ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ពន្ធដាររ​ពុក​រលួយ​អាច​បាត់បង់​ការងារ​ ឬ​ពិន័យ


អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​រក​ឃើញ​ភ្នាក់ងារ​ពន្ធដារ​ចំនួន​៣០​នាក់​ដែល​បាន​ទារប្រាក់​លើស​៥០០០​រៀល​សម្រាប់​យានយន្ត​​មួយ​គ្រឿង។
អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​រក​ឃើញ​ភ្នាក់ងារ​ពន្ធដារ​ចំនួន​៣០​នាក់​ដែល​បាន​ទារប្រាក់​លើស​៥០០០​រៀល​សម្រាប់​យានយន្ត​​មួយ​គ្រឿង។

ភ្នំពេញ៖ ភ្នាក់ងារ​ពន្ធដាររ​មួយ​ចំនួន​នឹង​ត្រូវ​បាត់បង់​ការងារ​ ​ដោយសារ​ការ​ទារ​ប្រាក់​លើស​ពី​អ្នក​បង់​ពន្ធទោចក្រយានយន្ត​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​ទោស​កំហុស​របស់​ភ្នាក់ងារ​ពន្ធដារ​ទាំង​នេះ​ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ អង្គការ​សង្គម​ស៊ីវិល​បាន​ស្វាគមន៍​ចំណាត់​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឆន្ទៈ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ពាក្យ​បណ្តឹង​ចំនួន​៩០​របស់​អង្គការ​សង្គមស៊ីវិល​និង​បាន​រក​ឃើញ​អ្នក​មាន​ទោស​កំហុស​នេះ។

លោក​ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ភ្នាក់ងារ​ពន្ធដារចំនួន​៣០​នាក់​នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ពី​ការងារ​ចំពោះ​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​ទារប្រាក់​លើស ​នៅ​ក្នុង​ការ​លក់​ប័ណ្ណ​បង់ពន្ធ​ទោចក្រ​យានយន្ត​ប្រចាំ​ឆ្នាំ​២០១០។​ លោក​ឱម យិនទៀងបាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយថា​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយបាន​រក​ឃើញ​ភ្នាក់ងារ​ពន្ធដារ​ចំនួន​៣០​នាក់​ដែល​បាន​ទារប្រាក់​លើស ​៥០០០​រៀល​សម្រាប់​យានយន្ត​មួយ​គ្រឿង។

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បន្ត​ថា​ ​លោក​នឹង​បញ្ជូន​ឯកសារ​ភស្តុតាង​ទាក់ទង​នឹង​ភ្នាក់ងារ​ពន្ធដារ​៣០​នាក់​នេះ​ទៅ​ក្រសួង​ហិរញ្ញ​វត្ថុ​និង​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ដើម្បី​ ដាក់​ទណ្ឌ​កម្ម​រដ្ឋបាល។

«យើង​ខ្ញុំ​ស្នើ​ទៅ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​សុំដាក់​ពិន័យ​រដ្ឋបាល​នៅ​ស្អែក​ព្រឹក​ ហើយ​សូម​រាយ​ការណ៍​មក​ឱ្យ​យើង​ខ្ញុំ​វិញ។ ​ខ្ញុំ​ជឿ​ថា​ ​កំហុស​ធ្ងន់​បំផុត​ត្រូវ​បញ្ឈប់​ពី​ការងារ​ ​មិន​ដំឡើង​ឋានៈ​ ​និង​ព្យួរ​ការងារ។​ ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​គិត​ថា​ ​កំហុស​ធ្ងន់​ជាង​គេ​បំផុត​គឺ​បណ្តេញ​ចេញ​ពី​ការងារ»។

ពិន័យ​រដ្ឋបាល​មាន​ការ​ស្តីបន្ទោស​ ​ការ​មិន​ដំឡើង​ឋានៈ​ ​ការ​ព្យួរ​ការងារ ​និង​ការ​បណ្តេញ​ចេញ​ពី​ការងារ​ ​ស្រប​តាម​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្ត។

លោក​ឱម យិនទៀង​បាន​បញ្ជាក់​ថា​ ​ភស្តុតាង​ជាក់​ស្តែង​ចំនួន​១៤​ទំព័រ​បាន​បង្ហាញ​ថា​ ​ភ្នាក់ងារ​ពន្ធដារ​ចំនួន​៣០​នាក់​បាន​ទារ​ប្រាក់​លើស​ពី​អ្នក​បង់ពន្ធ​ដោយ​មាន​រូបថត​ ​ឈ្មោះ​ ​អត្តលេខ​ ​និង​ទី​កន្លែង។ ​ឯកសារ​ភស្តុតាង​នេះ​បាន​សរសេរ​ថា​ ​មន្ត្រី​លក់​ពន្ធ​ចល័ត​ទារប្រាក់​លើស​៥០០០​រៀល​ពី​អ្នក​បង់ពន្ធ​ផ្លូវ​ ដោយ​យក​លេស​ថា​ ​ថ្លៃ​ឯកសារ​ ​ថ្លៃ​សរសេរ​បំពេញ​ឯកសារ​ ​ថ្លៃ​ទិញ​ទឹក​បរិសុទ្ធ​បរិភោគ។

លោក​ សន ជ័យ​ ​ប្រធាន​រួបរួម​ដើម្បី​គណនេយ្យ​សង្គម​ ​បាន​ថ្លែង​ថា​ ​លោក​អបអរ​សាទរ​ចំពោះ​ចំណាត់​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​មាន​ឆន្ទៈ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ពាក្យ​បណ្តឹង​ចំនួន​៩០​របស់​អង្គការ​សង្គម​ស៊ីវិល ​និង​បាន​រក​ឃើញ​អ្នកមាន​កំហុស​នេះ។

«ការ​ដាក់​ពិន័យ​រដ្ឋបាល​ជា​ការរួមចំណែក​មួយ​នៅ​ក្នុង​ការ​លុប​បំបាត់​ការទារប្រាក់​លើស​ ​ពីអ្នក​បង់ពន្ធ​ ​នៅ​ពេល​ប្រមូល​ពន្ធ​នេះ។​ នៅ​ឆ្នាំ​បន្ទាប់​ទៀត​ យើង​ចង់​ឃើញ​ការ​ដាក់ទោស​ទាក់ទង​នឹង​បទ​ពុករលួយ​ ​ដូច​ជា​ ​ការ​ដាក់​ពន្ធនាគារ​ជាដើម​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ ​ការ​ពិន័យ​រដ្ឋបាល​គឺ​ជា​ទង្វើ​មួយ​ដែល​អាច​ទទួល​យក​បាន​ពី​សង្គម​ស៊ីវិល»។

មន្ត្រី​នៅ​អគ្គ​នាយដ្ឋាន​ពន្ធដារបាន​បញ្ជាក់​ថា​ ​ភ្នាក់ងារ​ពន្ធដារ​ដែល​មាន​នៅ​ក្នុង​បញ្ជី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនអាច​គេច​ផុត​ពីកា​រដាក់​ទណ្ឌកម្ម​រដ្ឋបាល​បាន​ទេ។

នៅ​ចុង​ខែកញ្ញា​ ​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ពាក្យ​ប្តឹង​ចំនួន​៩០​ដែល​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​ច្រើន​រាប់​ពាន់​នាក់​នៅ​ទូទាំងប្រទេស​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ក្នុង​ព្រឹត្តិ​ការណ៍មួយទៀត​ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ខ្លួន​ចាប់​អតីត​ប្រធាន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិសាត់​អំពី​បទ​ពុករលួយ​ ​ចាប់​ជំរិត​មនុស្ស​ ​ទារប្រាក់​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

លោក​តុប ច័ន្ទសិរីវុធ​ ​ប្រធាន​ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​ពោធិសាត់​ ​ត្រូវ​បាន​ចាប់​ខ្លួនបន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ព័ត៌មាន​ចារកម្ម​ ​និង​ភស្តុតាង​គ្រប់​គ្រាន់៕

XS
SM
MD
LG