អ្នកវិភាគនានាជឿថា កិច្ចពិភាក្សាបែបសុទិដ្ឋិនិយមរវាងប្រទេសចិននិងហ្វីលីពីនកាលពីខែឧសភាបន្ទាប់ពីមានការប្រឈមដាក់គ្នានៅដែនសមុទ្រកើតឡើងមក អាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចាត់ទុកថាជាស្នូលនៃបរិបទជម្លោះបូរណភាពដែនទឹកដែលមានលក្ខណៈទូលំទូលាយនិងអាប់អួរនៅសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃទី ២១ ខែឧសភា ប្រទេសទាំងពីរបានរៀបចំកិច្ចពិភាក្សាលើកទី ៦ របស់ខ្លួនស្តីពីយន្តការប្រឹក្សាយោបល់ទ្វេភាគីលើបញ្ហាសមុទ្រចិនខាងត្បូង ដែលជាដែនទឹកដែលប្រទេសទាំងពីរមានជម្លោះអធិបតេយ្យជាមួយគ្នា។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងប្រធានាធិបតីចិនលោក Xi Jinping បានបង្កើតយន្តការប្រឹក្សាយោបល់នេះឡើងកាលពីឆ្នាំ ២០១៦ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផ្សេងៗ។
កាលពីខែមីនានិងខែមេសា មន្រ្តីរដ្ឋាភិបាលហ្វីលីពីនបានជំទាស់យ៉ាងដាច់អហង្ការចំពោះការចូលសំចតរបស់នាវានេសាទចិនចំនួន ២២០ គ្រឿង នៅតំបន់ថ្មប៉ប្រះទឹក Whitsun Reef ដែលជាតំបន់ជម្លោះស្ថិតនៅក្នុងប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសហ្វីលីពីនបានលើកឡើងនៅលើវិបសាយរបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃទី ២១ ខែឧសភា ថា៖ «ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយភាពរាក់ទាក់និងស្មោះត្រង់ជុំវិញស្ថានភាពទូទៅនិងបញ្ហាជាក់លាក់នានានៅសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរបានទទួលស្គាល់អំពីសារៈសំខាន់នៃការដោះស្រាយការខ្វែងគំនិតគ្នានៅក្នុងបរិយាកាសបើកចំហនិងមិត្តភាពមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការនិងគំនិតផ្តួចផ្តើមផ្សេងៗ»។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា ដំណើរការកិច្ចពិភាក្សានេះបានលើកកម្ពស់ «ការវិវឌ្ឍទៅមុខប្រកបដោយភាពវិជ្ជមាននិងស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីន» និងធានាឲ្យមាននូវ «សន្តិភាពនិងស្ថិរភាព» នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន China.org.cn របស់ប្រទេសចិន។
អ្នកជំនាញនានាបានប្រាប់ VOA កាលពីលើកមុនៗថា ការប៉ះទង្គិចគ្នារវាងចិននិងហ្វីលីពីនបានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវឥទ្ធិពលខ្លាំងជាងមុននៅក្នុងបរិបទជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងម៉ានីលមានទំនាក់ទំនងយោធាជិតស្និទ្ធដ៏យូរអង្វែងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិកចាត់ទុកហ្វីលីពីនជាសម្ព័ន្ធមិត្តមួយរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។
ក្នុងឋានៈជាប្រទេសមហាអំណាចកំពូលនៅអាស៊ីនិងជាអតីតសត្រូវសង្រ្គាមត្រជាក់ជាមួយសហរដ្ឋអាមេរិក ប្រទេសចិនមិនពេញចិត្តនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅសមុទ្រចិនខាងត្បូងនោះទេ។
ប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម និងកោះតៃវ៉ាន់ ក៏បានទាមទារកាន់កាប់ផងដែរនូវដែនអធិបតេយ្យមួយចំនួននៅសមុទ្រចិនខាងត្បូង។ សមុទ្រនេះមានទំហំប្រមាណ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េ និងសម្បូរទៅដោយធនធានត្រីនិងថាមពល។
សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងចំនួន ១០ លើក កាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ នេះគឺជាវិធានការមួយដែលត្រូវបានគេយល់ឃើញជាទូទៅថាជាការព្រមានប្រឆាំងនឹងការពង្រីកយោធាបន្ថែមទៀតរបស់ប្រទេសចិននៅទីនោះ។
ការពិនិត្យឡើងវិញនូវមិត្តភាព
លោក Eduardo Araral សាស្រ្តាចារ្យមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បាននិយាយថា កិច្ចពិភាក្សារវាងចិននិងហ្វីលីពីននេះបានបង្ហាញថា ភាគីទាំងពីរកំពុងរៀន «បត់បែនតាមស្ថានការណ៍» ក្រោយពីមានការប្រឈមមុខដាក់គ្នានៅតំបន់ថ្មប៉ប្រះទឹក Whitsun Reef មក ជាជាងប្រើប្រាស់ការទូតបែប«បំពងសំឡេង»។
លោក Araral បានបន្តថា មេដឹកនាំចិនសង្ឃឹមថានឹងអាចដកបញ្ហាសមុទ្រចិនខាងត្បូងចេញពីរបៀបវារៈនានានៅហ្វីលីពីនបាន មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនចូលមកដល់នៅឆ្នាំក្រោយ។ លោក Duterte មិនអាចឈរឈ្មោះជាប្រធានាធិបតីសារជាថ្មីបាននោះទេ ដោយសារតែអាណត្តិប្រធានាធិបតីមានកំណត់ ប៉ុន្តែប្រជាប្រិយភាពរបស់លោកអាចមានឥទ្ធិពលលើសំឡេងឆ្នោតរបស់ពលរដ្ឋសម្រាប់បេក្ខជនឈរឈ្មោះដទៃទៀត។
លោក Araral ថ្លែងដូច្នេះថា៖ «ប្រទេសចិននឹងទទួលបានប្រយោជន៍ ប្រសិនបើខ្លួនផ្ដល់ជ័យជម្នះខ្លះឲ្យលោក Duterte ដែលឧទាហរណ៍ដូចជា លោក Duterte នឹងមិនត្រូវបានស្តីបន្ទោសចំពោះអ្វីដែលបានកើតឡើងនៅចិន ហើយគូបដិបក្ខរបស់លោកនឹងមិនមានឥទ្ធិពលមានប្រៀបបន្ថែមទៀតជាងអ្វីដែលពួកគេត្រូវការ»។
លោក Duterte បានស្វះស្វែងភ្ជាប់មិត្តភាពជាមួយចិន បន្ទាប់ពីលោកបានចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ ២០១៦ មក។ ប្រជាពលរដ្ឋហ្វីលីពីនដែលធ្លាប់តែឃើញប្រទេសរបស់ខ្លួនមានទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក មានចម្ងល់ចំពោះទំនោររបស់លោក Duterte ដែលងាកទៅរកចិន បន្ទាប់ពីមានហេតុការណ៍ប្រឈមមុខដាក់គ្នាផ្សេងៗកើតឡើង ដូចជាហេតុការណ៍នៅតំបន់ថ្មប៉ប្រះទឹក Whitsun Reef ជាដើម។
ចិននឹងរង់ចាំហើយសង្កេតមើល
ប្រទេសចិនអាចកាត់ផ្តាច់គម្រោងវិនិយោគផ្សេងៗចេញពីប្រទេសហ្វីលីពីន ឬបញ្ឈប់នាវានេសាទនិងការរុករកប្រេងរបស់ហ្វីលីពីននៅក្នុងសមុទ្របាន ប្រសិនបើហ្វីលីពីននៅបន្តធ្វើទង្វើដែលចិនចាត់ទុកថាមិនល្អ។ នេះបើតាមការបញ្ជាក់របស់លោក Enrico Cau អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៃសមាគមស្រាវជ្រាវយុទ្ធសាស្រ្តកោះតៃវ៉ាន់ (Taiwan Strategy Research Association)។
លោក Cau បានថ្លែងថា៖ «ហ្វីលីពីនកំពុងព្យាយាមរក្សាគោលជំហរឲ្យស្ថិតនៅចន្លោះស្មើគ្នា [រវាងសហរដ្ឋអាមេរិកនិងចិន]។ ជាការពិត ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ។ ការធ្វើឲ្យចិនមានការរំខានចិត្តពាក់ព័ន្ធនឹងកោះទាំងនោះនឹងបង្កជាផលអវិជ្ជមានជះត្រឡប់មកលើលោក Duterte វិញ»។
ប្រទេសចិននឹងមិនសូវធ្វើឲ្យប្រជាពលរដ្ឋហ្វីលីពីនចាប់អារម្មណ៍លើខ្លួននោះឡើយ មុនការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនចូលមកដល់នៅឆ្នាំ ២០២២ ប៉ុន្តែចិននឹងមិនផ្លាស់ប្តូរទិសដៅរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនោះទេ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Maria Ela Atienza សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ University of the Philippines Diliman។
អ្នកស្រី Atienza បានថ្លែងថា៖ «ខ្ញុំគិតថា ដោយសារលោក Duterte នៅបន្តកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនរហូតដល់ឆ្នាំក្រោយ ប្រទេសចិននឹងធ្វើអ្វីដែលពួកគេចង់បាន ដោយសារតែពួកគេដឹងថាហ្វីលីពីននឹងមិនសូវប្រឆាំងនឹងខ្លួនច្រើននោះទេ។ ប៉ុន្តែ ខ្ញុំច្បាស់ថា ចិននឹងតាមដានមើលយ៉ាងយកចិត្តទុកដាក់លើអ្វីដែលនឹងកើតឡើងនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ២០២២ និងចាំមើលថាតើនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ដោយហេតុថា ករណីនេះអាចនឹងធ្វើឲ្យគោលនយោបាយការបរទេសរបស់ខ្លួនមានការផ្លាស់ប្ដូរ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា