រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា រដ្ឋបាលរបស់លោក Biden គាំទ្រការលក់យន្តហោះចម្បាំងអាមេរិកប្រភេទ F-16 ទៅឱ្យប្រទេសតួកគី ហើយបានសម្តែងនូវទំនុកចិត្តថា ប្រទេសស៊ុយអែតនិងហ្វាំងឡង់នឹងអាចក្លាយជាសមាជិករបស់អង្គការអូតង់នៅពេលឆាប់ៗខាងមុខនេះ ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីអង់ការ៉ានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាមួយមេដឹកនាំរបស់ប្រទេសនេះ។
សភាសហរដ្ឋអាមេរិកត្រូវអនុម័តយល់ព្រមលើការលក់យន្តហោះចម្បាំងប្រភេទ F-16 ដែលមានតម្លៃ២០ពាន់លានដុល្លារអាមេរិកទៅឱ្យតួកគីដែលបានស្នើសុំទិញយន្តហោះប្រភេទនេះពីសហរដ្ឋអាមេរិកចំនួន៤០គ្រឿង និងគ្រឿងសម្រាប់ធ្វើទំនើបកម្មយន្តហោះជិត៨០គ្រឿងផ្សេងទៀត។
លោក Blinken បានមានប្រសាសន៍ក្នុងអំឡុងនៃសន្និសីទកាសែត ជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ថា លោកមិនអាចផ្តល់ពេលវេលាជាក់ស្តែងណាមួយស្តីពីការជូនដំណឹងផ្លូវការជុំវិញរឿងនេះទៅឱ្យសភាអាមេរិកនោះឡើយ ក៏ប៉ុន្តែលោកថា លោកបានទាក់ទងយ៉ាងសកម្មចំពោះការគាំទ្ររបស់រដ្ឋបាលលោក Biden ចំពោះកិច្ចព្រមព្រៀងទិញយន្តហោះនេះ។ លោក Blinken ក៏មានគម្រោងជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅថ្ងៃចន្ទនេះផងដែរ។
ដំណើរទស្សនកិច្ចនេះកើតមានឡើងនៅពេលដែលតួកគីនិងហុងគ្រីដែលជាសមាជិករបស់អង្គការអូតង់ដែរនោះ នៅមិនទាន់យល់ព្រមឱ្យប្រទេសស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិករបស់អង្គការអូតង់នៅឡើងដែលជាដំណើរការមួយដែលតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័នពីគ្រប់ប្រទេសសមាជិកទាំងអស់របស់អង្គការនេះ។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រការចូលរួមរបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់ក្នុងអង្គការអូតង់ឱ្យបានឆាប់រហ័ស។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយកាលពីសប្តាហ៍មុនក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតួកគីថា «ពេលវេលាមកដល់ហើយសម្រាប់តួកគីដើម្បីផ្តល់ការយល់ព្រមដល់ប្រទេសទាំង២នេះ ជាសមាជិកថ្មីរបស់អង្គការអូតង់។
ពួកមន្ត្រីតួកគីបាននិយាយថា តួកគីអាចពិនិត្យវាយតម្លៃទៅលើការស្នើសុំរបស់ប្រទេសទាំង២ដាច់ដោយឡែកពីគ្នា ដើម្បីចូលជាសមាជិករបស់អង្គការអូតង់ហើយអាចផ្តល់ការយល់ព្រមដល់ប្រទេសហ្វាំងឡង់ជាមុនសិន។
មួយថ្ងៃបន្ទាប់ពីការប្រកាសសន្យាផ្តល់ប្រាក់១រយលានដុល្លារ ក្នុងជំនួយបន្ថែមរបស់សហរដ្ឋអាមេរិកដល់តួកគីនិងស៊ីរី បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង៤ម៉ឺន៤ពាន់នាក់មក លោក Blinken បានសន្យាគាំទ្រតួកគីជាបន្តទៀត៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP AFP និង Reuters។