សាលាក្តីខ្មែរក្រហមបានតែងតាំងចៅក្រមបរទេសមួយរូបនិងសហព្រះរាជអាជ្ញារងអន្តរជាតិបម្រុងមួយរូប បំពេញកន្លែងដែលបានទំនេរតាំងពីដើមឆ្នាំ២០១៥និង២០១៣។
លោក អូលីវីយ៉េ បូវ៉ាល់ឡេ ជាជនជាតិបារាំងត្រូវបានតែងតាំងជាចៅក្រមអន្តរជាតិថ្មីនៅអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជំនួសលោកចៅក្រមចាងហូ ជុង ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈឆ្នាំ២០១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីនៅថ្ងៃអង្គារនេះ។
លោកស្រីប្រេនដា ហូលីស ជាជនជាតិអាមេរិកាំងក៏ត្រូវបានតែងតាំងជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងដែលជាកន្លែងទំនេរតាំងពីឆ្នាំ២០១៣មក។
សាលាក្តី បានឱ្យដឹងថាលោកស្រី ហូលីស ធ្លាប់បម្រើការងារជារដ្ឋអាជ្ញានៅតុលាការពិសេសសម្រាប់ប្រទេសសេរ៉ាឡេអូន ហើយក៏មានបទពិសោធន៍ ជារដ្ឋអាជ្ញាជាន់ខ្ពស់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីផងដែរ។
តុលាការកូនកាត់ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិកំពុងតែកាត់ក្តីសំណុំរឿងលេខ០០២វគ្គ២ ដែលមានជនជាប់ចោទចំណាស់ៗពីររូប គឺ នួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហម និងខៀវ សំផន អតីតប្រមុខរដ្ឋដែលមានតែឈ្មោះ។
មានរឿងចម្រូងចម្រាសកំពុងកើតមានឡើងទាក់ទងនឹងសំណុំរឿងបន្ថែម០០៣និង០០៤ដែលប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថាអាចនឹងប៉ះពាល់ដល់ស្ថិរភាពប្រទេសបើសាលាក្តីនេះមានះបន្តការកាត់ទោស៕