នាយកប្រតិបត្តិ ៩ នាក់នៃក្រុមហ៊ុនឱសថដែលប្រជែងគ្នាផលិតវ៉ាក់សាំងជំងឺកូវីដ១៩ បានថ្លែងរួមគ្នាកាលពីថ្ងៃអង្គារថា ពួកគេនឹងមិនស្នើសុំការអនុម័តពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនោះទេ រហូតដល់ការធ្វើតេស្តដំណាក់កាលទី៣ បង្ហាញថា វ៉ាក់សាំងពិតជាមានសុវត្ថិភាព។
ការថ្លែងដូចនេះបានធ្វើឡើង ស្របពេលដែលលោកប្រធានាធិបតី Donald Trump លើកឡើងថា អាចមានការប្រកាសអំពីវ៉ាក់សាំងជោគជ័យមួយនៅមុនថ្ងៃបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា ចូលមកដល់។
នាយកប្រតិបត្តិទាំងនោះថ្លែងរួមគ្នាក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងខ្ញុំជឿជាក់ថា ការសន្យាដូចនេះនឹងជួយធានានូវទំនុកចិត្តរបស់សាធារណជននៅក្នុងដំណើរការវិទ្យាសាស្ត្រ និងបទប្បញ្ញត្តិហ្មត់ចត់ សម្រាប់វាយតម្លៃលើវ៉ាក់សាំងជំងឺកូវីដ១៩ ដែលអាចទទួលបានការអនុម័ត»។
នាយកប្រតិបត្តិទាំងនេះក៏បាននិយាយផងដែរថា ពួកគេ «តែងតែផ្ដល់អាទិភាពខ្ពស់ចំពោះសុវត្ថិភាព និងសុខមាលភាពរបស់បុគ្គលដែលចាក់វ៉ាក់សាំង»៕