ប៉ុន្មានថ្ងៃបន្ទាប់ពីប្រកាសអំពីវិធានការថ្មីៗដើម្បីជាមធ្យោបាយក្នុងការកាត់បន្ថយអំពើហិង្សាដែលបណ្តាលមកពីការប្រើប្រាស់កាំភ្លើង លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ចេញទស្សនៈរបស់លោកទៅកាន់សាធារណជនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងវេទិកាសាធារណៈមួយ ដែលលោកបានវាយប្រហារពាក្យសម្តីទៅកាន់ក្រុមការពារសិទ្ធិប្រើប្រាស់កាំភ្លើងធំជាងគេបំផុតនៅក្នុងប្រទេស។
នៅក្នុងសន្និសីទរយៈពេល១ម៉ោងដែលរៀបចំឡើងដោយទូរទស្សន៍ CNN លោក អូបាម៉ាបានចោទប្រកាន់សមាគមជាតិការពារសិទ្ធិកាន់កាំភ្លើង ដែលមានអំណាចនៅក្នុងប្រទេសថា បានត្រួតត្រាលើសភា ហើយវាជាការផ្សំគំនិតប្រព្រឹត្តបទឧក្រិដ្ឋ ដែលថា រដ្ឋាភិបាលសហព័ន្ធកំពុងតែព្យាយាមដកហូតកាំភ្លើងពីពួកគេ។
លោកអូបាម៉ាបានថ្លែងថា «សមាគមជាតិការពារសិទ្ធិកាន់កាំភ្លើងបានព្យាយាមបញ្ចុះបញ្ចូលសមាជិកជាច្រើនរបស់ខ្លួនថា មនុស្សមួយចំនួននឹងដកហូតកាំភ្លើងពីអ្នក ដែលតាមការពិតវាផ្តល់ផលចំណេញដល់អ្នកផលិតកាំភ្លើង។ ហើយវាគឺជាយន្តការផ្សព្វផ្សាយដ៏អស្ចារ្យមួយ»។
វេទិកានោះត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ George Mason University ដែលមានចម្ងាយជិត៥គីឡូម៉ែត្រពីទីស្នាក់ការរបស់សមាគមជាតិការពារសិទ្ធិកាន់កាំភ្លើង ស្ថិតនៅក្នុងរដ្ឋ Virginia។ សមាគមជាតិការពារសិទ្ធិកាន់កាំភ្លើងនេះបានបដិសេធមិនព្រមចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។
លោកអូបាម៉ាបានមានប្រសាសន៍ថា «មានមូលហេតុមួយដែលសមាគមជាតិការពារសិទ្ធិកាន់កាំភ្លើងមិនមានវត្តមាននៅទីនេះ។ ពួកគេនៅទីងងឹត។ ហើយដោយសារនេះគឺជាមូលហេតុចម្បងដែលពួកគេមិនមានវត្តមាននៅទីនេះ អ្នកអាចគិតថាពួកគេនឹងត្រៀមដើម្បីពិភាក្សាដេញដោលជាមួយនឹងប្រធានាធិបតី»។
សមាគមជាតិការពារសិទ្ធិកាន់កាំភ្លើងបានប្រតិកម្មនឹងទស្សនៈរបស់លោកប្រធានាធិបតីអូបាម៉ាតាមរយៈសារបង្ហោះលើបណ្តាញសង្គម Twitter ថា «លោកអូបាម៉ាមិនចង់ឲ្យមានកិច្ចពិភាក្សាលើគោលនយោបាយដោយស្មោះត្រង់ និងប្រកបដោយភាពឆ្លាតវៃនោះទេ។ លោកចង់ឲ្យសមាគមជាតិការពារសិទ្ធិកាន់កាំភ្លើង ធ្វើជាទស្សនិកជននៃល្បិចសម្តែងរបស់លោក។ យើងទទួលយកមិនបានទេ អរគុណ»។
សមាគមជាតិការពារសិទ្ធិកាន់កាំភ្លើងប្រឆាំងនឹងវិធានការជាច្រើនដែលស្នើឡើងដោយលោកប្រធានាធិបតីអូបាម៉ាកាលពីដើមសប្តាហ៍នេះ។ វិធានការថ្មីៗមួយចំនួន តម្រូវឲ្យអ្នកលក់កាំភ្លើងមានអាជ្ញាប័ណ្ណ និងតម្រូវឲ្យធ្វើការត្រួតពិនិត្យជីវប្រវត្តិរបស់អ្នកទិញកាំភ្លើងជាមុនសិន៕