ក្រុម​កំណែទម្រង់​ពន្ធដារ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ព្យាយាម​លុប​បំបាត់​ចន្លោះ​ប្រហោង

  • Nick Long

ផែនទីបង្ហាញពី​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ ក្រុម​កំណែទម្រង់​ពន្ធដារ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ព្យាយាម​លុប​បំបាត់​ចន្លោះ​ប្រហោង។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ផែនការកំណែ​ទម្រង់​ការ​ប្រមូល​ពន្ធដារ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​អាច​ជួយ​លុប​បំបាត់​ភាព​លេច​ធ្លាយ​យ៉ាង​ធំ​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធដារ។ ប៉ុន្តែ​កំណែទម្រង់​នោះ​មាន​ភាព​ស្មុគ្រស្មាញដោយសារ​ការ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២១ ​ពេល​ថ្មី​ៗ​នេះ​ ហើយ​ក្រុម​អ្នក​សង្កេតការណ៍​បាន​ព្រមាន​ថា ជន​ពុក​រលួយ​ប្រហែល​នៅ​តែ​អាច​រក​ឃើញ​ចន្លោះ​ទាញ​យក​ប្រយោជន៍​ពី​ក្នុង​ប្រព័ន្ធ​ថ្មី។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោខាត​បង់​ប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ចំណូល​ពន្ធ​ដែល​មិន​បាន​ប្រមូល។ នេះ​បើ​យោង​ទៅ​តាម​ទីប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​ប្រធានាធិបតី​ Joseph Kabila ។

ការ​ប្រមូល​ពន្ធ​មាន​ភាព​ទន់​ខ្សោយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កម្រិត​រដ្ឋាភិបាល​មូលដ្ឋាន។ ជា​ឧទាហរណ៍ នៅ​ក្រុង Kasai Central ​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ថ្នាក់​ខេត្ត ​លោក Willian Kazumbar និយាយ​ថា រដ្ឋាភិបាល​ប្រមូល​បាន​ត្រឹម​តែ​ចន្លោះ​ពី​១០​ទៅ​២០ភាគរយ​នៃ​ពន្ធ​ដែល​ត្រូវ​ប្រមូល​តែ​ប៉ុណ្ណោះ។

លោក​ Kazumbar​ បា​ននិយាយ​ថា ប្រព័ន្ធ​ស្វ័យប្រវត្តិ​ថ្មី​មួយ​អាច​ជួយ​បំពេញ​ចន្លោះ​ប្រហោង​ដែល​មាន​ពី​មុន​មក។ នៅ​ពេល​អនាគត អ្នក​ប្រមូល​ពន្ធ​អាច​បោះពុម្ព​ចេញ​ជា​វិក័យប័ត្រ​ពី​កុំព្យូទ័រ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​បង់ពន្ធ​ ឬ​ប្រសិន​បើ​ពួកគេ​ធ្វើនៅ​ខាង​ក្រៅ​ការិយាល័យ​ ប្រតិបត្តិការ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ម៉ាស៊ីន​កាន់​នៅ​ដៃ។

លោក​ Kazumbar បាន​បន្ត​ថា នៅ​ពេល​ដែល​ភ្នាក់ងារ​ត្រលប់​មកកាន់​ការិយាល័យ​វិញ ម៉ាស៊ីន​នោះ​នឹង​បង្ហាញ​ពី​ពន្ធ​ដែល​ភ្នាក់ងារ​នោះ​បាន​ប្រមូល​ និង​វិក័យប័ត្រ​ដែល​បាន​ឲ្យ​ទៅ​អ្នក​បង់​ពន្ធ ហើយ​វា​នឹង​ការពារ​ភ្នាក់ងារ​ប្រមូលពន្ធ​ពី​ការ​ប្រគល់​ប្រាក់​តិច​ជាង​បរិមាណ​ប្រាក់​ដែល​ខ្លួន​បាន​ប្រមូល ពីព្រោះ​ថា អ្វីៗ​ទាំងអស់​អាច​ត្រូវបាន​ពិនិត្យ។

ប៉ុន្តែ​អ្នក​នយោបាយ​ក្នុង​ស្រុក​ម្នាក់ ​លោក Jim Mukenge មក​ពី​បក្ស​ប្រឆាំង​ UDPS មិន​គិត​ថា ប្រព័ន្ធ​ប្រមូល​ពន្ធ​ថ្មី​នឹង​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ «ភ្នាក់ងារ​ដែល​បង្គាប់​ឲ្យ​ប្រជាជន​បង់​ពន្ធ​នឹង​ប្រើ​ប្រព័ន្ធ​ចាស់។ ពួកគេ​នឹង​ទៅ​ហាង​មួយ ដោយ​យក​លុយ​មួយ​ចំណែក​សម្រាប់​ពួកគេ ហើយ​ដាក់​លុយ​ផ្សេង​ទៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ»។

ហើយ​លោក​រដ្ឋមន្រ្តី Kazumba យល់​ស្រប​ថា កុំព្យូទ័រ ឬ​ឧបករណ៍​ស្វ័យប្រវត្តិ​នឹង​មិន​លុប​បំបាត់​ការ​ក្លែងបន្លំ​ទាំង​អស់​នោះ​ទេ។

លោក​បាន​បន្ត​ថា៖ «យើង​មិន​អាច​ឲ្យ​ម៉ាស៊ីន​ធ្វើ​អ្វីៗ​ទាំងអស់​នោះ​ទេ ដោយសារ​តែ​ម៉ាស៊ីន​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស ហើយ​ប្រសិន​បើ​មនុស្ស​នោះ​ពុករលួយ​ គេ​នឹង​ដាក់​ទិន្នន័យ​ខុស។ ម៉ាស៊ីន​មិន​អាច​ប្រកែក​ថា ទេ! អ្វី​ដែល​អ្នក​កំពុង​ប្រាប់​ខ្ញុំ​ គឺ​មិន​ពិត​ទេ»។

តាម​ទ្រឹស្តី​ ម៉ាស៊ីន​នោះ​អាចទប់​ស្កាត់​ការ​ក្លែងបន្លំ​ ប្រសិន​បើ​អ្វី​ដែល​អ្នក​បង់​ពន្ធ​ត្រូវ​បង់​នោះ​ស្ថិត​នៅ​ក្នុង​ម៉ាស៊ីន​ស្រាប់​ ប៉ុន្តែ​ថា​តើ​ការណ៍​នេះ​អាច​សម្រច​បាន​ឬ​ទេ​ គឺ​នៅ​តែ​ជា​បញ្ហា​មួយ។

VOA ​បាន​សាកសួរ​ទៅ​ក្រុមហ៊ុន KS Infosystems ដែល​ជា​ក្រុមហ៊ុន​អនុវត្ត​កំណែទម្រង់​ពន្ធដារ​នៅ​តាម​ខេត្ត ថា​តើ​ក្រុមហ៊ុន​នោះ​បាន​ទទួល​ទិន្នន័យ​អ្នក​បង់​ពន្ធ​ដែរ​ឬទេ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​មិន​បាន​ទទួល​ទិន្នន័យ​នោះ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​តែ​ហ្វឹកហ្វឺន​បុគ្គលិក ហើយ​បន្ទាប់​មក​ពួកគេ​នឹង​វាយ​បញ្ចូល​ទិន្នន័យបច្ចុប្បន្ន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ។

លោក​ Julian Adey អ្នកប្រឹក្សា​ពន្ធដារ​ជាន់ខ្ពស់​មួយ​នៃ​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ Adam Smith International បាន​ឲ្យ​ដឹង​ថា ហេតុផល​មូលដ្ឋាន​មួយ​នៃ​ការ​ធ្វើស្វ័យប្រវត្តិកម្ម​លើ​ការ​ប្រមូល​ពន្ធ​គឺ​ដើម្បី​បំបាត់​ចោល​ប្រត្តិបត្តិការ​ធ្វើ​ឡើង​ដោយ​មនុស្ស​ផ្ទាល់។

លោក​បាន​និយាយ​ថា មាន​បញ្ហា​ដទៃ​ក្នុង​កំណែ​ទម្រង់​ប្រភេទ​ដូចគ្នា​នេះ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ លោក​បាន​បន្ថែម​ថា ហើយ​ប្រហែល​ជា​បញ្ហា​ធំ​បំផុត​នោះ គឺ​កង្វះ​ទំនុក​ចិត្ត​លើ​របៀប​ដែល​លុយ​ប្រមូល​បាន​ពី​ពន្ធ​ត្រូវ​បាន​ប្រើ​ប្រាស់​ពិត​ប្រាកដ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា