ក្រុមប្រទេសម្ចាស់ជំនួយបានអនុម័តកញ្ចប់ថវិកាចំនួនជិត៣៤លានដុល្លារអាមេរិកសម្រាប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅក្នុងឆ្នាំ២០១៥នេះ ក៏ប៉ុន្តែក្រុមអ្នកដឹកនាំសាលាក្តីខ្មែរក្រហមបន្តអំពាវរកជំនួយមូលនិធិបន្ថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមនៅរសៀលថ្ងៃអង្គារនេះក្នុងចំណោមកញ្ចប់ថវិកាដែលត្រូវអនុម័តសរុបចំនួន៣៣,៨លានដុល្លារអាមេរិក គឺ២៧,១លានដុល្លារសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការផ្នែកភាគីអន្តរជាតិនិង៦,៧លានដុល្លារសម្រាប់ភាគីជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាកាលពីឆ្នាំ២០១៤ក្រុមប្រទេសម្ចាស់ជំនួយបានអនុម័តនូវកញ្ចប់ថវិកាចំនួន ២៧,៨ លានដុល្លារអាមេរិកនៅក្នុងនោះ២១,៧សម្រាប់ភាគីអន្តរជាតិនិង៦,១លានដុល្លារសម្រាប់ភាគីកម្ពុជានៅក្នុងសាលាក្តី។
លោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនិងលោកឃ្នុត រ៉ូហ្សិនហក អនុប្រធានរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលគេស្គាល់ថាជាសាលាក្តីខ្មែរក្រហមបានអំពាវនាវស្វែងរកថវិកាពីប្រទេសម្ចាស់ជំនួយបន្ថែមទៀត«ដើម្បីធានាដល់ដំណើរការនីតិវិធីរបស់តុលាការឲ្យប្រព្រឹត្តទៅដោយគ្មានភាពរអាក់រអួល»ផ្នែកថវិកា។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថាគម្រោងថវិកាដែលអនុម័តដោយក្រុមប្រទេសម្ចាស់ជំនួយនេះមិនទាន់មានសាច់ប្រាក់គ្រប់គ្រាន់នៅឡើយ។
«គម្រោងថវិកាដែលអនុម័តដោយប្រទេសម្ចាស់ជំនួយនេះគ្រាន់តែជាតួលេខតែប៉ុណ្ណោះ ចំណែកឯសាច់ប្រាក់គឺយើងមិនទាន់មានគ្រប់នៅឡើយទេ»។
យោងតាមមន្ត្រីអ្នកនាំពាក្យដដែលឲ្យដឹងថាក្នុងចំណោមថវិកាចំនួន៦,៧លានដុល្លារសម្រាប់ភាគីជាតិក្នុងឆ្នាំ២០១៥ទើបមានថវិកាពីរាជរដ្ឋាភិបាលកម្ពុជាដែលសន្យាចំនួន៤,១លានដុល្លារសម្រាប់បើកប្រាក់ខែដល់បុគ្គលិកកម្ពុជានិងសម្រាប់ធានាដល់កិច្ចប្រតិបត្តិការទូទៅ។ដូច្នេះភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហមនៅខ្វះថវិកាចំនួន២,៦លានដុល្លារអាមេរិកទៀត។
ហើយភាគីកម្ពុជាអាចនឹងអស់ថវិកានៅដំណាច់ខែមិថុនាខាងមុខនេះ។
ដោយឡែកខាងភាគីអន្តរជាតិទំនងជានឹងមិនមានបញ្ហាផ្នែកកង្វះថវិកានោះសម្រាប់ឆ្នាំ២០១៥នេះ។
ភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហមតែងតែជួបកង្វះថវិការៀងរាល់ឆ្នាំដោយសារការផ្តល់ជំនួយពីសហគមន៍អន្តរជាតិមិនបានទាន់ពេលវេលា។ដំណាលគ្នានោះក៏មានការជំរុញឲ្យភាគីកម្ពុជាបង្កើតទំហំថវិការបស់ខ្លួនសម្រាប់បំពេញប្រតិបត្តិការក្នុងសាលាក្តីខ្មែរក្រហមផងដែរ។
សាលាក្តីខ្មែរក្រហមចាប់ដំណើរការចាប់តាំងពីដើមឆ្នាំ២០០៦មកម្ល៉េះ។រហូតមកទល់ពេលនេះឌុច អតីតប្រធានគុកទួលស្លែងឬមន្ទីរសន្តិសុខស ២១ ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ហើយត្រូវផ្ទេរទៅដាក់ឃុំឃាំងក្នុងគុកនៃខេត្តកណ្តាល។
រីឯនួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមដែលជាមេដឹកនាំខ្មែរក្រហមកំពូលតែពីរនាក់គត់កំពុងស្ថិតក្នុងការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២។ ជនជាប់ចោទទាំងពីរត្រូវកាត់ទោសក្នុងសំណុំរឿងដដែលនេះក្នុងវគ្គទី១ហើយត្រូវផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។
ចាប់តាំងពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១៤ សាលាក្តីខ្មែរក្រហមបានចំណាយថវិកាអស់ចំនួន២០៤,៥លានដុល្លារអាមេរិក។ក្នុងនោះភាគីជាតិចំណាយអស់៤៩,៦លានដុល្លារនិងភាគីអន្តរជាតិអស់១៥៤,៩លានដុល្លារអាមេរិក៕