អ្នកទិញទំនិញដែលមានការភ័យខ្លាចរាប់សិបនាក់បានត្រូវគេជម្លៀសចេញពីមជ្ឈមណ្ឌលលក់ដូរទំនិញថៃមួយកន្លែងនៅព្រឹកថ្ងៃអាទិត្យនេះនៅពេលដែលប៉ូលិសដែលប្រដាប់ដោយអាវុធ បាននិយាយថា ពួកគេបានដណ្តើមការកាន់កាប់មជ្ឈមណ្ឌលនោះពីខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់។
ក៏ប៉ុន្តែ ពួកអាជ្ញាធរ មិនបានផ្តល់សេចក្តីលម្អិតស្តីពីទីកន្លែងរបស់អ្នកវាយប្រហារដែលជាមន្រ្តីកងទ័ពថ្នាក់ទាបម្នាក់មានឈ្មោះថា Jakrapanth Thomma នោះទេ។ មានការភ័យខ្លាចថា អ្នកបាញ់ប្រហារនោះ អាចព្យាយាមលាក់ខ្លួនក្នុងចំណោមមនុស្សដែលភ័យស្លន់ស្លោនោះ។
ប៉ូលិសមកពីផ្នែកបង្ក្រាបឧក្រិដ្ឋកម្ម បានជំរុញឲ្យពួកអ្នកទិញទំនិញដែលកំពុងរត់គេចខ្លួន «លើកដៃរបស់ពួកគេ» និងផ្តល់អត្តសញ្ញាណរបស់ពួកគេហើយអាជ្ញាធរនឹងជម្លៀសពួកគេចេញ។
មុនដំបូង ជនដៃដល់ Jakrapanth បានផ្សាយការបាញ់ប្រហារតាមរយៈការបង្ហោះលើ Facebook ដែលរៀបចំផែនការនៃការវាយប្រហារនោះចេញពីបន្ទាយទាហានទៅកាន់មជ្ឈមណ្ឌលលក់ដូរទំនិញដែលពួកអ្នកទិញទំនិញដែលមិនដឹងពីចំនួនបានជាប់នៅក្នុងនោះ។
លោក Kongcheep Tantravanich អ្នកនាំពាក្យក្រសួងការពារប្រទេសថៃ បាននិយាយថា «មានមនុស្សស្លាប់ប្រហែល២០នាក់»។
លោក បាននិយាយទៀតថា «ប៉ូលិស កងកុម្ម៉ង់ដូ ទាហាន និងអ្នកបាញ់ត្រង់កំពុងឡោមព័ទ្ធទីកន្លែងនោះ»។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ ប្រាប់ពួកអ្នកយកព័ត៌មានថា មនុស្សប្រហែល១០នាក់ ដែលមានស្ថានភាពធ្ងន់ធ្ងរ បានស្ថិតនៅក្នុងមន្ទីរពេទ្យរួចហើយ។
លោកវរសេនីយទោប៉ូលិស Mongkol Kuptasiri បាននិយាយថា «ជននោះ បានលួចរថយន្តកងទ័ពហើយបើកចូលកណ្តាលទីក្រុង»៕