ក្នុង​បេសកកម្ម​ការទូត​នៅ​អាមេរិក លោក ហ៊ុន សែន ថ្លែង​ការពារ​គោលនយោបាយ​អព្យាក្រឹត​របស់​កម្ពុជា

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​យោធា Joint Base Andrews Airport​ នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ទូរទស្សន៍​ជាតិ​កម្ពុជា)

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ដែលកំពុង​ដឹកនាំគណៈប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន នៅរដ្ឋធានី​វ៉ាស៊ីនតោនបាន​ថ្លែង​ការ​ពារ​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្រកាន់​យក​គោលនយោបាយ​ការបរទេសអព្យាក្រឹត​ជា​អចិន្ត្រៃយ៍​ ពោល​គឺកម្ពុជា​មិន​អាច​ចាប់​យក​ប្រទេស​ណាមួយ​ជាមិត្ត​ ដើម្បី​ទៅ​ប្រឆាំង​ប្រទេស​មួយ​ផ្សេង​ទៀត​ទេ។

លោក​ ហ៊ុន សែន​ បាន​ថ្លែងបែបនេះ​នៅក្នុង​ជំនួប​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅក្នុង​សហរដ្ឋអាមេរិក​ និង​កាណាដា ដោយមាន​វត្តមាន​រដ្ឋមន្ត្រី​សំខាន់ៗ​របស់​កម្ពុជាមួយ​ចំនួន​ ​រួមមាន​រដ្ឋមន្ត្រីការបរទេស​លោក​ ប្រាក់​ សុខុន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន​លោក ​ស៊ុន ចាន់​ថុល។

ថ្លែង​ក្នុង​ជំនួបនោះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បញ្ជាក់​សាជាថ្មី​ថា​ រដ្ឋធម្មនុញ្ញរបស់កម្ពុជា​គឺ​ប្រកាន់​ជំហរ​អព្យាក្រឹត ហើយ​នេះ​ក៏ជាបញ្ហា​ដែល​កម្ពុជា​កំពុង​តែ​ប្រឈមដែរ ខណៈមាន​ការរិះគន់ថា​កម្ពុជា​កំពុង​មាន​ការ​ផ្តេក​ផ្តួល​ខ្លាំង​ទៅ​លើរដ្ឋាភិបាលក្រុង​ប៉េកាំង។

លោក ហ៊ុន សែន​ លើកឡើង​យ៉ាង​ដូច្នេះ៖«ក្នុង​រដ្ឋធម្មនុញ្ញរបស់​យើង តម្រូវ​ការ​របស់យើង​គឺ​បញ្ហា​ពាក់ព័ន្ធ​ជា​មួយ​អព្យាក្រឹតភាព​អចិន្ត្រៃយ៍​របស់​យើង។ យើង​អត់​ត្រូវ​ការ​ជ្រើស​រើស​រវាង​ចិន​និង​សហរដ្ឋអាមេរិក។ យើង​អត់​ត្រូ​វការ​ជ្រើសរើស​ទេ​ ទោះ​បី​ជាអ្នក​ឯង​បង្ខំខ្ញុំឱ្យ​ជ្រើសរើសមួយក៏​ខ្ញុំអត់​ជ្រើសរើសដែរ»។

លោកបន្ថែមថា៖«យើង​អត់​ត្រូវការ​ជ្រើសរើស​វៀតណាម​ទៅ​ប្រឆាំង​ថៃ ទៅជ្រើសរើស​វៀតណាម​ប្រឆាំង​ថៃ ទៅ​ជ្រើសរើស​វៀតណាម​ប្រឆាំង​ចិន ទៅ​ជ្រើសរើស​ចិន​ប្រឆាំង​វៀតណាម គឺយើង​អត់ជ្រើសរើស»។

លោក​ ហ៊ុន សែន​ កំពុង​ត្រៀម​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​នៅថ្ងៃ​ទី១២–១៣ ខែ​ឧសភា​ក្នុង​ឋាន:​ជាប្រធាន​អាស៊ាន​ប្តូរវេន​ដែល​លោក​ប្រធានាធិបតី​ អាមេរិក ​Joe Biden បាន​អញ្ជើញ​និង​ត្រៀម​ទទួល​ស្វាគមន៍​លោក ​ក៏​ដូចជា​មេដឹក​នាំ​អាស៊ានផ្សេង​ទៀត។

សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក​ ឯម សុវណ្ណារ៉ា​ ​បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា តាម​ទ្រឹស្តី​ លោក​នា​យក​រដ្ឋ​មន្ត្រី​ការពារកម្ពុជា​ថា​ បាន​ប្រកាន់​យក​គោល​នយោបាយការបរទេស​អព្យាក្រឹត​ដោយមិន​ជ្រើស​រើស​មហាអំណាច​ណា​មួយ​ទៅ​ប្រឆាំង​នឹង​មហាអំណាច​មួយ​ទៀត។ ក៏ប៉ុន្តែ​ឥរិយាបថ​របស់​កម្ពុជា​នៅ​ពុំទាន់ផ្តល់ទំនុក​ចិត្តដល់ប្រទេស​លោក​ខាងលិច​ឬក៏សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោកថ្លែង​ថា​៖«ជំហរ​អាព្យាក្រឹត​ជាការ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​គ្រាន់តែ​ឥរិយាបថ​នយោបាយ​កន្លង​មក​ពុំ​ទាន់​ឆ្លុះ​បញ្ចាំងឱ្យភាគី​ដូច​ជា​សហរដ្ឋអាមេរិកហ្នឹង​ជឿ​ទុកចិត្ត​ទេ។ អ៊ីចឹង​បាន​មាន​ភាព​ប្រទាញ​ប្រទង់​ឬការ​លើក​ឡើងកន្លង​មកហ្នឹងនៅ​ខ្វែង​ទស្សនៈគំនិត​គ្នា​»។

ប្រធានវិទ្យាស្ថានទំនាក់​ទំនង​អន្តរជាតិនៃរាជបណ្ឌិត្យ​សភា​កម្ពុជាលោក គិន ភា យល់​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​អាមេរិក​និង​កម្ពុជា​ គឺ​ជា​ទំនាក់​ទំនង​ដែលពេល​ខ្លះ​មាន​ភាពស្និទ្ធស្នាល​ និង​ពេល​ខ្លះ​ទៀត​ប្រឈម​ភាព​រកាំរកូស។

​លោក​និយាយ​ថា៖«ប៉ុន្តែបើ​សិន​ជាយើង​និយាយ​ពី​ដំណើរ​នៃទំនាក់​ទំនង​នេះ​ ក្នុង​ពេល​ចុង​ក្រោយ​យើង​ឃើញ​ហាក់​ដូច​ជា​មាន​ការ​វិវឌ្ឍ​ជាវិជ្ជមាននៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ចាំ​បាច់​ត្រូវ​តែ​យក​ចំណុច​ដែល​មិន​យល់​គ្នា​ឬក៏​មាន​ការ​យល់​ច្រឡំនឹ​ងគ្នា​ហ្នឹង​ ព្យាយាម​ធ្វើ​ឱ្យ​វាមាន​ការ​យល់​គ្នា​វិញ​ មាន​ន័យ​ថា​យើង​ព្យាយាមបំព្រួញ​គម្លាត​នៃ​ទំនុក​ចិត្ត ដែល​យើង​មិន​យល់​គ្នា​ឱ្យ​យល់​គ្នា»។

កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កំពុងបន្តមិន​មាន​ការយល់គ្នា​ច្បាស់​ពី​បញ្ហា​មួយ​ចំនួន​ ក្នុង​នោះ​គឺលទ្ធភាព​ដែលកម្ពុជា​អាច​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កង​ទ័ព​ចិន​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាមរបស់​កម្ពុជា បើទោះបី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ផ្តល់​ការ​ពន្យល់​ជាញឹកញាប់​ថា​ មូលដ្ឋានកងទ័ព​ជើង​ទឹករាមនោះ​មិន​អាច​ប្រែក្លាយ​ជា​ការ​តាំងទី​របស់កងទ័ព​ចិន​នោះ​ក៏ដោយ​។

នា​ពេលថ្មីៗ​នេះ​ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកអ្នកស្រី Wendy Sherman​ បាន​លើកឡើង​ពី​ក្តី​បារម្ភ​សាជាថ្មី​ម្តងទៀត​អំពីវត្តមាន​នៃ​កងទ័ពចិន​ និង​ការ​សាងសង់សំណង់​អគារ​ជាច្រើន​នៅ​មូលដ្ឋាន​កងទ័ពជើង​ទឹក​រាម ក៏ដូច​ជា​ផល​ប៉ះពាល់​មកលើ​សន្តិសុខ​តំបន់។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ចេញផ្សាយ​កាលពីថ្ងៃទី​១១ ខែឧសភា​ ក្រោយ​ជំនួប​របស់អ្នកស្រី Wendy Sherman​ និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោកប្រាក់​ សុខុន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​នៅថ្ងៃព្រហស្បតិ៍ថា ជាគោល​ការណ៍ គោល​នយោបាយ​ការបរទេស​កម្ពុជា​គឺ​ប្រកាន់​យក​ជំហរ​កណ្តាល​ និង​សន្តិសហវិជ្ជមាន។​ លោក​បញ្ជាក់​ថា​ឥរិយា​បថ​របស់​កម្ពុជា​ដែល​ធ្វើ​ទៅ​លើ​ចិន​គឺដូច​អ្វី​ដែលកម្ពុជា​ធ្វើ​ទៅ​លើ​អាមេរិក​ដែរ​។ នេះមានន័យ​ថា​ កម្ពុជា​មិន​បង្ហាញ​ជំហរ​លម្អៀង​ទៅកាន់​ភាគីណាមួយ​នោះ​ទេ​ ក្នុង​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន​ទេ៕