សាលា​ក្តី​ខ្មែរ​ក្រហម​ចាត់តាំង​​មេធាវី​បរទេស​មួយ​រូប​ឱ្យ​ នួន ជា ​ជំនួស​ឱ្យ​មេធាវី​ ​វ៉ិកទ័រ​ កូប៉េ​ ​ដែល​ត្រូវ​បាន​បញ្ឈប់

រូបឯកសារ៖ ទេសចរ​ម្នាក់​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។ (Reuters)

បន្ទាប់ពី​អតីត​សហ​មេធាវី​បរទេស​ ដែល​តំណាង​ឲ្យ​លោក ​​នួន ជា​ ​តាំង​ពី​សំណុំ​រឿង​០០២/០១​​ដល់​​០០២/០២​​​ត្រូវ​បាន​បញ្ចប់​កិច្ច​សន្យា​​ដោយសារ​​គណៈ​មេធាវី​កម្ពុជា​លុប​ឈ្មោះ​មិន​ឲ្យ​បំពេញ​​ការងារ​នៅ​កម្ពុជា​នោះ​  ​នៅ​ថ្ងៃពុធ​នេះ​ ​សាលា​ក្តី​ខ្មែរ​​ក្រហម​បាន​ប្រកាស​សមាសភាព​សហ​មេធាវី​បរទេស​មួយ​រូប​​ថ្មី​ជំនួស​លោក វ៉ិកទ័រ កូប៉េ​​ គឺ​អ្នកស្រី ​​ដូរីន ឆិន។

លោក​ នួន ជា​ ​អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​របប​ខ្មែរ​ក្រហម​ ​ទទួល​បាន​សហ​មេធាវី​បរ​ទេស​ថ្មី​គឺ​អ្នកស្រី ដូរីន ឆិន ធ្វើ​ជា​តំណាង​ ​បន្ទាប់​ពី​មេធាវី​បរទេស​ចាស់​គឺ​លោកវ៉ិកទ័រ កូប៉េ​ត្រូវបាន​បញ្ឈប់។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​គាំពារ​ការ​ការពារ​ក្តី(អ.គ.ក.)នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) ​ចេញ​នៅ​ថ្ងៃទី​២៣​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ ​បញ្ជាក់​ថា ​អង្គ​ភាព​គាំពារ​ការ​ការពារ​ក្តី​បាន​ចាត់​តាំងលោកស្រី ដូរីន ឆិន ​Doreen Chen​ ​ជនជាតិ​អូស្រ្តាលីឲ្យ​ធ្វើ​ជា​សហ​មេធាវី​បរទេស​ថ្មី​តំណាង​លោកនួន ជា​ ​ក្នុង​សំណុំរឿង​ ​០០២/០២។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​នោះ​បន្ថែម​ថា​ អ្នកស្រី​ដូរីន ឆិនគឺ​ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​ជាក់​ស្តែង​ដ៏​ទូលំ​ទូលាយ​ ​ផ្តោតលើការ​ធ្វើ​ជា​តំណាង​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​និង​សហគមន៍​ដែល​ងាយ​រង​គ្រោះ​នៅ​ទ្វីបអាស៊ី​ ​រួមទាំង​ផ្នែក​យន្តការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​បំពេញ​មុខងារ​ជា​រដ្ឋ​អាជ្ញា​នាំ​មុខ​នៅ​តុលាការ​ប្រជាជន​អចិន្ត្រៃយ៍​ស្តីពី​ប្រទេស​ភូមា។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«លោកស្រី​ដូរីន ឆិន​នឹង​បំពេញ​ភារកិច្ច​រួមគ្នា​ជាមួយ​សហ​មេធាវី​ជាតិលោកសុន អរុណ​ដើម្បី​ធ្វើ​ជា​តំណាង​លោកនួន ជា ​នៅ​ចំពោះ​មុខ​អ.វ.ត.ក.។​ ចំពោះ​ការ​ចាត់​តាំង​នេះ​ ​អ.គ.ក.​បាន​ពិចារណា​អំពី​ការ​យល់ព្រម​ទទួល​យក​សោយលោកនួន ជា និង​ការ​លះបង់​សិទ្ធិ​លើ​ទំនាស់​ផល​ប្រយោជន៍​ដែល​អាច​យក​មក​អនុវត្ត​បាន»។​

អតីត​សហ​មេធាវី​បរទេស​ដែល​តំណាង​ឲ្យ​លោក​នួន ជា​តាំង​ពី​សំណុំ​រឿង​ ​០០២/០១​ដល់​០០២/០២​គឺ​លោក ​វ៉ិកទ័រ កូប៉េ ​មាន​សញ្ជាតិ​ហូឡង់។​ ​យ៉ាងណា​ក្តី​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការផ្លាស់​ប្តូរ​សហ​មេធាវី​បរទេស​ដែល​តំណាង​ឲ្យ​លោកនួន ជា​ ​នោះ​ទេ។

​VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកនេត្រ ភក្រ្តា​ ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃពុធ​នេះ​ មិន​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

បើតាម​លិខិត​មួយ​ច្បាប់​របស់​លោក Isaac Endeley​ ​ប្រធាន​អង្គភាព​គាំពារ​ការ​ការពារក្តី​ ​ផ្ញើរ​ជូន​លោក វ៉ិកទ័រ កូប៉េ ​ចេញ​កាល​ពី​ថ្ងៃទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ​លោកIsaac Endeley ​បាន​ជូនដំណឹង​ពី​ការបញ្ចប់​កិច្ចសន្យា​លែង​ឲ្យ​លោកវ៉ិកទ័រផ្តល់​សេវា​ផ្នែក​ច្បាប់​ធ្វើ​ជា​តំណាង​លោក នួន ជា នៅ​សាលាក្តី​ខ្មែរ​ក្រហម ចាប់​ពី​ថ្ងៃទី​១១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨តទៅ។ លិខិត​ដែល​បង្ហោះ​លើ​គេហ​ទំព័រ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដដែល​នោះ​ លោក​ ​Isaac Endeley ​បាន​បញ្ជាក់​ពី​មូលហេតុ​ថា ​ការ​បញ្ចប់​កិច្ច​សន្យា​នេះ​គឺ​ធ្វើ​ឡើង​ដោយសារ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​សម្រេច​ដក​ឈ្មោះលោកវ៉ិកទ័រ​ចេញ​ពី​បញ្ជី​មេធាវី​បរទេស​ដែល​ប្រកប​វិជ្ជាជីវៈ​នៅ​ក្នុង​តុលាការ​កម្ពុជា។​

សេចក្តី​សម្រេច​របស់​គណៈ​មេធាវី​កម្ពុជា ចេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៨​បញ្ជាក់​ថា ​គណៈ​មេធាវី​កម្ពុជា​សម្រេច​ដាក់​សហមេធាវី​អន្តរជាតិ​លោក​វ៉ិកទ័រ កូប៉េ​ឲ្យ​នៅ​ក្រៅ​បញ្ជី​នៃ​សមាជិក​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៩ ​ខែ​សីហា​ឆ្នាំ​២០១៨​តទៅ។ ​សេចក្តី​សម្រេច​នោះ​បាន​បញ្ជាក់​ពី​មូលហេតុ​ថា ​លោកវ៉ិកទ័រ​មិនមាន​ការ​ទទួល​ស្គាល់​ជា​មេធាវី​នៅ​ប្រទេស​ដើម​របស់​លោកចាប់​តាំង​ពី​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​២០១៦ ​មាន​ន័យ​ថា ​លោក​ធ្វើ​ខុស​នឹង​លក្ខន្តិកៈ​របស់​គណៈ​មេធាវី​កម្ពុជា។​

កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(អ.វ.ត.ក.)បានកាត់​ទោស​អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​គឺ​លោក​នួន ជា​ ​និង​លោក​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​ឬ​ខ្មែរក្រហម​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ជា​លើក​ទី២​ ​ក្នុង​សំណុំ​រឿង​០០២/០២​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជនជាតិ​ចាម​ ​និង​វៀតណាម​ ​ពុទ្ធ​សាសនិក​ជន​ក្នុងរបប​ដ៏​ខ្មៅ​ងងឹត​នោះ។​

កាល​ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ​លោក​ នួន​ ​ជា​ ​និង​លោក​ ខៀវ​ ​សំផន ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ម្តង​រួច​មក​ហើយពាក់ព័ន្ធ​នឹង​សំណុំរឿង​០០២/០១ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។​

សាលាក្តី​ខ្មែរ​ក្រហមត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ​កាល​ពី​ឆ្នាំ​២០០៦។ ​រហូត​ដល់​ឆ្នាំ​២០១៧​ ​សាលា​ក្តី​ខ្មែរ​ក្រហមបាន​ចំណាយ​ថវិកា​អស់​២៩៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែលបានពី​រដ្ឋាភិបាល​កម្ពុជា​ ​និង​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ផ្សេងៗ​ ក្នុង​នោះ​ប្រទេស​ជប៉ុន​ ​ជា​ម្ចាស់​ជំនួយ​ធំជាង​គេគឺ​ស្មើ​នឹង​ប្រមាណ​ជា​២៩​ភាគរយ​នៃ​ថវិកា​សរុប។​

អំឡុង​ពេល​ដំណើរការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មកនោះ​ ​ក្រៅ​ពីលោក ​នួន ជា និង​លោក​ ​ខៀវ សំផន ​តុលាការ​នេះ​បាន​ឃុំ​ខ្លួន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​គឺ កាំង​ ​ហ្គេចអ៊ាវ​ ​ហៅ​ឌុច​ ​អតីត​ប្រធាន​មន្ទីរ​ស​២១​ ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០១​ ​ចំណែក​លោក​អៀង​ សារី​ និងអ្នកស្រិ​អៀង​ ធីរិទ្ធ​ ស្លាប់​ក្នុង​ពេល​ដំណើរការ​កាត់ទោស​ក្នុង​ឆ្នាំង​២០១៥។​

សាលាក្តី​ខ្មែរក្រហម​ដែល​មាន​ការ​ចូល​រួម​សវនាការ​ពី​ចៅ​ក្រម​អន្តរជាតិ​ផង​នោះ​ ​បាន​គ្រោង​ចាត់ការ​កាត់​ក្តី​សំណុំរឿង​០០៣​ ​និង​០០៤​ ​ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់ក្រោម​ ​ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​ប៉ុន្តែ​ដំណើរការ​នេះ​ហាក់​មាន​ភាព​ចម្រូង​ចម្រាស​ដោយ​សារ​មាន​ការ​ខ្វែងគំនិត​គ្នា​រវាង​ចៅក្រម​ជាតិ​ ​និង​ចៅក្រម​អន្តរជាតិ៕