តុលាការខ្មែរក្រហមដែលកំពុងធ្វើការកាត់ទោសមេដឹកនាំកំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃអំពើសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បានសម្រេចបំបែកសំណុំរឿងរបស់អ្នកស្រី អ៊ឹម ចែម ហៅ យាយចែម ចេញពីសំណុំរឿង០០៤ ដែលមានកម្មាភិបាលខ្មែរក្រហម ឱ អាន ហៅ តា អាន និង យឹម ទិត ហៅ តាទិត។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់ VOA នៅថ្ងៃពុធថា ទាំងសហចៅក្រមភាគីជាតិ និងអន្តរជាតិបានធ្វើការសម្រេចនេះរួមគ្នា។ លោកឲ្យដឹងថា សំណុំរឿងរបស់លោកស្រី អ៊ឹម ចែម ត្រូវបានបំបែកជាសំណុំរឿង០០៤/០១។
«ហើយការបំបែកគឺមានសារៈប្រយោជន៍ទីមួយ ដោយសារតែគេមិនអាចរង់ចាំរហូតទៅដល់ការស៊ើបអង្កេតបញ្ចប់ទៅលើជនសង្ស័យពីររូបផ្សេងទៀតទេ។ នៅក្នុងសំណុំរឿង០០៤ហ្នឹង គឺមាន ឱ អាន និង យឹម ទិត ដែលកំពុងឋិតនៅក្រោមការស៊ើបអង្កេត»។
អ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារូបនេះបានបន្ថែមថា ការបំបែកសំណុំរឿងនេះធ្វើឡើង ដើម្បីផលប្រយោជន៍យុត្តិធម៌សម្រាប់ជនរងគ្រោះ និងធានាសិទ្ធិជនត្រូវចោទក្នុងការដឹងអំពីបទចោទប្រកាន់ ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការពារខ្លួនក្នុងដំណើរការយុត្តិធម៌។
លោកបន្ថែមថា សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិសម្រេចបំបែកសំណុំរឿងរបស់អ្នកស្រី អ៊ឹម ចែម គណៈស្រុកព្រះនេត្រព្រះសម័យខ្មែរក្រហម ចេញពីជនសង្ស័យពីរនាក់ទៀត ព្រោះការស៊ើបអង្កេតករណីរបស់អ្នកស្រីបានបញ្ចប់ហើយ ហើយតុលាការបានជូនដំណឹងតាំងពីថ្ងៃទី១៨ ខែឆ្នូឆ្នាំមុខ។ លោកបន្ថែមថា ករណីរបស់អ្នកស្រី អ៊ឹម ចែម ដែលបានបញ្ចប់ការស៊ើបអង្កេតហើយនោះ មិនអាចទុកឲ្យនៅជាមួយករណីរបស់ ឱ អាន និង យឹម ទិត ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនោះទេ។
លោក ឡាត់ គី មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលឃ្លាំមើលដំណើរការកាត់ទោសខ្មែរក្រហម បានសម្តែងការគាំទ្រចំពោះការស្រុះស្រួលរបស់ភាគីជាតិ និងអន្តរជាតិនៃសាលាក្តីនេះ ដែលកន្លងមកតែងតែខ្វែងគំនិតគ្នាក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤នេះ។
«ការបំបែកសំណុំរឿងជាវគ្គៗអញ្ចឹង ខ្ញុំយល់ឃើញថា វាជាពន្លឺវិជ្ជមានមួយដែលសាលាក្តីខ្មែរក្រហមនេះនឹងរួតរះនៅក្នុងការបង្ហាញមុខជូនសាធារណជនជាផ្លូវការនូវជនសង្ស័យ ដែលមានឋានៈជាជនជាប់ចោទនៅក្នុងសំណុំរឿងនេះ»។
លោក ឡាត់ គី សង្កេតឃើញថា ការខ្វែងគំនិតគ្នារវាងភាគីជាតិ និងភាគីអន្តរជាតិចំពោះសំណុំរឿងបន្ថែម០០៣ និង០០៤ នៅតែមាន ហើយការសម្រេចបំបែកសំណុំរឿងនេះនៅត្រូវមានការសម្រេចរបស់តុលាការកំពូលទៀត។
«ធម្មតាការខ្វែងគំនិតគ្នា បើគ្មានយុទ្ធសាស្ត្រក្នុងការបំបែកសំណុំរឿងនេះទេ លទ្ធផលចុងក្រោយនឹងធ្វើឲ្យសាធារណជន ជាពិសេសដើមបណ្តឹងរដ្ឋប្បវេណីមានការអស់សង្ឃឹមទៅលើចំណាត់ការរបស់សាលាក្តីមួយនេះ បាទ»។
VOA បានព្យាយាមទាក់ទងអ្នកស្រី អ៊ឹម ចែម តាមទូរស័ព្ទដែលគាត់ធ្លាប់ប្រើ តែមិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ។
ទោះជាយ៉ាងណាក្តី ពេល VOA បានទៅជួបសម្ភាសន៍អ្នកស្រី អ៊ឹម ចែម នៅផ្ទះរបស់អ្នកស្រីនៅស្រុកអន្លង់វែង កាលពីឆ្នាំ២០១៥នោះ គណៈស្រុកព្រះនេត្រព្រះសម័យខ្មែរក្រហមរូបនេះបានបដិសេធការចោទប្រកាន់របស់តុលាការ។
«ខ្ញុំងាកមកខ្វល់ខ្វាយពីរឿងអ្នកដែលរាយការណ៍ចោទខ្ញុំវិញ។ មិនដឹងជាឈ្មោះណាមួយដែលចោទប្រកាន់ខ្ញុំហ្នឹង....ចោទខ្ញុំហ្នឹង។ រឿងសុទ្ធតែជារឿងអាយុជីវិត ហើយពាក់ព័ន្ធខាងនយោបាយ។ ហើយខុសពីការអនុវត្ត ការប្រព្រឹត្តិរបស់ខ្ញុំ ផ្ទុយគ្នាស្រឡះដូចមេឃនឹងដី»។
ដូចគ្នានេះផងដែរ នៅផ្ទះរបស់លោកនៅស្រុកកំរៀង ខេត្តបាត់ដំបង លោក ឱ អាន ហៅ តា អាន អនុគណៈតំបន់មជ្ឈិមសម័យខ្មែរក្រហម បានបដិសេធ ដោយបង្ហាញសេចក្តីក្លាហានដែលបង្កប់ដោយកំហឹង។
«បច្ចុប្បន្ននេះក៏ខ្ញុំអត់ភ័យនឹងតុលាការទេ។ ពេលអនាគតទៅទៀត ពេលខ្ញុំស្លាប់ ក៏ខ្ញុំអត់ភ័យហ្នឹងយមបាល។ ខ្ញុំអត់ភ័យទេ! បុណ្យឥឡូវខ្ញុំធ្វើ។ សិល៍ខ្ញុំកាន់។ ពីមុនមក ខ្ញុំអត់មានកាប់សម្លាប់ ខ្ញុំខ្លាចយមបាល?»
ដោយឡែកនៅថ្ងៃពុធនេះដែរ តុលាការកាត់ទោសខ្មែរក្រហមបានបន្តបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០១របស់ នួន ជា អគ្គលេខាធិការរងនៃបក្សកុម្មុយនិស្តកម្ពុជារបស់ពួកខ្មែរក្រហម និង ខៀវ សំផន ប្រមុខរដ្ឋសម័យកម្ពុជាប្រជាធិបតេយ្យនេះ។
តុលាការសាលាដំបូងសាលាក្តីខ្មែរក្រហមបានកាត់ទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជីវិតកាលពីដើមខែសីហា ឆ្នាំ២០១៤ ក្រោមបទសហឧក្រិដ្ឋកម្មរួម សម្រាប់ការជម្លៀសប្រជាជន និងការសម្លាប់រង្គាល។ នួន ជា និង ខៀវ សំផន ជាមេដឹកនាំកំពូលពីរនាក់គត់ ដែលនៅរស់ ហើយត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋប្រល័យពូជសាសន៍។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីនេះ បានឲ្យដឹងថា សវនាការបណ្តឹងសាទុក្ខរយៈពេល៣ថ្ងៃនេះនឹងបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈនេះ។ លោកឲ្យដឹងថា សាលក្រមសម្រាប់បណ្តឹងសាទុក្ខនេះរំពឹងថា នឹងចេញនៅចុងឆ្នាំ២០១៦នេះ៕