នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុនមានការគាំទ្រកើនឡើងចំពោះការដាក់ពង្រាយអាវុធនុយក្លេអ៊ែរដើម្បីការពារទប់ទល់ការគំរាមកំហែងកើនឡើងពីប្រទេសកូរ៉េខាងជើង ហើយបានបណ្តាលឲ្យមានការព្រួយកង្វល់ពីសាធារណជនថា សហរដ្ឋអាមេរិកប្រហែលលែងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានដែលមានអាវុធនុយក្លេអ៊ែរអាចទប់ទល់បាន។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបាន ប៉ាន់ស្មានថា កូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរចំនួន៦០ហើយប្រហែលបានធ្វើឲ្យសម្រេចជោគជ័យនូវក្បាលនុយក្លេអ៊ែរដែលតូចជាងមុនដែលអាចបំពាក់តាមកាំជ្រួចមីស៊ីលចំនួន១ពាន់ដើម។
ក៏ប៉ុន្តែ អ្វីដែលកំពុងផ្លាស់ប្តូរគឺការគិតផ្នែកសន្តិសុខទាំងសហរដ្ឋអាមេរិក និងតំបន់អាស៊ីគឺការរីកចម្រើនដ៏ឆាប់រហ័សរបស់កូរ៉េខាងជើងឆ្ពោះទៅកាន់ការអភិវឌ្ឍកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការវែងបាល់លីស្ទិកអន្តរទ្វីប (ICBM) ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នេះកំពុងបង្កើនការព្រួយកង្វល់ខាងសន្តិសុខថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រហែលមិនប្រថុយប្រថានធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងដើម្បីបំពេញទៅតាមកាតព្វកិច្ចសន្តិសុខដ៏យូរអង្វែងរវាងគ្នានិងគ្នាដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនទេ។
លោក Park In-kook នៅមូលនិធិកូរ៉េសម្រាប់ការសិក្សាជឿនលឿន និងហើយនឹងជាអតីតអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបាននិយាយថា «ពលរដ្ឋមានការមន្ទិលសង្ស័យខ្លះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងប្រាកដការពាររដ្ឋាភិបាលក្រុងសេអ៊ូលនិងតូក្យូដូចជាការពាររដ្ឋធានីវ៉ាស៊ីនតោន ឬក្រុង Seattleនិងក្រុងញូវយ៉កដែរ។ លោក Parkបានថ្លែងនៅគណៈកម្មការជំនាញមួយស្តីពីការគំរាមនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅវេទិកា World Knowledge ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ៕