហានិភ័យ​ ​និង​បញ្ហា​ប្រឈម ដែល​អាច​កើត​តាម​ក្រោយ​នៃ​ការ​វិវត្ត​នយោបាយ​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​សួរ​លោក​អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ដែល​ជា​អ្នក​ការពារ​គម្រោង​ចាយ​វាយ​ឆ្នាំ​ ២០១៨ ​របស់​រដ្ឋាភិបាល។ លោក​បាន​សួរ​យ៉ាងដូច្នេះ​ថា៖​

«ដោយសារ​តែ​សភាព​ការណ៍​ ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ ​ទូទាំង​ប្រទេស​អំពី​ព្រឹត្តិ​ការណ៍​នៃ​ការ​វិវត្ត​នៃ​ផ្នែក​នយោបាយ​នោះ​ អីចឹង​វាធ្វើ​ឲ្យ​មាន​អ្នកនយោបាយ​ក្រៅច្បាប់​ ដើរឃោសនា​ អកុសល្យ​ ​ទីមួយ​គឺ​បិទ​ជំនួយ​មក​កម្ពុជា​ ទីពីរ​គឺ មិន​ឲ្យ​អន្តរជាតិ​ទិញ​ទំនិញ​កម្ពុជា។​ តើ​ហានិភ័យ​នេះ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ ប្រជា​ជន​កម្ពុជា?​ ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ថវិកា​ជាតិ​នៅ​ថ្ងៃ​អនាគត»។

លោក ​អូន ព័ន្ធមុនីរ័ត្ន​ បញ្ជាក់​ថា​ ​វឌ្ឍន​ភាព​នៃ​កម្ពុជា​ ​មិន​មែន​បាន​មក​ដោយ​មិន​មាន​បញ្ហា​នោះ​ទេ​ ពោល​គឺ ​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​វិបត្តិ​ហិរញ្ញ​វត្ថុក្នុង​តំបន់ និង​សកល​ យ៉ាង​ហោចចំនួន​ពីរ​ដង​ ទម្រាំ​រក្សា​បាន​កំណើន​សេដ្ឋ​កិច្ច​រឹងមាំមក​ដល់​ពេល​បច្ចុប្បន្ន។ ​លោក​បន្ត​ថា​ កម្ពុជា​បាន​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ជំនួយ​ផ្តល់​ពី​បរទេស​សម្រាប់​ការ​ចាយ​វាយ​ គឺ​ បន្ថយ​ពី​ ៧០​ភាគ​រយ​នៅ​ឆ្នាំ​១៩៩៥​ មក​នៅ ​២១,៤​ភាគរយ​នៅ​ឆ្នាំ២០១៧​ ហើយ​គេរំពឹង​ថា​ វា​នឹងថយ​ចុះ​មិន​ដល់​២០​ភាគ​រយ​ទេ​នៅឆ្នាំ​២០១៨​ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាពច្រើន​ឡើង​ខាង​ថវិកា។​ ​លោក​បន្ត​ថា​ ក្នុង​រយៈ​ពេល​ជាង ៤​ឆ្នាំ​កន្លង​មក​ ក្រោយ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ ​ប្រាក់​សន្សំ​របស់​រដ្ឋាភិបាល​បាន​កើន​ខ្ពស់គឺ ​មាន​ប្រហែល​ជាង​ ៨​ភាគរយ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (ផ.ស.ស.)។​ ​លោក​អះអាង​ថា កម្ពុជា​ក៏​មាន​ធនធាន​បម្រុង​របស់​រដ្ឋសម្រាប់​ធានា​ គ្រប់​គ្រង​សភាព​ការណ៍​នៅ​ពេល​មានវិបត្តិ​សេដ្ឋកិច្ច​ ឬ​ហិរញ្ញ​វត្ថុ។​

លោក​ អូន​ ព័ន្ឋមុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ថ្លែង​ការពារ​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ​ ឆ្នាំ​ ២០១៨​ នៅក្នុង​រដ្ឋសភា​ កាលពីថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA)

ពាក់​ព័ន្ធ​នឹង​សម្ពាធ​ហិរញ្ញវត្ថុ​ពី​ខាង​ក្រៅ​ប្រទេស​ដែល​អាច​កើត​មាន​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​លោក​អូន​ ព័ន្ធមុនីរ័ត្ន​និយាយ​ថា៖​

«ខ្ញុំ​ បើ​សិន​ជា​បញ្ហា​ហ្នឹង​ ​ឧបមា​ថា​ វា​នឹង​កើត​មាន​ឡើង​ចុះ​ ខ្ញុំ​ក៏​ពិបាក​នឹង​ឆ្លើយ​ដែរ។ ​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ថា ​តើ​វា​កើត​មាន​ឡើង​ ឬ​អត់?​ ខ្ញុំ​គ្រាន់​តែ​អាច​ចង់​បញ្ជាក់​ថា​ អញ្ចេះ​ថា​ នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​អន្តរជាតិ​ជា​រួម​ ការ​សម្រេច​របស់​ប្រទេស​នីមួយៗ​ ប្រហែល​ជា​មិន​សម្រេច​ ដោយ​ផ្អែក​លើ​អារម្មណ៍​ទេ​ គេ​សម្រច​ការងារ​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ ដែល​ជា​ទំនាក់​ទំនង​ និង​ផល​ប្រយោជន៍​ជាក់​ស្តែង​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ និង​ប្រទេស»។​

សម្ពាធ​ពី​អន្តរជាតិ​ ហាក់​មិន​មែន​បញ្ហា​សំខាន់​ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នោះ​ទេ​ ព្រោះ​ថា​ ​រដ្ឋាភិបាល​ប្រទេស​និមួយៗ​មាន​ការ​ពិចារណា​ល្អិតល្អន់​មុន​នឹងចាត់​វិធានការ​ណា​មួយ​ ដើម្បី​ភាព​រកាំរកូស​នៃ​ទំនាក់​ទំនង​នានា។​ លោក​អូន ព័ន្ធមុនីរ័ត្ន ពន្យល់​ថា​ បញ្ហា​សំខាន់​នោះគឺ​ ស្ថិត​នៅ​ត្រង់​សមត្ថភាព​នៃ​ការ​ដឹកនាំ​ ដែល​ជា ​គន្លឹះ​សម្រាប់​ទប់​ទល់​ក្នុង​ដោះស្រាយបញ្ហា​ប្រឈម​នានា។

«ប៉ុន្តែ​រឿង​ទាំងអស់​ហ្នឹង​ជា​រឿង​មួយ។​ អ្វី​ដែល​សំខាន់គឺ​ សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ នៅ​ក្នុង​ការ​ដឹកនាំ​ និង​ការ​ធានា​នូវ​ដំណើរ​ទៅមុខ​របស់​យើង​ ដើម្បី​ឆ្លង​កាត់ការ​លំបាក​ បញ្ហា​ប្រឈម​ ដែល​ខ្ញុំ​ថា​ អាកាស​ធាតុ​មិន​ល្អ​បាទ»។​

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​គេ​ឃើញ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ យូរៗ​ម្តង​ បាន​ចូល​រួម​ការ​ប្រជុំ​អនុម័តសេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ តែ​មិន​ដែល​ផ្តល់​សេចក្តី​យល់​ព្រម​លើ​ច្បាប់​ថវិកា​ជាតិ​នោះ​ឡើយ​ ​ដោយ​ហេតុ​កង្វះ​តម្លាភាព​ និង​បញ្ហា​មិន​ប្រក្រតី​នានា​ក្នុង​ការ​ចាយ​វាយ ​និង​ខ្ចី។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ​អ្នកស្រី​ ​ឡោក ខេង​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​អង្គ​ប្រជុំ​សភា​ថា​ ​រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​មិន​ត្រឹមតែ​ទៅលើ​ការ​រក្សា​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នោះ​ទេ​ តែ​ថែម​ទាំង​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​ និង​កង​កម្លាំង​ប្រដាប់​អាវុធ។​ ជាង​នេះ​ទៅទៀត​ ​រដ្ឋាភិបាល​បាន​រួម​ចំណែក​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​ និង​ជួយ​បន្ធូរ​បន្ថយ​ថ្លៃ​ចំណាយ​ផ្សេងៗ​របស់​កម្មករ ដូច​ជា​ថ្លៃ​ទឹក​ភ្លើង ការ​ព្យាបាល​ជំងឺ​ ​និង​ប្រាក់​ឧបត្ថម្ភ​ក្នុង​ពេល​សម្រាល​កូន​ ក៏​ដូច​ជា​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

ក្រុម​អ្នក​សង្កេត​ការណ៍​ថ្លែង​ថា​ ​ការ​ប្រឹង​ប្រែង​ជួយ​ទំនុក​បម្រុង​ និង​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ ​និង​ការ​កែ​ទម្រង់​ជាច្រើន​ទៀត​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ កើត​មាន​ឡើង​ ក្រោយ​ការ​កើន​ឡើង​ខ្លាំង​នៃ​សំឡេង​ក្រុម​ជំទាស់​ ដែល​បាន​ផ្តល់​ការ​សន្យាជា​ច្រើន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ​២០១៣ ​រួមមាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ និង​ការ​កែ​ទម្រង់​វិស័យ​សេដ្ឋកិច្ច​ និងសង្គម​កិច្ច​ ​ហើយ​និង​ការ​ពង្រឹង​សេវា​សាធារណៈជា​ច្រើន​ទៀត។​

ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​១៧០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨​ក៏​បាន​ធ្វើឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា​ ​ជា​បន្ត​បន្ទាប់។​ តួយ៉ាង​ កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​ ​បាតុកម្ម​ទាម​ការ​តម្លើង​ប្រាក់​ឈ្នួល​អហិង្សា​មួយ​ក្បែរ​ផ្លូវ​វេង​ស្រេង​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងទ័ព៩១១​ ដែល​ជិតដិត​ និង​លោក​ ​ហ៊ុន សែន​ ​បណ្តាល​ឱ្យ​កម្មករ​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕​