សារ Twitter មួយ​របស់​ក្រុមហ៊ុន​អនឡាញ Shopee នៅ​ថៃ​ បង្ក​ឲ្យ​មាន​ការ​បិទ​ហាង​ទំនិញ​ណា​ដែល​ប្រឆាំង​រដ្ឋាភិបាល

  • ​Reuters

រូបឯកសារ៖ មន្ត្រីប៉ូលិសថៃកំពុងឈរយាមល្បាតក្បែរបដាដែលមានខ្លឹមសារគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅខាងក្រៅរដ្ឋសភាថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អនឡាញ Shopee បាន​ហាមឃាត់​ហាង​លក់​ទំនិញ​មួយ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ មិនឲ្យ​លក់​ទំនិញ​លើ​គេហទំព័រ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ម្នាក់ ក្រោយ​ពី​មាន​ការ​រិះគន់​តាម​អ៊ីនធឺណិត​ដែល​គេ​យល់​ថា ក្រុមហ៊ុន​នេះ​គាំទ្រ​ជំហរ​រដ្ឋាភិបាល​ថៃ។

សញ្ញា​ទ្រុងជ្រូក​ភ្ជាប់​ជាមួយនឹង hashtag ថា #BanShopee បាន​ក្លាយ​ជា​hashtag ដែល​ពេញ​និយម​បំផុត​ទី៣ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង ៥៧.០០០ ដង កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ជាច្រើន​និយាយ​ថា ពួកគេ​បាន​លុបចោល​កម្មវិធី Shopee ចេញ​ពី​ទូរស័ព្ទ​របស់​ពួកគេ​។

អ្នក​បង្ហោះ​សារ Twitter ម្នាក់​បាន​សរសេរ​ថា៖ «ហាង Shopee មាន​ស្ដង់ដារ​ពីរ។ អ្នក​ត្រូវ​តែ​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​ហាមឃាត់​ហាង​ទំនិញ​ណា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​តាម​អនឡាញ​ណា ដែល​គាំទ្រ​រដ្ឋាភិបាល​លក់​លើ​គេហទំព័រ​របស់​ខ្លួន​ទៅ​វិញ»។

ក្រុមហ៊ុនShopee គឺ​ជា​ក្រុមហ៊ុន​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​យក​ធ្វើ​ជា​គោលដៅ​វាយប្រហារ ចំពោះ​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha៕