តំណាងរាស្រ្ត​សារធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ស្នើ​ឲ្យ​លោក​អូបាម៉ា​​ចាត់​តាំងប្រេសិត​ថ្មី

  • Nick Long

រូបថតឯកសារ៖ ប្រសិតពិសេស​​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ Great Lakes និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ លោក Russel Feingold និយាយ​ទៅ​កាន់​អ្នក​កាសែតនៅ​ទីក្រុង​ Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ២០១៤។

តំណាងរាស្ត្រ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​តាំង​ប្រេសិត​ថ្មី​ទៅ​កាន់​តំបន់ ​Great Lakes ដើម្បី​ជំនួស​លោក​ Russ Feingold ដែល​បាន​ចូល​និវត្ត។ នៅ​ក្នុង​សារលិខិត​មួយ​សរសេរ​ទៅ​កាន់​លោក​ អូបាម៉ា​ តំណាង​រាស្ត្រ​ទាំង​នោះ​និយាយ​ថា​ ពួកគាត់ត្រូវ​ការ​ប្រេសិត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​ភាព​អសន្តិសុខ​ដែល​កម្រើក​ឡើង​វិញ​នៅ​ក្នុង​តំបន់​នោះ។

សមាជិក​សភា​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ដប់​នាក់​មក​ពី​គណបក្ស​ប្រឆាំង​ផ្សេងៗ​ និង​ក្រុម​ចម្រុះ​នៃ​គណបក្ស​កាន់​អំណាច​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ទៅកាន់​ប្រធានាធិបតី​លោក​បារ៉ាក់​ អូបាម៉ា​ ដែល​លិខិត​នោះ​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ក្នុង​សប្តាហ៍​នេះ។

ក្នុង​លិខិត​នោះ​ ពួកគាត់បាន​ស្នើ​ឲ្យ​លោក​អូបាម៉ា​ដាក់​តំបន់​ Great Lakes នៃ​ទ្វីបអាហ្វ្រិក​ក្នុង​របៀប​វារៈ​កំពូល​របស់​លោក ដោយសារ​តែ​ភាព​អសន្តិសុខ​កើតឡើង​សារ​ជាថ្មី ​និង​គ្រោះ​ថ្នាក់​ដែល​កើត​ចេញ​ពី​ការ​កើន​ឡើង​នៃ​អំពើ​ភេរវកម្ម​ដោយ​ក្រុម​អ៊ីស្លាម​នៅ​ក្នុង​តំបន់​នោះ។

តំណាងរាស្ត្រ​ទាំង​នោះ​បាន​កត់ត្រា​អំពី​ការ​សម្លាប់​រង្គាល​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៤០០​នាក់​ ចាប់​តាំង​ពី​ខែ​តុលា​មក​ និង​ការ​កើន​ឡើង​នៃ​ការចាប់​ពង្រត់​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ភាគ​ខាង​កើត​ ក៏​ដូច​ជា​ចលាចល​ដែល​កើត​ឡើង​ថ្មីៗ​នេះ​ក្នុង​ប្រទេស​ប៊ូរុនឌី។

ពួកគាត់​បាន​លើក​ឡើង​ថា​ នេះ​អាច​ជា​ការ​ចាប់​ផ្តើម​ចលនា​បះបោរ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដែល​អាច​ធ្វើ​ឲ្យ​ការងារ​ដែល​សម្រេច​ឡើង​ដោយ​អតីត​ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក ​Russ Feingold​ វិវត្ត​ទៅ​រក​ភាព​ដើម​វិញ។ ក្រុម​អ្នក​តំណាង​រាស្រ្ត​ជា​ច្រើន​បាន​ផ្តល់​តម្លៃ​ដល់​ការងារ​ទាំងនោះ​ថា ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​ការ​បះបោរ​ M23 ​នៅ​ក្នុង​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ កាល​ពី​ឆ្នាំ​២០១៣។

លិខិត​នោះ​បាន​បញ្ចប់​ដោយ​មាន​ការ​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​តែងតាំង​ប្រេសិត​ពិសេស​ថ្មី​មួយ​ទៅ​កាន់​តំបន់​នោះ​ឲ្យ​បាន​ឆាប់។

អ្នក​ដែល​បាន​ចុះ​ហត្ថលេខាម្នាក់​ក្នុង​ចំណោម​អ្នក​ចុះ​ហត្ថលេខា​ទាំង​នោះ​ គឺ​លោក​ Juvenal Munubo Mubi ដែល​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​ UNC។ លោក​បាន​ប្រាប់​វីអូអេ​ ថា​ លោក​បាន​គិត​ថា​ លោក​ Feingold បាន​ធ្វើ​កិច្ច​ការ​យ៉ាង​ប្រសើរ​មួយ​ ហើយ​លោក​ត្រូវ​បាន​កោត​សរសើរ​ដោយ​មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា​ លោក Feingold ​បាន​រក្សា​ការ​ទំនាក់ទំនង​ជាមួយ​បណ្តា​មេដឹកនាំ​ក្នុង​តំបន់​ ក្នុង​ទីក្រុង​ Kinshasa​ ក្រុង​ Kigali ​ក្រុង Kampala និង​ក្រុង​ Bujumbura ហើយ​លោក​បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ភាព​ចាំបាច់​ក្នុង​ការ​បញ្ចប់​ការ​បះបោរ​ M23 ក៏​ដូច​ជា​ភាពចាំបាច់​ក្នុង​ការ​ដោះ​ស្រាយ​ចំពោះ​ក្រុម​បះបោរ​ FDLR នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា។

លោក​ Mubi​ បាន​និយាយ​ថា​ ទំនាក់ទំនង​ល្អ​រវាង​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ និង​ប្រទេស​រវ៉ាន់ដា​ កាល​ពី​ពេល​មុន​ គឺ​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ ហើយ​វា​ជា​ពេល​វេលា​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​កាន់​តែ​ខ្លាំង​លើ​បញ្ហា​សន្តិសុខឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំ​ងពីរ​នេះ។

លោក​និយាយ​ថា មាន​ហេតុផល​សមរម្យ​ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ ពីព្រោះ​ថា​មាន​របាយការណ៍​អំពី​ចលនា​គួរ​ឲ្យ​សង្ស័យ​នៅ​តាម​ព្រំដែន​រវាង​ខេត្ត​ North Kivu ​នៃ​ប្រទេស​កុងហ្គោ​ និង​ប្រទេស​រវ៉ាន់ដា។

លោក Mubi បាន​បន្ថែម​ថា​ លោក​មិន​ជឿ​ពាក្យ​ចចាមអារាម​ទាំង​អស់​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​ចង្អុល​បង្ហាញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ខែ​មុន​ដែល​ចេញ​ដោយ​អភិបាល​ខេត្ត​ North Kivu​ លោក​ Julien​ Paluku​ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថា​ ទាហាន​រវ៉ាន់ដា​បាន​ឆ្លង​កាត់​ព្រំដែន​ហើយ​បាន​បាញ់​តបត​ជាមួយ​កង​ទាហាន​របស់​ប្រទេស​កុងហ្គោ។

ប្រទេស​រវ៉ាន់​ដា​បាន​បដិសេធ​ថា​ ទាហាន​របស់​ខ្លួន​មិន​បាន​ធ្វើ​ការ​លុកលុយ​ណា​មួយ​នោះ​ទេ៕​

ប្រែសម្រួល​ដោយ នៀម ឆេង