ប្រធានាធិបតីហ្វីលីពីននឹងសួរចិនអំពីគោលបំណងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីន លោក Duterte ថ្លែងសុន្ទរកថាក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយនៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APEC នៅក្នុងសប្ដាហ៍នេះថា លោកមានគម្រោងសួររដ្ឋាភិបាលចិនអំពីគោលបំណងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងអំពីថាតើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានានឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ដោយសេរីនៅក្នុងដែនសមុទ្រយុទ្ធសាស្ត្រដែលមានជម្លោះនេះ ឬក៏យ៉ាងណានោះ។

នៅក្នុងអំឡុងពេលកាន់អំណាចបានរយៈពេលជិត ១៨ ខែរបស់លោក លោក Duterte បានប្រើគោលនយោបាយមិនប្រឈមមុខចំពោះរដ្ឋាភិបាលក្រុងប៉េកាំង និងចំពោះការប្រជែងទាមទារកាន់កាប់ដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។

លោក Ernesto Abella ដែលជាអ្នកនាំពាក្យរបស់លោក Duterte បានពន្យល់កាលពីខែតុលា ឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាមិនផ្ដល់ផលប្រយោជន៍ដល់ប្រទេសហ្វីលីពីននោះទេ ហើយដោយសារតែហេតុនេះហើយបានជាលោក Duterte បានប្ដេជ្ញាផ្ដោតលើការរួបរួម និងការចរចា ដែលនឹងធានាយ៉ាងណាធ្វើឲ្យមានការគោរព និងការការពារដល់សិទ្ធិរបស់រដ្ឋាភិបាលក្រុងម៉ានីល។

លោក Scott Harold ប្រធានមជ្ឈមណ្ឌលគោលនយោបាយអាស៊ីប៉ាស៊ីហ្វិកនៃអង្គការ RAND Corporation ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា គម្រោងរបស់លោក Duterte ក្នុងការលើកឡើងនូវបញ្ហានេះនាពេលឥឡូវនេះ អាចបណ្ដាលមកពីលោកធ្វើពុតជាមិនចាប់អារម្មណ៍ជាមួយនឹងសហរដ្ឋអាមេរិក ដោយនៅពេលជាមួយគ្នានោះដែរ លោកកត់សម្គាល់ឃើញថា ការធ្វើដូច្នេះមិនអាចផ្ដល់សញ្ញាណាមួយដល់ប្រទេសចិនដែលថា អ្វីៗដែលលោកធ្វើគឺទទួលយកបាននោះទេ៕