រដ្ឋាភិបាលតំបន់ Catalonia នៃប្រទេសអេស្ប៉ាញ បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា លទ្ធផលបឋមនៃការបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យម្សិលមិញបានបង្ហាញថា អ្នកបោះឆ្នោតចំនួន ៩០ ភាគរយចង់ឲ្យតំបន់ Catalonia ប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ។
អ្នកនាំពាក្យរដ្ឋាភិបាលតំបន់ Catalonia លោក Jordi Turull បាននិយាយថា សន្លឹកឆ្នោតចំនួន ២ លាន ២ ម៉ឺន សន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន ២ លាន ២ សែន ៦ ម៉ឺន សន្លឹក ដែលប្រជាពលរដ្ឋធ្វើការបោះឆ្នោត បានគាំទ្រឯករាជ្យតំបន់ Catalonia។ លោកបានបន្ថែមថា អ្នកបោះឆ្នោតចំនួនជិត ៨ ភាគរយមិនគាំទ្រឯករាជ្យនេះទេ ហើយចំណែកឯសន្លឹកឆ្នោតផ្សេងទៀតគឺចាត់ទុកថាមិនបានការ។
អ្នកដែលចេញមកបោះឆ្នោតមានចំនួន ៤២ ភាគរយ ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៥ លាន ៣ សែននាក់។
ប្រធានាធិបតីតំបន់ Catalonia លោក Carles Puigdemont បាននិយាយថា លោកនឹងរក្សាពាក្យសន្យារបស់លោកក្នុងការប្រកាសឯករាជ្យដោយឯកតោភាគី ប្រសិនបើអ្នកបោះឆ្នោតភាគច្រើនគាំទ្រការធ្វើប្រជាមតិទាមទារឯករាជ្យដែលមានភាពប្រទាំងប្រទើសនេះពីប្រទេសអេស្ប៉ាញ។
នៅក្នុងការថ្លែងដែលមានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បន្ទាប់ពីស្ថានីយបោះឆ្នោតបានបិទបញ្ចប់ដំណើរការមក លោក Carles Puigdemont បាននិយាយថា តំបន់ Calatonia ឈ្នះសិទ្ធិក្នុងការក្លាយជារដ្ឋឯករាជ្យមួយ និងបានជំរុញឲ្យសហភាពអឺរ៉ុបកុំឲ្យមានគំនិតផ្សេងមកលើតំបន់ Catalonia។
ប៉ុន្តែ រដ្ឋាភិបាលអេស្ប៉ាញបានបដិសេធយ៉ាងពេញទំហឹង។ កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy បានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបោះឆ្នោតនេះ ដោយបានហៅការធ្វើប្រជាមតិនេះថាជាអំពើខុសច្បាប់ និងជាការវាយប្រហារទៅលើនីតិរដ្ឋ៕