ប៉ូលិសនៅក្នុងប្រទេសអេស្ប៉ាញនិយាយថា អ្នកបើករថយន្ត Van ដែលបើកបុកមនុស្សដើរនៅតាមផ្លូវនៅក្នុងទីក្រុង Barcelona កាលពីថ្ងៃព្រហស្បតិ៍ ប្រហែលនៅរត់គេចខ្លួននៅឡើយ ដែលផ្ទុយទៅនឹងសេចក្តីរាយការណ៍កាលពីដំបូងថា អ្នកបើកបររថយន្តនោះស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារប្រហាក់ប្រហែលគ្នាប៉ុន្មានម៉ោងក្រោយមកនៅក្នុងទីក្រុងជិតនោះ។
Younes Abouyaaqoub អាយុ២២ឆ្នាំជាជនជាតិម៉ារ៉ុកបានត្រូវប៉ូលិសស្វែងរកនោះឥឡូវនេះត្រូវបានគេមើលឃើញថាអាចជាមេដឹកនាំរបស់ក្រុមដែលបានធ្វើការវាយប្រហារនៅក្នុងទីក្រុង Barcelona ហើយនឹងការវាយប្រហារមួយទៀតនៅក្នុងទីក្រុង Cambrils ដែលស្ថិតនៅចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Barcelonaនៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសអេស្ប៉ាញ។
មនុស្សទាំងអស់ចំនួន១៤នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារភេរវកម្ម២ មនុស្ស១៣នាក់ស្លាប់នៅក្នុងទីក្រុង Barcelonaហើយម្នាក់ទៀតនៅក្នុងទីក្រុង Cambrilsដែលនៅទីនោះរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សដើរមុនពេលប៉ូលិសបាញ់សម្លាប់ជនសង្ស័យ៥នាក់បន្ទាប់ពីពួកគេរត់ចេញពីរថយន្ត។ បណ្តាញព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ជនសង្ស័យម្នាក់នៃជនសង្ស័យទាំងនោះដែលមានឈ្មោះថា Moussa Oukabirអាយុ១៧ឆ្នាំបានត្រូវបាញ់សម្លាប់នៅក្នុងទីក្រុង Cambrilsដែលត្រូវបានគេជឿជាក់ថាជាអ្នកបើករថយន្ត Van នៅក្នុងទីក្រុង Barcelona។ក៏ប៉ុន្តែ ក្នុងអំឡុងនៃការសម្ភាសន៍ជា មួយទូរទស្សន៍ក្នុងមូលដ្ឋានកាលពីយប់ថ្ងៃសុក្រ មន្រ្តីប៉ូលិសម្នាក់បាននិយាយថា ការណ៍នេះមិនទំនងថា Oukabir បានបើករថយន្ត Vanនោះទេ។
ប៉ូលិសក៏ជឿជាក់ដែរថា ក្រុមនោះប្រហែលរៀបចំផែនការវាយប្រហារដ៏ធំជាងនេះ ក៏ប៉ុន្តែ ការផ្ទុះដោយចៃដន្យមួយនៅឯផ្ទះរបស់ជនសង្ស័យដែលត្រូវបានប្រើប្រាស់ដោយសមាជិករបស់ក្រុមនោះប្រហែលបង្អាក់ផែនការនោះ។មនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរបានស្លាប់នៅក្នុងការផ្ទុះនោះ ហើយប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត៕