គណបក្សរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃអង្គារនេះ បានផ្តល់ការគាំទ្រ ដល់បេក្ខជនប្រធានាធិបតីលោក Ferdinand Marcos Junior ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីលោកFerdinand Marcosជាគូប្រជែងដ៏សំខាន់ដែលបង្ហាញបានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសម្រាប់ការងារកំពូលនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
នុងចំណោមអ្នកបោះឆ្នោត បង្ហាញថា កូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាពជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភាខាងមុខនេះដោយមានយុទ្ធនាការចុះផ្សាយយ៉ាងខ្លាំងនូវព័ត៌មានមិនពិតវិជ្ជមាននានាពីរូបលោក។
លោក Marcos Jr អាយុ៦៤ឆ្នាំ បានចូលរួមជាមួយបេក្ខជនអនុប្រធានាធិបតីនាំមុខគឺលោកស្រីSara Duterte ដែលជាកូនស្រីច្បងរបស់លោក Rodrigo Duterte ដែលជាសម្ព័ន្ធភាពមួយនៃគ្រួសារទាំងពីរដែលមានឥទ្ធិពលនយោបាយខ្លាំងបំផុតរបស់ហ្វីលីពីន។
លោក Alfonso Cusi ប្រធានគណបក្ស PDP-Laban និងជាមេដឹកនាំនៃគណបក្សបំបែកខ្លួនដែលគាំទ្រលោក Duterte បាននិយាយថា «យើងផ្តល់ការគាំទ្រដល់បេក្ខជនប្រធានាធិបតីលោក Bongbong Marcos Jr ។ នេះជាការសម្រេចចិត្តរបស់គណបក្ស។
លោកCusi មិនបានបញ្ជាក់ទេថា តើការសម្រេចនេះមានន័យថា លោក Duterte ក៏បានគាំទ្រលោក Marcos Jr ដែរឬយ៉ាងណាដែលបេក្ខជនរូបនេះធ្លាប់ត្រូវបានពណ៌នាក្នុងពេលកន្លងទៅដោយលោក Duterteថា«ខ្សោយ»នោះ។
អ្នកនាំពាក្យប្រធានាធិបតីលោក Martin Andanar និយាយថា ជំហររបស់ Duterte មិនច្បាស់លាស់នៅឡើយ។
ប្រធានាធិបតីហ្វីលីពីនដែលចេញពីតំណែង ជាទូទៅជ្រើសរើសអ្នកស្នងដំណែងដែលខ្លួនចូលចិត្តដែលពួកគេសង្ឃឹមថា នឹងជួយការពារខ្លួនឲ្យរួចផុតពីការចោទប្រកាន់ផ្នែកព្រហ្មទ័ណ្ឌនានា ដែលត្រូវធ្វើឡើងដោយគូប្រជែង ក៏ដូចជាការការពារនូវកេរ្តិ៍តំណែលរបស់ខ្លួនផងដែរ។
តំណែងប្រធានាធិបតីនិងអនុប្រធានាធិបតី ត្រូវបានបោះឆ្នោតដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសហ្វីលីពីន៕