សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបញ្ជូនទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
លោកម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បានឲ្យវីអូអេដឹងនៅថ្ងៃអង្គារនេះថា ព្រឹទ្ធសភាបានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃច័ន្ទ ដោយពុំមានការកែសម្រួលលើសេចក្តីព្រាងច្បាប់នេះទេ។
«ដូចជាអត់មានការផ្លាស់ប្តូរអីទេ។ អ្វីដែលយើងបានពិភាក្សាលើទម្រង់ច្បាប់ លើគតិច្បាប់ហ្នឹង ហើយនឹងស្របតាមរដ្ឋធម្មនុញ្ញ គឺយើងបានពិនិត្យល្អិតល្អន់ហើយ»។
ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស់នេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីមេដឹកនាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ខណៈសហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសភាសហភាពអឺរ៉ុបបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងកែសម្រួលមាត្រាដែលរឹតត្បិតសិទ្ធិសេរីភាពមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ ឬក៏ស្នើឲ្យបដិសេធសេចក្តីព្រាងច្បាប់នេះចោលតែម្តង។
ប៉ុន្តែលោកម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងការពារសេចក្តីព្រាងច្បាប់នេះ ដោយលោកបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកដល់ដំណើរការប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ហើយជួយឲ្យអង្គការសង្គមស៊ីវិលក្លាយជានីតិបុគ្គលប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ក្នុងការចាយវាយថវិកាម្ចាស់ជំនួយ នៅពេលដែលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។
«វាផ្ទុយនឹងអ្វីដែលការចោទថា យើងនឹងបិទសិទ្ធិសេរីភាព។ តាមពិតហ្នឹងគឺយើងជួយដល់អង្គការសមាគមទាំងអស់ឲ្យក្លាយទៅជានីតិបុគ្គលស្របច្បាប់ ហើយឲ្យគាត់មានសិទ្ធិសេរីភាពក្នុងបញ្ហាការទទួលខុសត្រូវផ្នែកច្បាប់ ជួយគាត់រាល់ការដោះស្រាយ រាល់ការវិវាទផ្សេងៗ យើងដោះស្រាយទៅតាមផ្លូវច្បាប់ជូនគាត់»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលអនុម័តដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចនេះ មាន៩ជំពូក និង៣៩មាត្រា។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីបានធ្វើពហិការក្នុងការអនុម័តសេចក្តីច្បាប់នេះ ដែលពួកគេមើលឃើញថា ជាការបង្កភាពស្មុគស្មាញ និងប៉ះពាល់ដល់ប្រសិទ្ធភាពដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋកំពុងទទួលបានពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលយ៉ាងពិតប្រាកដ។
មាត្រាមួយចំនួននៃសេក្តីព្រាងច្បាប់នេះមានចែងពីវិធានការរដ្ឋបាលនិងទោសបញ្ញត្តិ ដែលអាចបើកផ្លូវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមបទបញ្ញត្តិនៃច្បាប់នេះ។
ក្នុងករណីមិនរាងចាល សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះ នឹងត្រូវពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល ដោយក្រសួងមហាផ្ទៃ។
វីអូអេពុំអាចទំនាក់ទំនងលោកអ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទេ ដោយទូរស័ព្ទរបស់លោកពុំដំណើរការ។
លោកសឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មានប្រសាសន៍ថា លោកពុំមានជំនឿថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងរុញសេចក្តីព្រាងច្បាប់ដ៏គួរឲ្យព្រួយបារម្ភនេះ មកឲ្យរដ្ឋសភាពិនិត្យពិចារណាឡើងវិញនោះទេ ហើយថា លោកពិបាកនឹងសន្និដ្ឋានពីឯករាជ្យភាពនៃអង្គនីតិបញ្ញត្តិកំពូលមួយនេះ។
«ខ្ញុំមិនអាចធានាថា គាត់មានជំហរឯករាជ្យ ឬក៏យ៉ាងម៉េចដែរទេណ៎ា ព្រោះកន្លងមកមិនដែលយើងឃើញ គឺកម្រមានច្បាប់ណាដែលទៅដល់ហ្នឹងហើយត្រូវបានធាក់ថយមកវិញទេ ទោះបីច្បាប់ដែលមានលក្ខណៈមិនស្របរដ្ឋធម្មនុញ្ញអីក្តី។ ឧទាហរណ៍ យើងឃើញពាក់ព័ន្ធនឹងច្បាប់ស្តីអំពីការរៀបចំតុលាការអីជាដើម។ល។ យើងឃើញមិនមានភាពច្បាស់លាស់រវាងតុលាការ និងរដ្ឋាភិបាល ហើយនឹងសភាក្តីនៅតែទៅ ហើយនឹងច្បាប់ថ្មីៗស្តីពីការបោះឆ្នោត ដែលដាក់បញ្ចូលសង្គមស៊ីវិលនៅក្នុងហ្នឹង ហាមឃាត់មិនឲ្យចូលរួមធ្វើនយោបាយអីហ្នឹងជាដើម។ល។ យើងឃើញ យើងពិបាកនឹងវិនិច្ឆ័យ»។
លោកបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាកំពុងស្វះស្វែងរកព្រះរាជអន្តរាគមន៍ពីអង្គព្រះមហាក្សត្រដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈប្រសើរឡើង ដោយសារសេចក្តីព្រាងច្បាប់នេះប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា និងរំខានដល់ការចូលរួមរបស់ពលរដ្ឋខ្មែរក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
កាលពីសប្តាហ៍មុន អង្គការលើកលែងទោសអន្តរជាតិ Amnesty International ក៏ចេញសេក្តីថ្លែងការណ៍ស្នើសុំឲ្យអង្គព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលសេចក្តីព្រាងច្បាប់នេះផងដែរ។ អង្គការលើកលែងទោសអន្តរជាតិថ្លែងថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់មែននោះ នោះច្បាប់នេះនឹងរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕