ក្រុម​អ្នក​មុជទឹក​ប្រមូល​បាន​សាកសព​៦​នាក់​បន្ថែម​ទៀត​ពី​បំណែក​យន្តហោះក្រុមហ៊ុន​​ AirAsia

ក្រុម​ទីភ្នាក់ងារ​ស្វែងរក​ និង​ជួយ​សង្រ្គោះ​លី​ក្តារ​មឈូស​ដាក់​សាកសព​ជនរងគ្រោះ​ពី​ការ​ធ្លាក់​ជើង​យន្តហោះ​AirAsia Flight 8501។

ក្រុម​អ្នក​មុជ​ទឹក​ជនជាតិ​ឥណ្ឌូនេស៊ីបាន​រក​ឃើញ​សាកសព​មនុស្ស​៦​នាក់​ទៀត​ពី​បាត​សមុទ្រ​ជិតកន្លែង​បិទ​បើក​ភ្លើង​ក្នុង​ជើង​យន្តហោះ​ AirAsia Flight 8501 នៅ​ពេល​ចរន្ត​ទឹក​មាន​សភាពស្ងប់ស្ងាត់​ក្នុង​រយៈពេល​យូរ​មួយ​ ដែល​អនុញ្ញាតឲ្យពួកគេ​ធ្វើ​ការ​រុករក​នៅ​ក្នុង​កន្លែង​នោះ។

សាក​សព​ទាំង​នោះ​ត្រូវ​គេ​រក​ឃើញ​ជាប់​នឹង​កៅអី​ក្នុង​ពេល​រុក​រក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ចរន្ត​ទឹក​ខ្លាំង​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​មុជ​ទឹក​មិន​អាច​ចូល​ក្នុង​តួ​យន្តហោះ​ដែល​ស្ថិត​នៅ​ក្នុង​បាត​សមុទ្រ​ជ្វា​ក្នុង​ជម្រៅ​ប្រហែល​៣០​ម៉ែត្រ​។

រហូត​មក​ដល់​ពេល​នេះ​សាកសព​ចំនួន​៥៩​នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ពី​យន្តហោះ​ AirAsia Flight 8501 ​ដែល​បានធ្លាក់​ចូល​ក្នុង​សមុទ្រ​ជ្វា​ដោយ​មាន​អ្នក​ជិះ​ចំនួន​១៦២​នាក់​ នៅ​ពេល​យន្តហោះនេះ​ធ្វើ​ដំណើរ​ពី​ក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ទី​ក្រុង​ធំ​បំផុត​ទី​ពីរ​នៅ​ប្រទេស​នេះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី។

​ប្រអប់​ខ្មៅ​របស់​យន្តហោះ ប្រអប់​ថត​សំឡេង​ពី​កន្លែង​អាកាស​យានិក ​និងទិន្នន័យ​ហោះហើរ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​សប្តាហ៍​មុន។ លោក​ Ignasius Jonan រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​ យន្តហោះ​នោះ​បាន​ហោះ​ឡើង​យ៉ាង​ខ្ពស់​លឿន​ខុស​ពី​ធម្មតា​ មុន​ពេល​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជ្វា៕