បន្ទាប់ពីរយៈពេលមួយម៉ោងនៃការតាមរកចាប់ខ្លួនជនសង្ស័យដែលគេចខ្លួន ប៉ូលិសហូឡង់បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ទាក់ទិននឹងអំពើបាញ់ប្រហារលើរថភ្លើងដឹកមនុស្សក្នុងក្រុងហៅថា Tram បណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និងធ្វើឲ្យមនុស្ស ៥នាក់ផ្សេងទៀត រងរបួសក្នុងទីក្រុងអ៊ូត្រេច (Utrecht) កាលពីថ្ងៃចន្ទ។
ប៉ូលិសបានបង្ហាញអត្តសញ្ញាណជនសង្ស័យភ្លាមៗថាជាបុរសដែលកើតក្នុងប្រទេសតួកគី ឈ្មោះ ហ្គកមែន ថានីស (Gokmen Tanis) អាយុ៣៧ឆ្នាំ ហើយនិងបានបញ្ចេញរូបថតបុរសនោះដែលមានពុកចង្កាអង្គុយលើរថយន្តក្រុងពាក់អាវមានមួក (hoody) ពណ៌ខៀវចាស់។
ក្រុមអាជ្ញាធរបានប្រកាសអាសន្នពីអំពើភេរវកម្មភ្លាមៗដល់កម្រិតទី៥ដែលជាកម្រិតខ្ពស់បំផុតក្នុងទីក្រុងអ៊ូត្រេច ហើយនាយករដ្ឋមន្ត្រីប្រទេសហូឡង់ គឺលោកម៉ាក រ៉ត់ (Mark Rutte) បានថ្លែងថាការវាយប្រហារភេរវកម្ម មិនត្រូវអនុញាតឲ្យកើតមានទេ។
ទីភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋនៃប្រទេសតួកគី បានរាយការណ៍ថា ក្រុមគ្រួសារជនសង្ស័យ ថានីស ក្នុងប្រទេសតួកគី បាននិយាយថាអំពើបាញ់ប្រហារនេះ អាចកើតចេញពីជម្លោះគ្រួសារទេ។ ក្រុមអាជ្ញាធរបានបង្កើនសន្តិសុខនៅព្រលានយន្តហោះ ហូឡង់ ក៏ដូចជាព្រះវិហារឥស្លាម។ សាលារៀននៅក្នុងទីក្រុងអ៊ូត្រេចត្រូវបិទទ្វារហើយពលរដ្ឋត្រូវបានជូនដំណឹងឲ្យនៅក្នុងផ្ទះ៕