ប្រទេសបារាំងបានរៀបចំសន្និសីទមួយជាមួយនឹងអ្នកផ្ដល់ជំនួយអន្តរជាតិនានានៅថ្ងៃអង្គារនេះដោយផ្ដោតលើការជួយប្រទេសអ៊ុយក្រែនដោះស្រាយការវាយប្រហាររបស់ប្រទេសរុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
សន្និសីទនេះមានវត្តមានចូលរួមពីអ្នកតំណាងរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុននិងទីភ្នាក់ងារជំនួយនានា និងមានគោលបំណងផ្ដល់ដល់អ៊ុយក្រែនទាំងហិរញ្ញវត្ថុនិងឧបករណ៍ដែលអ៊ុយក្រែនត្រូវការដើម្បីរក្សាហេដ្ឋារចនាសម្ព័ន្ធដូចជាអគ្គិសនីនិងថាមពលឱ្យនៅដំណើរការ បើទោះបីជាមានការវាយប្រហារពីរុស្ស៊ីក៏ដោយ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា រុស្ស៊ីកំពុងព្យាយាម «ធ្វើឱ្យប្រជាពលរដ្ឋអ៊ុយក្រែនធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម» ហើយគោលបំណងនៃសន្និសីទនេះគឺដើម្បីជួយប្រជាពលរដ្ឋអ៊ុយក្រែន «ឆ្លងផុតរដូវរងានេះ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាទៅកាន់សន្និសីទនេះតាមវីដេអូអនឡាញ និងបានប្រាប់អ្នកចូលរួមថាប្រទេសរបស់លោកត្រូវការម៉ាស៊ីនភ្លើងឱ្យបានច្រើនដូចដែលខ្លួនត្រូវការរថពាសដែកសម្រាប់កងទ័ពរបស់ខ្លួនដូច្នេះដែរ។
ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបនឹងផ្ដល់ម៉ាស៊ីនភ្លើងចំនួន ៤០ គ្រឿងដើម្បីជួយផ្ដល់ថាមពលដល់មន្ទីរពេទ្យនានានៅក្នុងប្រទេសអ៊ុយក្រែននិងម៉ាស៊ីនភ្លើងចំនួន ៨០០ គ្រឿងសម្រាប់ការប្រើប្រាស់នៅតាមកន្លែងផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។
សន្និសីទនេះបានធ្វើឡើង បន្ទាប់ពីបណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បានសន្យាកាលពីថ្ងៃចន្ទថានឹងបំពេញតាមសំណើបន្ទាន់របស់អ៊ុយក្រែនសម្រាប់ផ្នែកយោធានិងសម្ភារៈការពារ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។