សំណុំ​រឿង​០០៤ ត្រូវ​បាន​​បញ្ចូល​ក្នុង​បណ្ណាសារ​ឥត​ចាត់​ការ​បន្ត ក្រោយ​តុលាការ​កំពូល​សម្រេច​បិទ​បញ្ចប់

រូបឯកសារ៖ រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញសហព្រះរាជអាជ្ញាជាតិអ្នកស្រី ជា លាង និងសហព្រះរាជអាជ្ញាអន្តរជាតិ Brenda Hollis នៅក្នុងដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សំណុំ​រឿង​០០៤ ពាក់​ព័ន្ធ​នឹង​ជនជាប់​ចោទ​ យឹម ទិត្យ ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​បណ្ណសារ ដោយ​ឥត​ចាត់ការ​បន្ត​ទៀត​ឡើយ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​តុលាការ​កំពូល​នៃ​សាលា​ក្តី​កូន​កាត់​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សហប្រជាជាតិ​ បាន​សម្រេច​បដិសេធ​សំណើ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេតអន្តរជាតិ ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ ដោយ​សារ​តុលាការ​កំពូលផ្តល់​ហេតុផល​ថា​គ្មានដីការ​បញ្ចូន​រឿង​នេះ​ទៅ​ជំនុំជម្រះ​ស្ថាពរ​ដែល​អាច​អនុវត្ត​បាន។

លោក យឹម ទិត្យ​ អតីត​លេខា​តំបន់​១៣​ ក្នុង​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ បទ​ប្រល័យ​ពូជសាសន៍ បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩។

ជន​ជាប់​ចោទ​រូប​នេះ ស្ថិត​ក្នុង​សំណុំ​រឿង​ចុង​ក្រោយ​គេ​បង្អស់​មួយ​ ដែល​សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​សម្រេច​បញ្ចប់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២១​នេះ។

ក្រៅ​ពី​សំណុំ​រឿង​០០៤​នេះ និង​សំណុំ​រឿង​០០៣​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​បញ្ចូល​ក្នុង​បណ្ណាសា​ដូច​គ្នា​នេះ​ដែរ សាលាក្តី​ខ្មែរ​ក្រហម នៅ​កំពុង​ដំណើរការ​លើ​នីតិវិធី​ក្នុង​សំណុំ​រឿង​ចុងក្រោយ​មួយ​ទៀត​គឺ​០០២ ពាក់ព័ន្ធ​នឹង​លោក ខៀវ សំផន ដែលតុលាការ​កំពូល​គ្រោង​នឹង​បញ្ចប់នៅ​ត្រឹម​ចុង​ឆ្នាំ​២០២២។ នេះ​បើ​ផ្អែក​តាម​កាលវិភាគ​នៃ​គម្រោង​បញ្ចប់​ដំណើរការ​នីតិវិធី​របស់​សាលាក្តី​នេះ៕