លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋបានធ្វើការអំពាវនាវច្រើនដងជាថ្មីទៀតដើម្បីឲ្យមានការគាំទ្រពីក្រុមអ្នកបោះឆ្នោតអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅក្នុងកន្លែងមិនសមទំនងសោះ គឺនៅក្នុងការប្រមូលម្តុំជួបជុំ ដែលនៅទីនោះក្រុមអ្នកបោះឆ្នោតសឹងតែទាំងអស់ជាក្រុមជនស្បែកស។
លោក Trump បានធ្វើការខិតខំប្រឹងប្រែងក្នុងបែបផែនថ្មីៗ ដើម្បីទាក់ទាញក្រុមអ្នកគាំទ្រស្បែកខ្មៅកាលពីថ្ងៃសៅរ៍នៅក្នុងការប្រមូលផ្តុំជួបជុំផ្នែកនយោបាយមួយនៅក្នុងរដ្ឋកសិកម្ម Iowa តំបន់កណ្តាលភាគខាងលិចស.រ.អា ដោយលោកបាននិយាយប្រាប់ហ្វូងមនុស្ស ដែលភាគច្រើនជាជនស្បែកសថា លោកបន្ទោសគោលនយោបាយច្រើនទសវត្សរ៍មកហើយនៃគណបក្សប្រជាធិបតេយ្យ ដែលបានបណ្តាលឲ្យមាន«ស្ថានភាពគួរឲ្យសោកស្តាយនៅក្នុងតំបន់កណ្តាលក្រុងជាច្រើនរបស់យើង»។
លោក Trump បានហៅលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក មកពីខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អានៅថ្ងៃទី៨ខែវិច្ឆិកាថា ជាមនុស្សដែលយល់ថាខ្លួនត្រូវ និងគ្រាន់បើជានិច្ច ដោយមិនបានកែលម្អស្ថានភាពរបស់ក្រុមជនស្បែកខ្មៅនិងពួកជនអំបូរ Hispanic។
លោក Trump បាននិយាយថា «ក្នុងឋានៈជាឪពុកម្នាក់ ជាអ្នកកសាងម្នាក់ និងជាប្រជាពលរដ្ឋអាមេរិកាំងម្នាក់ វាជាការនាំឲ្យអាក់អន់ចិត្តដល់ការយល់ឃើញរបស់ខ្ញុំអំពីរឿងត្រូវនិងខុស នៅពេលឃើញនរណាម្នាក់រស់នៅក្នុងស្ថានភាពបែបនេះ។ ពួកគេរស់នៅក្នុងស្ថានភាពដុនដាបណាស់ ដោយមិនអាចជឿបាន គឺអាក្រក់ណាស់»។
ការស្ទង់មតិខាងនយោបាយនៅទូទាំងប្រទេសជាតិបង្ហាញថា លោកស្រី Clinton នាំមុខច្រើនលើសលោក Trump ក្នុងចំណោមក្រុមអ្នកបោះឆ្នោតស្បែកខ្មៅនិងក្រុមអ្នកបោះឆ្នោតអំបូរ Hispanic ដែលជា ក្រុមអ្នកបោះឆ្នោតអាមេរិកាំងមានកំណើនយ៉ាងលឿន។ ចំណែកឯលោក Trump វិញនាំមុខតែបន្តិចក្នុងចំណោមក្រុមអ្នកបោះឆ្នោតស្បែកស។
ក្រុមវិភាគនយោបាយនិយាយថា ការអំពាវនាវរបស់លោក Trump ដល់ក្រុមអ្នកបោះឆ្នោតជា ក្រុមជនអំបូរភាគតិចមានគោលដៅទាក់ទាញក្រុមអ្នកបោះឆ្នោតស្បែកខ្មៅ និងក្រុមអ្នកបោះឆ្នោត Hispanic ដែលភាគច្រើនគាំទ្រលោកស្រី Clinton។ ប៉ុន្តែក៏ជាការខិតខំប្រឹងប្រែងមួយដែរដើម្បីឲ្យមានការគាំទ្រច្រើនជាងមុនពីសំណាក់ក្រុមស្ត្រីនិងពួកសាធារណរដ្ឋមិននិយមជ្រុលខាងនយោបាយដែលប្រហែលជាទោរទន់ទៅគាំទ្រលោកស្រី Clinton ពីព្រោះពួកគេយល់ឃើញថា លោក Trump ជាមនុស្សប្រកាន់ពូជសាសន៍៕