បញ្ហាជួសជុល ឬផ្លាស់ទី​វិទ្យាល័យបានក្លាយជាអាទិភាពរបស់អ្នកបោះឆ្នោតនៅក្រុងឡូវែល

រូបឯកសារ៖ លោក នួន វាសនា (ឆ្វេង) និង​លោក ចៅ សុខារី គឺជា​បេក្ខជន​ខ្មែរអាមេរិកាំង​ពីររូប​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្នុង​ការ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាក្រុងឡូវែលអណត្តិថ្មីឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យ)

លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង នៅទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជាង​៣០០០០នាក់​រស់នៅ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បេក្ខជន​ខ្មែរអាមេរិកាំង​ពីររូប​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម ហើយ​បន្ត​ទៅ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា​ខាង​មុខ​នេះ។

បេក្ខជន​ខ្មែរ​អាមេរិកាំង​ដែល​បាន​ឃោសនា​បោះឆ្នោត​ឲ្យ​វិទ្យាល័យ​ឡូវែល​ទទួល​បាន​ការ​ជួសជុល ជាជាង​ផ្លាស់ទី​វិទ្យាល័យ​នេះ​ទៅ​ទីតាំង​ថ្មី បាន​ស្ថិត​នៅក្នុង​ចំណោម​បេក្ខជន​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង នៅ​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក។ បញ្ហា​ជួសជុល ឬផ្លាស់ទី​វិទ្យាល័យ​ឡូវែល​នេះ បាន​ក្លាយជាអាទិភាព​ខ្ពស់​បំផុត​របស់​អ្នក​បោះឆ្នោត​នៅក្រុងឡូវែល ដែល​មាន​ពលរដ្ឋ​ខ្មែរជាង​បីម៉ឺន​នាក់​រស់នៅ នេះបើយោងតាមលទ្ធផល​នៃ​ការ​បោះឆ្នោតបឋម ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញាកន្លងទៅនេះ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង នៅទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជាង​៣០០០០នាក់​រស់នៅ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បេក្ខជន​ខ្មែរអាមេរិកាំង​ពីររូប​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម ហើយ​បន្ត​ទៅ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា​ខាង​មុខ​នេះ។

សព្វថ្ងៃនេះ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ទាំង​៩នាក់​ នៅ​ទីក្រុង​ឡូវែល​នេះ គឺជា​ពលរដ្ឋ​អាមេរិកាំង​ស្បែកស បើ​ទោះបី​ជា​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ជនជាតិ​ភាគតិច​មាន​ចំនួន​ស្ទើរតែ​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស​ក្តី​ គឺ​ស្មើ​នឹង​៤៩.២ភាគរយ នៃ​ចំនួន​ប្រជា​ពលរដ្ឋ​សរុប ១១០,៥៥៨នាក់។ នៅក្នុង​នោះ ចំនួន​ប្រជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ គឺ​ជាង​២១ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។

រូបឯកសារ​៖ សិស្សានុសិស្ស​នៃ​វិទ្យាល័យ Lowell កំពុង​ឈរ​ថតរូប​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ Lowell កាលពី​ព្រឹក​ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

ក៏​ប៉ុន្តែ ក្តី​សង្ឃឹម​ដែល​ថា នឹង​មាន​សមាជិក​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ ហើយ​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល ​ត្រូវបាន​ស្មុគស្មាញ​ដោយ​សារ​តែ​បញ្ហា​ចម្រូងចម្រាស​លើ​វិទ្យាល័យ​ឡូវែល។

វិទ្យាល័យ​ឡូវែល ដែល​បាន​យក​សំណង់​អគារ​ចាស់ៗ​នៃ​រោងចក្រ​អាឈើ​តំាង​ពី​ដើម​ទសវត្សរ៍១៩០០ មក​ធ្វើ​ជា​សំណង់​អគារ​សាលារៀន ត្រូវការ​ការ​ជួសជុល​ថ្មី ឬ​ក៏​ត្រូវ​ផ្លាស់ទី​ទៅ​ទីតាំងថ្មី។ នៅថ្ងៃទី២០ ខែមិថុនា​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​ក្រុង​ឡូវែល​បាន​បោះឆ្នោត​សម្រេច​ថា វិទ្យាល័យ​នេះ​នឹង​ផ្លាស់ទី​ទៅ​ទីតាំង​ថ្មី​នៅ​ទីធ្លា​ពហុកីឡាដ្ឋាន Cawley Stadium ដែល​ជា​ដី​របស់​រដ្ឋ នៅ​ភូមិ​ Belvidere។ សេចក្តី​សម្រេច​នេះ បាន​ទទួល​ទាំងការ​គាំទ្រ និង​ការ​មិនគាំទ្រ​ ដែល​បង្កជាបញ្ហាចម្រូងចម្រាសមួយ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្នុង​អណត្តិ​ថ្មី​នេះ បង្ហាញ​ថា ពលរដ្ឋ​ជា​ច្រើន​នាក់ ជាពិសេស​ពលរដ្ឋ​មក​ពី​ភូមិ Belvidere មិន​គាំទ្រ​ការ​ផ្លាស់ទី​វិទ្យាល័យ​នេះ​ទេ។ ការណ៍​នេះ មាន​ន័យ​ថា បេក្ខជន​ដែល​បាន​ឃោសនា​ដើម្បី​ឲ្យ​វិទ្យាល័យ​នេះ​ទទួល​បាន​ការ​ជួសជុល ​និង​ស្ថិត​នៅ​ទីប្រជុំ​ជន​នៃ​ក្រុង​ឡូវែល​នេះដដែល ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន។

ជាក់ស្តែង ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ឈ្នះ​សំឡេង​ឆ្នោត​ច្រើន ហើយ​ជាប់​ក្នុង​លំដាប់​លេខរៀង​ខ្ពស់​ពី​លេខរៀង​ទី១​ដល់​លេខរៀង​ទី៩​នោះ បេក្ខជន​៦នាក់ រួមទាំងបេក្ខជនខ្មែរអាមេរិកាំងម្នាក់ដែរ គឺជា​អ្នក​ដែល​គាំទ្រ​ឲ្យ​មាន​ការ​ជួសជុល​វិទ្យាល័យ​ឡូវែល ជាជាង​ផ្លាស់ទី​នៃ​វិទ្យាល័យ​នេះ​ទៅ​ទីតាំង​ថ្មី។ សម្រាប់​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ បេក្ខជន​ចំនួន​តែ​៩នាក់​ប៉ុណ្ណោះ​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​១៨នាក់​នេះ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម នឹង​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។

លោក លាង ស៊ីដនី សកម្មជន​សហគមន៍​ខ្មែរ​ម្នាក់ និង​ជា​ប្រធាន​គម្រោង​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ប្រចាំ​មជ្ឈមណ្ឌល​សុខភាព Lowell Health Center បាន​ភ្ញាក់ផ្អើល​នឹង​ចំនួន​ពលរដ្ឋ​ដែល​បាន​ចេញ​ទៅបោះឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​បឋម​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃទី២៦ ខែកញ្ញា​កន្លង​ទៅ​នេះ។ លោក​យល់​ថា ការណ៍​នេះ គឺ​ដោយសារ​តែ​បញ្ហា​ចម្រូងចម្រាស​របស់វិទ្យាល័យ​ឡូវែល។

«‍ការ​បោះឆ្នោត​យប់មិញ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​មួយដែរ ឃើញ​ថា នេះ​គឺជា​លើក​ដំបូង​ដែល​អ្នក​ដែល​បាន​មក​បោះឆ្នោត​ជម្រុះ​នឹង​ច្រើន​ជាង​ធម្មតា»។

ពលរដ្ឋ​ចំនួន ៧៦៨០នាក់ បាន​ចេញ​ទៅ​បោះឆ្នោត​បឋម​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​កើន​ឡើង​លើស​ថ្វេរដង បើ​ធៀប​នឹង​អ្នក​ចេញ​ទៅ​បោះឆ្នោត​បឋម​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​ ៣៩១៥នាក់។

លោក លាង ស៊ីដនី យល់​ថា បេក្ខជន​ដែល​មិន​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​វិទ្យាល័យ​ឡូវែល​នេះ ឬ​មិន​ហ៊ាន​ប្រកាស​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ ឬ​មិន​គាំទ្រ​ការ​ជួសជុល​វិទ្យាល័យ​ដ៏​វ័យ​ចំណាស់​នេះ បាន​ចាញ់​ការ​បោះឆ្នោត​បឋម ឬ​ក៏​ទទួល​បាន​សំឡេង​គាំទ្រ​តិច​ជាង​បេក្ខជន​ដែល​បាន​គាំទ្រ​ការ​ជួសជុល​វិទ្យាល័យ​ឡូវែល​នេះ។

លោក ស៊ីដនី ​ក៏​ជឿជាក់​ថា បញ្ហា​វិទ្យាល័យ​ឡូវែល​នេះ នឹង​នៅ​តែ​ជា​អាទិភាព​ខ្ពស់​របស់​ពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​ខាង​មុខ​នេះ។

លោក ចៅ សុខារី បេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​បាន​ជាប់​ក្នុង​លេខរៀង​ទី១៥ ហើយ​បាន​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ បាន​ប្រាប់ VOA ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​សំឡេង​អ្នក​បោះឆ្នោត​ទាំងស្រុង​នោះ​ទេ។

​លោក​បាន​បកស្រាយ​ថា ការណ៍​នេះ គឺ​ដោយសារ​តែ​ជាង​៣៨ភាគរយ នៃ​ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ ហើយ​បាន​ទៅ​បោះឆ្នោត​បឋម​នេះ គឺជា​ពលរដ្ឋ​មក​ពី​ភូមិ Belvidere ដែល​ភាគច្រើន​ជា​អ្នក​គាំទ្រ​ឲ្យ​មាន​ការ​ជួសជុល​វិទ្យាល័យ​ឡូវែល​នេះ។

លោក ចៅ សុខារី បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​ខកចិត្ត ដែល​ឃើញ​ថា បេក្ខជន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន និង​ជាប់​ក្នុង​លេខរៀង​លំដាប់​ខ្ពស់ គឺ​ដោយសារ​តែ​បញ្ហា​តែ​មួយ​គត់ គឺ​ការ​គាំទ្រ​របស់​ពួកគេ​ឲ្យ​វិទ្យាល័យ​ឡូវែល​ស្ថិត​នៅ​ទីតាំង​នៅទីប្រជុំ​ជន​ដដែល»។

បេក្ខជនទាំង២៣នាក់ រួមមាន​បេក្ខជនខ្មែរអាមរិកាំងបួនរូប បាន​ចូលរួមឈរឈ្មោះបោះឆ្នោត​បឋម​សម្រាប់​ការ​ជ្រើសរើស​សមាជិក​នៃ​ក្រុមប្រឹក្សា​ក្រុងឡូវែលអណត្តិថ្មី ឆ្នាំ២០១៧។ លទ្ធផលនៃការបោះឆ្នោតបឋមកាលពីថ្ងៃទី២៦ ខែកញ្ញា បានបង្ហាញថា បេក្ខជនខ្មែរអាមេរិកាំងពីររូប បាន​ឈ្នះការបោះឆ្នោតបឋម ហើយនឹងឈានទៅប្រកួតយកតំណែងជាសមាជិកនៃក្រុមប្រឹក្សាក្រុងឡូវែល នៅខែវិច្ឆិកាខាងមុខនេះ។

លោក​ ចៅ សុខារី គឺជា​បេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់​ ដែល​បាន​គាំទ្រ​ឲ្យ​វិទ្យាល័យ​ឡូវែល​ផ្លាស់ទី​ទៅ​ទីតាំង​ថ្មី នៅ​ទីធ្លា​ពហុកីឡាដ្ឋាន Cawley Stadium នៅ​ភូមិ Belvidere។ លោក​បាន​បន្ថែម​ថា បើសិន​ជា​បញ្ហា​វិទ្យាល័យ​នេះ មិន​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ នោះ​រូបលោក​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​នេះ និង​ជាប់​ក្នុង​លេខរៀង​ខ្ពស់​ជាង​នេះ ដោយ​លោក​អះអាង​ថា ពលរដ្ឋ​គ្រប់​សហគមន៍​ចម្រុះ​ពូជសាសន៍​គាំទ្រ​រូប​លោក​ច្រើន។

ទោះជា​យ៉ាងណា​ក៏​ដោយ យោង​តាម​ព័ត៌មាន​ក្នុង​ក្រុង បើសិនជា​ពលរដ្ឋ​នៅ​ភូមិ Belvidere មិន​បាន​ទៅ​បោះឆ្នោត​ទេ គេ​ឃើញ​ថា លទ្ធផល​បោះឆ្នោត​បឋម​នេះ នៅ​តែ​បង្ហាញ​ថា បេក្ខជន​៥នាក់​ក្នុង​ចំណោម​បេក្ខជន​៩នាក់​ក្នុង​លេខរៀង​លំដាប់​ខ្ពស់​បង្អស់ នៅតែ​ជា​បេក្ខជន​ដែល​បាន​គាំទ្រ​ឲ្យ​មាន​ការ​ជួសជុល​វិទ្យាល័យ​ឡូវែល និង​រក្សា​ទីតាំង​នៃ​វិទ្យាល័យ​នេះ​ឲ្យ​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ដដែល។

លោក នួន វាសនា អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​ម្នាក់ ដែល​បាន​បម្រើ​ការងារ​នៅ​សាលាក្រុង​នេះ​បាន​មួយ​អណត្តិ​នៅ​ចន្លោះឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៣ បាន​ត្រេកអរ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​នេះ។ លោក គឺជា​បេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់​គត់ ក្នុង​ចំណោម​បេក្ខជន​ខ្មែរ​អាមេរិកាំង​ចំនួន​បួន​នាក់ ដែល​បាន​គាំទ្រ​ការ​ជួសជុល​វិទ្យាល័យ​ឡូវែល។

លោក​បាន​ប្រាប់ VOA ថា បញ្ហាចម្រូង​ចម្រាស​នៃ​វិទ្យាល័យ​ឡូវែល​នេះ ដើរ​តួនាទី​ខ្លាំង​នៅក្នុង​ការ​បោះឆ្នោត​បឋម​នេះ «ដោយសារ​តែ​វា​បាន​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​ជា​ច្រើន​នាក់‍» នៅ​ក្នុង​ក្រុង​ឡូវែល​នេះ‍។ ហើយ​នេះ​គឺជា​ការ​ពិត​មួយ ដែល​លោក​យល់​ថា បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់ ​ត្រូវ​ទទួល​ស្គាល់។

«‍ការ​ពិត គឺ​ការ​ពិត​ហើយ ព្រោះអី​យើង​ជា​អ្នក​ក្រុម​ប្រឹក្សា​ក្រុង យើង​ត្រូវ​ស្តាប់​មតិ​ប្រជាពលរដ្ឋ ហើយ​អាហ្នឹង​បង្ហាញ​ថា ប្រជាពលរដ្ឋ​គាត់​តបត​មក​វិញ​ហើយ​ហ្នឹង»។

លោក នួន វាសនា បាន​បន្ត​ថា បើសិន​ជា​លោក​ឈ្នះ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ ហើយ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង លោក​នឹង​ជំរុញ​ឲ្យ​វិទ្យាល័យ​ឡូវែល​នេះ​ទទួល​បាន​ការ​ជួសជុល​ថ្មី ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្ស​វិទ្យាល័យ​ជាង​៣០០០នាក់ ដែល​ក្នុង​នោះ ៧០ភាគរយ គឺជា​សិស្ស​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច រួម​មាន​សហគមន៍​ខ្មែរ​អាមេរិកាំង​ផងដែរ។

សមាជិក​ទាំង៩នាក់នៃក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ដែលបាន​បោះឆ្នោត​សម្រេចឲ្យ​វិទ្យាល័យឡូវែល​ ផ្លាស់ទីទៅទីតាំងថ្មីនៅលើទីធ្លាពហុកីឡាដ្ឋាន Cawley Stadium។ (រូបថតដកស្រង់ពីគេហទំព័រ Common Wealth Magazine)

បន្ថែម​លើ​នេះ លោក​ក៏​សង្ឃឹម​ថា នឹង​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល យក​ចិត្ត​ទុកដាក់​លើ​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅថា At Large system ដែល​ត្រូវបាន​ពលរដ្ឋ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​សហព័ន្ធ ប្រឆាំង​នឹង​ក្រុមប្រឹក្សា​ក្រុង​ឡូវែល ដោយ​ចោទ​ថា ប្រព័ន្ធ​បោះឆ្នោត​នេះ​បាន​រារាំង​ និង​បង្ក​ជា​ឧបសគ្គ​ដល់​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ក្នុង​ការ​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ ដែល​មាន​សមាជិក​៩នាក់ និង​សមាជិក​គណៈកម្មាធិការ​សាលារៀន ដែល​មាន​សមាជិក​ចំនួន​៦នាក់។

សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា​ខាង​មុខ​នេះ លោក នួន វាសនា និង​លោក ចៅ សុខារី នឹង​ប្រកួត​ប្រជែង​គ្នា​ជាមួយ​នឹង​បេក្ខជន​អាមេរិកាំង​ស្បែក​ស​ផ្សេងទៀត រួមទាំង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ទាំង៩នាក់ ដើម្បី​យក​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល។

បើទោះបី​ជា​អ្នក​ទាំង​ពីរ​មាន​ជំហរ​ខុសគ្នា​លើ​បញ្ហា​វិទ្យាល័យ​ឡូវែល​នេះ​ក្តី ដែល​គេ​យល់​ឃើញ​ថា បេក្ខជន​ដែល​គាំទ្រ​ការ​ជួសជុល​វិទ្យាល័យ​ អាច​មាន​ឱកាស​ឈ្នះ​សំឡេង​គាំទ្រ​ច្រើន​ជាង​ក្តី ក៏​លោក ចៅ សុខារី បាន​ប្រាប់ VOA ថា លោក​នៅតែ​រីករាយ​ ហើយ​សង្ឃឹមថា ​បេក្ខជន​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យ៉ាងហោច​ណាស់​ម្នាក់ នឹង​ឈ្នះ​ការ​បោះឆ្នោត​ខាង​មុខ​នេះ៕