មន្ត្រីអាហ្វហ្គានីស្ថាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តរៀបចំកិច្ចចរចាសន្តិភាពជុំទីពីរ ជាមួយនឹងពួកតាលីបង់ក្នុងរាជធានីដូហា ប្រទេសកាតា កន្លែងតែមួយដែលកិច្ចប្រជុំលើកទីមួយ ត្រូវបានរៀបចំ។
លោក Faridoon Khawzoon អ្នកនាំពាក្យក្រុមប្រឹក្សាជាន់ខ្ពស់អាហ្វហ្គានីស្ថានដើម្បីការផ្សះផ្សាជាតិ (AHCNR) គឺស្ថាប័នដែលទទួលខុសត្រូវផ្នែកត្រួតពិនិត្យកិច្ចចរចា បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង ដោយសារតែការរឹតបន្តឹងលើការធ្វើដំណើរទាក់ទងនឹងជំងឺកូវីដ១៩។
ប្រទេសមួយចំនួនបានប្រកួតប្រជែងដើម្បីធ្វើជាអ្នករៀបចំកិច្ចចរចាសន្តិភាព រួមមានន័រវែស និងអាល្លឺម៉ង់។
រាជធានី ដូហា ក៏ជាទីតាំងមួយសម្រាប់កិច្ចចរចារវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ ដែលបាននាំឲ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ពួកតាលីបង់បានរក្សាការិយាល័យនយោបាយមិនផ្លូវការមួយ ក្នុងរាជធានីដូហា ជាច្រើនឆ្នាំមកហើយ។
លោក Khawzoon បាននិយាយថា ថ្នាក់ដឹកនាំក្រុមប្រឹក្សា AHCNR បានអនុញ្ញាតឲ្យក្រុមរដ្ឋាភិបាលអាហ្វហ្គានីស្ថានចរចារបៀបវារៈរបស់កិច្ចពិភាក្សាជាមួយនឹងពួកតាលីបង់។
កាលពីជុំទីមួយភាគីទាំងពីរបានយល់ព្រមលើក្រមសីលធម៌សម្រាប់កិច្ចចរចា។ មុននឹងមានការសម្រាករយៈពេលបីសប្តាហ៍ ភាគីទាំងពីរបានចែករំលែករបៀបវារៈ។ កិច្ចពិភាក្សាត្រូវបានគេរំពឹងថា នឹងបន្តឡើងវិញ នៅថ្ងៃទី៥ មករា ឆ្នាំ២០២១។
ការិយាល័យរបស់ប្រធានាធិបតី Ashraf Ghani ក៏បានបញ្ជាក់ដែលថារាជធានីដូហា គឺជាទីតាំងសម្រាប់ការចរចាជុំទីពីរ ដើម្បីឲ្យកិច្ចចរចានោះចាប់ផ្តើមឡើងវិញទាន់ពេលវេលា។ លោក Ghani បានផ្តល់យោបល់ថាកិច្ចចរចាជុំទីពីរ និងកិច្ចចរចាបន្តទៀតគួរតែរៀបចំក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ពួកតាលីបង់មិនទទួលស្គាល់ថា រដ្ឋាភិបាលលោក Ghani ជារដ្ឋាភិបាលស្របច្បាប់ទេ ហើយបានច្រានចោលសំណូមពរនោះ។
អ្នកស្រី Najia Anwari អ្នកនាំពាក្យក្រសួងកិច្ចការសន្តិភាព បាននិយាយថា ក្រុមអ្នកចរចាអាហ្វហ្គានីស្ថានកំពុងបន្តការពិគ្រោះយោបល់របស់ខ្លួន ជាមួយនឹងផ្នែកផ្សេងនៃសង្គមអាហ្វហ្គានីស្ថាន រួមមានអ្នកនយោបាយនិងសកម្មជនសង្គមស៊ីវិល។
កិច្ចចរចាជុំទីពីរនេះនឹងចាប់ផ្តើម នៅពេលដែលការអំពាវនាវឲ្យមានបទឈប់បាញ់ ឬការកាត់បន្ថយអំពើហិង្សាមានការជឿនលឿនទៅមុខ។
អំពើហិង្សាបង្កដោយពួកតាលីបង់ប្រឆាំងនឹងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ១០ ឆ្នាំ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានចុះកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក។
កំណើនអំពើហិង្សានេះ គឺជាឧបសគ្គមួយសម្រាប់កិច្ចចរចាជាមួយនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។សហគមន៍អន្តរជាតិក៏ដូចជាប្រទេសនានាក្នុងតំបន់ បានអំពាវនាវឲ្យមានការកាត់បន្ថយអំពើហិង្សា។
លោក Michael Kugelma នាយករងនៃកម្មវិធីអាស៊ីនៅមជ្ឈមណ្ឌល Wilson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ពួកតាលីបង់ចង់ប្រើអំពើហិង្សាជាយុទ្ធសាស្ត្រមួយក្នុងការចរចា។
លោកបានប្រាប់ VOA ថា៖ «ក្នុងន័យនេះពួកតាលីបង់ចង់បន្តហិង្សា ហើយបានសម្បទានបន្ថែមទៀតពីភាគីម្ខាងទៀត មុននឹងខ្លួនយល់ព្រមផ្តោតលើបញ្ហាអំពើហិង្សា»។
អ្នកវិភាគខ្លះជឿថា ពួកតាលីបង់នឹងស្ទាក់ស្ទើរក្នុងការលះបង់អំពើហិង្សាដែលជាឧបករណ៍ចរចាដ៏មានឥទ្ធិពលបំផុតដែលពួកគេទាមទារ។
លោក Rick Olson អតីតអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បានប្រាប់ VOA ថា៖ «ឥទ្ធិពលតែម្យ៉ាងដែលពួកគេមាន គឺការប្រើប្រាស់ហិង្សា។ ពួកគេមិនមានប្រជាប្រិយសោះក្នុងនយោបាយ»។
ភាពស្ទាក់ស្ទើររបស់ពួកតាលីបង់ក្នុងការលះបង់អំពើហិង្សា ក៏ជាប់ទាក់ទងនឹងរចនាសម្ព័ន្ធរបស់ពួកនេះដែរ។ បើយោងតាមលោក Andrew Watkins អ្នកវិភាគជាន់ខ្ពស់សម្រាប់អាហ្វហ្គានីស្ថាននៅក្រុមដោះស្រាយវិបត្តិអន្តរជាតិឈ្មោះ International Crisis Group។
លោកប្រាប់ VOA ថា៖ «ក្រុមតាលីបង់គឺជាក្រុមបះបោរដូចជាម៉ាស៊ីនមួយ ដែលដំណើរការដោយសារការប្រយុទ្ធគ្នា។ នៅពេលដែលការប្រយុទ្ធគ្នាចប់ វាប្រហែលជាពិបាកក្នុងការបញ្ឆេះម៉ាស៊ីនម្តងទៀត»៕
ប្រែសម្រួលដោយទុំ ម្លិះ