សិស្ស​ហូឡង់​បើក​ទូក​ក្តោង​​ពី​សមុទ្រ​ការ៉ាអ៊ីប​ទៅ​ប្រទេស​វិញ​ ក្រោយ​​ពួក​គេ​មិន​អាច​ជិះ​យន្តហោះ​បាន

សិស្ស​វិទ្យាល័យ​ហូឡង់​មួយ​ក្រុម​ដែល​មាន​គ្នា​២៥​នាក់ បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​​ធ្វើ​ដំណើរ​តាម​ទូក​ក្តោង​រយៈ​ពេល​៥​សប្តាហ៍​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ដោយ​សារ​​វីរុស​កូរ៉ូណា ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០។ (AP)

សិស្ស​វិទ្យាល័យហូឡង់​មួយ​ក្រុម​ដែល​មាន​គ្នា​២៥​នាក់ បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បានធ្វើ​ដំណើរ​តាម​ទូក​ក្តោង​រយៈ​ពេល​៥​សប្តាហ៍​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ដោយ​សារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។ ​

ក្រុម​សិស្ស​ដែល​មាន​អាយុ​ពី​១៤​ទៅ​១៧​ឆ្នាំ​ទាំង​នេះ ​មាន​បទ​ពិសោធន៍​ក្នុង​ការ​បញ្ជា​ទូក​ក្តោង​តិចតួច​បំផុត។ ពួក​គេ​ត្រូវ​បានមើល​ពី​លើ​ដោយ​ក្រុម​អ្នក​មាន​បទ​ពិសោធន៍​បើក​ទូក​ក្តោងចំនួន​១២​នាក់ដែល​ដឹកនាំ​ដោយ​លោក Christophe Meijer ប្រធាន​ក្រុម​ទូកក្តោង Wylde Swan និង​គ្រូ​បី​នាក់​ដែល​បាន​អម​ដំណើរ​សិស្ស​ទាំង​នោះ​ក្នុង​ដំណើរ​ជិះទូក​សិក្សា​នៅ​តំបន់​សមុទ្រ​ការ៉ាអ៊ីប។

ក្រុម​សិស្ស​ទាំង​២៥​នាក់​ត្រូវ​បាន​គេ​ដាក់​ឲ្យនៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ម៉្លេះ​រហូត​ដល់​ពីរ​សប្តាហ៍​មុន​ ដោយ​ត្រូវ​បាន​គេ​ពិនិត្យ​សីតុណ្ហភាព និង​តាមដានរាល់​ការ​ក្អក​កណ្តាស់​ជា​ទៀងទាត់ រហូត​គ្រប់​១៤​ថ្ងៃ​ ទើប​ប្រាកដ​ថា​ មិន​មាន​វីរុស​កូរ៉ូណា​នៅ​លើ​ទូក​ក្តោង​ Wylde Swan។​

ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ពី​ប្រទេស​គុយបា​ទៅ​ហូឡង់ ក្រុម​នេះ​សម្រេច​បើក​ទូកដែល​មាន​ក្តោង​កម្ពស់​៦០​ម៉ែត្រ​នេះ​ ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ចម្ងាយ​ជិត​៧.០០០​គីឡូម៉ែត្រ​ទោ​កាន់​កំពង់ផែ Harlingen របស់​ហូឡង់។ ​

ពេល​មក​ដល់​ប្រទេស​វិញ ឪពុកម្តាយ​និង​បងប្អូន​បង្កើត​នៃ​សិស្ស​ទាំង​២៥​នេះ បាន​បើក​មកទទួល​ស្វាគមន៍​ពួក​គេ ដោយ​បើក​រថយន្ត​ចូល​យក​ម្នាក់​ម្តងៗ​ ដោយ​ត្រូវ​គោរព​វិធានការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម៕​