សហភាព​អឺរ៉ុប​បន្ត​រំឭក​​កម្ពុជា​ឱ្យ​កែលម្អ​ស្ថានភាព​ប្រជាធិបតេយ្យ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ជួប​ពិភាក្សាជាមួយ​លោក Josep Borrell Fontelles តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចកា​របរទេស ​និង​គោលនយោបាយ​សន្តិសុខ​របស់​​គណៈកម្មការ​អឺរ៉ុប​ នៅថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ អេស្ប៉ាញ។ (រូបភាព​ហ្វេសប៊ុក​របស់​ក្រសួង​ការបរទេស​កម្ពុជា)

សហភាពអឺរ៉ុប​បន្ត​រំលឹក​ដល់​ប្រទេស​កម្ពុជាឱ្យ​កែលម្អស្ថានការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​ក្នុង​ខណៈពេល​ដែល​គណៈកម្មការ​នៃ​បណ្តាប្លុក​ប្រទេស​ដ៏ធំ​នៅ​អឺរ៉ុបនេះ​កំពុង​តែ​ពិចារណា​ជាចុងក្រោយ​ពីការដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ប្រទេស​កម្ពុជា។​

លោក​ចូសិប បូររែល ហ្វុនតេលលេ (Josep Borrell Fontelles) តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចកា​របរទេស ​និង​គោល​នយោបាយ​សន្តិសុខ ​និង​ជា​អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បានក្រើន​រំលឹក​ដូច្នេះ​នៅ​ក្នុង​ជំនួប​ផ្លូវការមួយ​ជាមួយ​នឹង​លោក​ប្រាក់​ សុខុនរដ្ឋ​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ក្នុងទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃ​អាទិត្យ​។​

គេហទំព័រ​របស់​សហភាព​អឺរ៉ុប​បាន​ចុះផ្សាយ​បន្ថែមថា​៖

«លោក​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ​បាន​បញ្ជាក់ជាថ្មី អំពី​សារៈ​សំខាន់​របស់​អាជ្ញាធរ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ជាបន្ទាន់​ដើម្បី​បើកចំហ​បរិយាកាស​នយោបាយ​នៅក្នុង​ប្រទេស​ បង្កើត​លក្ខខណ្ឌ​ចំ​បាច់​ឱ្យ​មានគណបក្ស​ប្រឆាំង​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្សះផ្សារ​ជាតិ​តាម​រយៈ​កិច្ចសន្ទនា​ពិតប្រាកដ​»​។

គណៈកម្មការអឺរ៉ុប​បាន​រក​ឃើញ​ថា​អាជ្ញាធរ​កម្ពុជា​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​សហជីព​និង​ការងារ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​និង​សារព័ត៌មាននិង​សិទ្ធិ​សេរីភាព​សមាគម​ជាដើម​ហើយ​បាន​ស្នើក្នុងរបាយការណ៍​វាយ​តម្លៃ​កាលពី​ថ្ងៃទី​១២​ខែ​វិច្ឆិកា​ឱ្យ​កែលម្អ​បើ​មិន​ដូច្នេះ​ទេ​ សហភាព​អឺរ៉ុប​នឹង​ព្យួរឋានៈអនុគ្រោះពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍ (EBA)‍»។

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​បញ្ជាក់​ពីជំនួប​នោះ​ថា​ជាការជួប​ពិភាក្សា​ការងារ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ខ្លឹមសារ​លម្អិតទេ។ នេះ​បើតាម​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​កាលពីថ្ងៃច័ន្ទ។​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ពីការ​ខិតខំកែលម្អ​តាម​ការរក​ឃើញ​របស់​គណៈកម្មការអឺរ៉ុបហើយតាម​រយៈ​ក្រសួង​ការបរទេស​បានស្នើ​ឱ្យ​គណៈកម្មការ​នេះពិចារណា​ពីផល​ប៉ះពាល់​លើ​កម្មការិនី​ជិត​មួយ​លាន​នាក់​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រសិន​បើ​មានការដាក់​ទណ្ឌកម្ម​ដោយ​ផ្តាច់​ឋានៈ​អនុគ្រោះពន្ធ​ «គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ‍ EBA‍» ​មែន។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​របាយការណ៍​ឆ្លើយតប​ចុងក្រោយ​តាមការចង់​បាន​របស់គណៈកម្មការអឺរ៉ុប​កាលពីថ្ងៃទី​១២​ខែ​ធ្នូ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់បន្ថែមថា៖

«សេចក្តី​ឆ្លើយតប​ចុងក្រោយនេះ​គឺជា​របាយការណ៍​គ្រប់​ជ្រុងជ្រោយ​អំពី សកម្មភាព​និង​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ការព្រួយបារម្ភរបស់គណៈ​កម្មការ​អឺរ៉ុប​ ជាអាទិ៍ រួម​មាន​ការគោរព​សិទ្ធិ​ក្នុងការ​ចូលរួម​នយោបាយ​ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​បង្កើត​សមាគម​ជាដើម‍»។

សហភាព​អឺរ៉ុប​គឺជាទីផ្សារ​ដ៏ធំ​បំផុត​របស់​កម្ពុជា​ដោយ​ទទួល​ទិញ​ទំនិញ​ជិត​៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ​ដែល​មាន​ផលិតផល​សម្លៀក​បំពាក់ ​ស្បែកជើង​ កង់​ និង​ផលិតផល​កសិកម្ម​ហើយតាម​រយៈឋានៈ​អនុគ្រោះពន្ធនេះគឺ​ទំនិញ​របស់​កម្ពុជា​បាន​រួចពន្ធ​ក្នុង​ទឹក​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​ខេន លូ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បាន​បញ្ជាក់​ថា​ការបាត់​បង់​ឋានៈអនុគ្រោះពន្ធ​នឹង​មានផលប៉ះពាល់​លើវិស័យ​កាត់ដេរនៅកម្ពុជា៖

«ជាការពិត​ហើយ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បង់ពន្ធគយ​គឺ​ទីផ្សា​កម្ពុជា​មិន​សូវ​ទាក់​ទាញ​ចំពោះ​អ្នកបញ្ជា​ទិញ​ផលិតផល​ពីកម្ពុជា​ទេ។ ដូច្នេះ​សូមកុំ​ច្រឡំ​ថា​អ្នកផលិត​ទំនិញ​នៅ​កម្ពុជា​បង់ពន្ធ​ គឺ​អ្នកបញ្ជា​ទិញ​ជា​អ្នកបង់ពន្ធ‍»។

លោកខេន លូបាន​បន្ថែម​ថា​ក្រៅ​ពីនោះ​គឺ​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគិន​ដែល​មានស្រាប់​នៅ​កម្ពុជា​ផងដែរ៖

«វាមិនគ្រាន់តែ​ជាការត្រូវបង់ពន្ធ​គយ​ប៉ុណ្ណោះទេ​ វាក៏នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​ទុន​នៅ​កម្ពុជា​ផងដែរ‍»។ ​

លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​មើលឃើញ​ថា​ចាប់តាំងពី​គណៈកម្មការអឺរ៉ុប​បាន​សម្តែង​ការព្រួយបារម្ភ​មក​គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការតិចតួច​ក្នុងការស្តារ​ស្ថានការណ៍​ក្នុងនោះ​មានការដោះលែង​លោកកឹមសុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ការឃុំឃាំង​ក្នុង​លំនៅដ្ឋាន​ប៉ុន្តែមិន​បាន​ប្រគល់​សិទ្ធិ​ឱ្យ​លោក​ធ្វើ​នយោបាយ​ពេញលេញ​ឬ​ចាកចេញពីប្រទេស​ទេ។ លោក​រ៉ុងឈុន​ក៏​សង្កេត​ឃើញមានការដោះលែង​សកម្មជន​សហគមន៍​ពីពន្ធនាគារប៉ុន្តែ​ពួកគេ​នៅ​តែ​ប្រឈមមុខ​នឹង​ការកាត់​ទោស​ដដែល។

បាន​រ៉ុងឈុន ​សម្តែងក្តី​ព្រួយបារម្ភ​ថាការណ៍នេះនឹងធ្វើ​ឱ្យ​ក្រុមសហជីព​នៅ​បណ្តាប្រទេស​នៃ​សហភាព​អឺរ៉ុប​អាច​នឹង​ដាក់សម្ពាធ​លើក្រុមហ៊ុន​ណា​ដែល​បន្តបញ្ជាទិញទំនិញ​ពីកម្ពុជា៖

«ចំពោះ​សហជីព​វា​នឹង​អាច​ឈានទៅដល់​សហជីព​ដែលជា​ដៃគូ​របស់​សហភាពសហជីព​កម្ពុជាដែល​ជាសមាជិក​IPUC ​នៅលើពិភពលោកដែលមានសមាជិករាប់រយលាននាក់ហ្នឹង​គេ​នឹង​សម្តែងអារម្មណ៍​មិន​សប្បាយចិត្ត​ដែល​គេ​អាច​នឹង​ធ្វើ​ពហិការ​មិន​ប្រើផលិតផល​ពីកម្ពុជា​យើង​ក្នុង​ក្របខណ្ឌ​ដែល​រដ្ឋាភិបាល​កម្ពុជា​ជាប់​កេរ្តិ៍ឈ្មោះ​រំលោភសិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យហើយ​មិន​បាន​កែលម្អ​ទៅនឹង​អ្វីដែល​សហភាព​អឺរ៉ុប​បាន​លើកឡើង‍»។​

គណៈកម្មការ​សហភាព​អឺរ៉ុប​មាន​ពេល​រហូតដល់​ថ្ងៃទី​១២ខែ​កុម្ភៈដើម្បី​សម្រេច​ចិត្ត​ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះពន្ធ​បណ្តោះ​អាសន្ន​ទាំងស្រុង​ឬ​មួយផ្នែកពីកម្ពុជា។ បន្ទាប់​ពីនោះ​គឺ​នឹង​ចូលជាធរមាន​នៅ​ត្រឹមខែ​សីហា​បើ​សិនជា​មិន​មានការជំទាស់គ្រប់​គ្រាន់ពី​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទេ៕