សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី

រូបឯកសារ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល ថ្លែងពីការរីកចម្រើនទៅមុខនៃស្ថានភាពសិទ្ធិមនុស្ស​ និងបរិយាកាសនយោបាយនៅកម្ពុជា​ដែលមិនអត់ឱន​ឲ្យ​អ្នកនយោបាយ​បម្រើបរទេស។ បទសម្ភាសន៍តាមប្រព័ន្ធSkype នៅថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១។ (Skype)

មន្រ្តី​កម្ពុជា​ឱ្យ​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ដើម្បី​ពិនិត្យ​រួច​ហើយ។

សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​ឯកសារ​គោល​មួយ ដើម្បី​អាច​ឈាន​ទៅ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មួយ​នៅ​កម្ពុជា ដែល​អង្គ​ការ​សង្គម​ស៊ី​វិល​ចង់​ឃើញ​ស្ថាប័ន​មួយ​នេះ​ដំណើរ​ការ​ដោយ​ឯករាជ្យ និង​បម្រើ​ផល​ប្រយោជន៍​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ។

ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល លោក កែវ រ៉េមី ​បាន​ជួប​អ្នករាយការណ៍​ពិសេស​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ វីទីត​ មុនតាប៊ន កាល​ពី​ថ្ងៃ​អង្គារ។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​វឌ្ឍន​ភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ។ នេះ​បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

មន្រ្តី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បញ្ជាក់​ទៅ​អ្នក​រាយការណ៍​ពិសេស​ថា​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។

លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​គណៈ​កម្មាធិការ​បាន​សហ​ការ​ជា​មួយ​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​ប្រចាំ​កម្ពុជា​(OHCHR) និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចំនួន​៣២​លើក​មក​ហើយ។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កំពុង​រង់​ចាំ​សេច​ក្ដី​ជូន​ដំណឹង​ពី​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។

លោក​បន្ថែម​ថា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​ជា​ស្ថាប័ន​ឯករាជ្យ​មួយ និង​មាន​តួនាទី​ក្នុង​ការ​ពិនិត្យ​របាយការណ៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ។

លោក​ថ្លែង​ថា៖ «ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះពេល​ដែល​យើង​បង្កើត​ឡើង​ជា​ស្ថាប័ន​ឯករាជ្យ។ ហើយ​យើង​បង្កើត​ឡើង​នេះ​គោល​បំណង​គឺ​ជា​ធម្មតា​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ គឺ​យើង​មាន​របាយការណ៍​គេ​ពិនិត្យ​ទៅ​លើរបាយការណ៍​ចំនួន​បី។ ទី​មួយ​របាយ​ការណ៍​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ខាង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​យើង​តែង​តែ​ធ្វើ​ដាក់​ជូន​ទៅ​ខាង​អង្គ​ការ​សហ​ប្រជាជាតិ។ ទី​ពីរ​គឺរបាយ​ការណ៍​ពី​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដែល​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទី​បី​គឺ​របាយការណ៍​ផ្សេងៗ​ដែល​ចេញ​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ក្នុង​រឿង​សិទ្ធិ​មនុស្ស»។

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ប្រាប់​វីអូអេ​ថា​លោក​នឹង​ជូន​ដំណឹង​ទៅ​សាធារណជន​អំពី​វឌ្ឍនភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ពេល​ក្រោយ បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​ទីស្ដី​ការ​គណៈរដ្ឋ​មន្រ្ដី​បញ្ចូល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្រ្តី។

ក្នុង​ការបង្កើត​ឱ្យមាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះ អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ឯករាជ្យភាព​នៃ​ស្ថាប័ន​មួយ​នេះ និង​ការ​បង្កើត​ឡើង​ក្នុង​ស្ថានភាព​ដែល​សិទ្ធិ​មនុស្ស​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ហើយ​អវត្តមាន​គណបក្ស​ជំទាស់។

នាយិកា​នៃ​មជ្ឃ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) អ្នកស្រី ចក់​ សុភាព ប្រាប់​វីអូអេ​ថា​កន្លង​មក អង្គ​ការ​សង្គម​ស៊ីវិល​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​នេះ ប៉ុន្តែ​អង្គ​ការ​សង្គម​ស៊ី​វិល​ក៏​មាន​ក្តី​ព្រួយ​បារម្ភ​ដែរ​ថា​ការ​បង្កើត​ស្ថាប័ន​នេះ​មិន​អនុ​លោម​ទៅ​តាម​គោលការណ៍​ទី​ក្រុង​ប៉ារីស​ដែល​ធានា​នូវ​ឯក​រាជ្យ​ភាព​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ មាន​អភ័យ​ឯក​សិទ្ធិ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​រដ្ឋាភិបាល។

អ្នកស្រី​ថ្លែង​ថា៖ «យើង​មាន​ក្តី​ព្រួយ​បារម្ភ​ដោយ​សារ​យើង​ដឹង​ហើយ​ថា​កន្លង​មក​ហ្នឹង​គឺ​បន្ទាប់​ពី​យើង​បោះ​ឆ្នោត​តាំង​ពី​២០១៨​មក​ហ្នឹង ​គឺ​យើង​មាន​ការ​ចម្រូង​ចម្រាស​ផ្នែក​នយោបាយ​ហើយ​ដែល​តំណាង​រាស្ត្រ​ភាគ​ច្រើន​លើស​លប់​ហ្នឹង​មាន​តែ​គណបក្ស​កាន់​អំណាច​ ហើយ​ដំណើរ​ការ​នៃ​ការ​ជជែក​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​ដែល​កន្លង​មក​ គឺ​ធ្វើ​ឡើង​ដោយ​ចម្រុះ​បាន​ន័យ​ថា​រវាង​អង្គ​ការ​សង្គម​ស៊ី​វិល​ជាមួយ​រដ្ឋា​ភិ​បាល​ហ្នឹង ​ក៏​វា​មាន​ភាព​ជាប់​គាំង​មួយ​ចំនួន​ដែល​ការ​ដាក់​ដំណើរ​ច្បាប់​អី​ហ្នឹង​ គឺ​មាន​ការ​យឺត​យ៉ាវ។ ល។​អ៊ីចឹង​ទៅ»។

អ្នក​ស្រី​យល់​ថា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​គួរ​តែ​ដើរ​តួនាទី​អនុ​លោម​តាម​គោល​ការណ៍​ទីក្រុង​ប៉ារីស និង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ឃ្លាំ​មើល រាយ​ការណ៍ និងស៊ើប​អង្កេត​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​ចាំ​បាច់​សម្រាប់​កម្ពុជា។

បើ​តាម​អ្នកស្រី ចក់ សុភាព បើ​សិន​ស្ថាប័ន​នេះ​មិន​បាន​ដើរ​តាម​គោល​ការណ៍​ទាំង​នេះ​ទេ វា​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ឡើយ។

ចំណែក​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វីអូអេ​ថា​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះ​មិន​ទាន់​មាន​ការ​ជជែក​គ្នា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ឡើយ។

លោក​ថ្លែង​ថា​៖ «អញ្ចឹង​ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​គួរ​មាន​ការ​ពិចារណា​នៅ​ក្នុង​អាច​មាន​សំឡេង​ចូល​រួម​ច្រើន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជា​ពិសេស​ខាង​សំឡេង​ជំទាស់​ហ្នឹង​មាន​សិទ្ធិ​ក្នុង​ការ​លើក​ឡើង​នូវ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ហើយ​អាច​ជជែក​គ្នា​ទៅ​បាន​ជា​លទ្ធ​ផល​រួម​មួយ​ល្អ​ប្រសើរ​ថា​ហ្នឹង​គួរ​តែ​មាន​ការ​គិត​គូរ​បែប​ហ្នឹង។ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​ពី​ព្រោះ​មិន​មែន​ជា​សិទ្ធិ​សម្រេច​អី​ខាង​សង្គម​ស៊ី​វិល​ទេ​ យើង​បាន​ថា​ត្រឹម​តែ​ជួយ​ផ្ដល់​នូវ​ទស្សនៈ​ទាន​ជូន​ទៅ​ខាង​ភាគី​ពាក់​ព័ន្ធ​ដែល​គ្រោង​នឹង​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ហ្នឹង​បាទ!»។

លោក​បន្ត​ថា​នៅ​ក្នុង​បរិបទ​នេះ ពុំ​គួរ​មាន​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នេះ​ឡើង​ទេ ព្រោះ​ការ​បង្កើត​ឡើង​ក្នុង​ពេល​ដែល​មានការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​ផ្សេងៗ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​ស្ថាប័ន​នេះ​បើ​សិន​ជា​បង្កើត​ឡើង​ដោយ​តាម​គោល​ការណ៍​ត្រឹម​ត្រូវ​បើ​យើង​និយាយ​ពី​កន្លង​មក​ជា​គោល​ការណ៍​ក្រុង​ប៉ារីស​អា​ហ្នឹង​វា​មាន​ ធ្វើ​ម៉េចមាន​ទាំង​ស្ថាប័ន​ហ្នឹង​វា​ឯក​រាជ្យ​ មនុស្ស​ហ្នឹង​ក៏​ជា​មនុស្ស​ធន​ធាន​ដែល​មនុស្ស​មាន​គុណ​សម្បត្តិ មាន​ឯក​រាជ្យភាព ការ​គ្រប់​គ្រង​របស់​រដ្ឋ​អី​ជា​ដើម​អា​ហ្នឹង​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​ប្រសើរ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​ការ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​ជា​មុន​សិន​ មុន​ពេល​ដែល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឡើង ដើម្បី​ធានា​ថា​ការ​បង្កើត​ស្ថាប័ន​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ពិត​ប្រាកដ​ក្នុង​ការ​លើក​កម្ពស់​និង​ការ​ពារ​សិទ្ធិ​មនុស្ស ជា​ជាង​បង្កើត​ឡើង​ដើម្បី​គ្រាន់​តែ​បំពេញ​ទៅ​តាម​ការ​អះអាង​ប្តេជ្ញា​ចិត្ត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា៕