ក្រុមបាតុករដែលខកចិត្ត និងខឹងសម្បារ បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវនានាទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងការសម្រេចមិនចោទប្រកាន់មន្ត្រីប៉ូលិសរដ្ឋ Kentucky ចំពោះការស្លាប់របស់នាង Breonna Taylor ដែលជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់។
អំពើហិង្សាបានកើតឡើងក្នុងបាតុកម្មនៅទីក្រុង Louisville ជាទីក្រុងកំណើតរបស់នាង Breonna Taylor ហើយដែលបានបណ្តាលឲ្យមានការផ្ទុះអាវុធ និងបានបង្កឲ្យមន្ត្រីប៉ូលិសពីរនាក់រងរបួសកាលពីយប់ថ្ងៃពុធ។
កន្លងមក ក្រុមសកម្មជន តារាល្បីៗ និងពលរដ្ឋអាមេរិកាំងទូទៅ បានអំពាវនាវឲ្យមានការដាក់ទោស[លើជនបង្កទាំងឡាយ] ចាប់តាំងពីនាង Taylor ដែលជាបុគ្គលិកសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ម្នាក់ ត្រូវបានបាញ់ជាច្រើនគ្រាប់ដោយប៉ូលិសស្បែកសមួយក្រុម ដែលបានចូលឆែកឆេរផ្ទះរបស់នាង ក្នុងអំឡុងប្រតិបត្តិការស៊ើបអង្កេតករណីគ្រឿងញៀនមួយ កាលពីមីនាកន្លងទៅ។
លោក Daniel Cameron អគ្គលេខាធិការយុត្តិធម៌ស្បែកខ្មៅដំបូងនៃរដ្ឋ Kentucky មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា ការស៊ើបអង្កេតបង្ហាញថា ទោះបីក្រុមប៉ូលិសពេលនោះមានដីកាចូលឆែកផ្ទះដោយមិនបាច់គោះទ្វារក្តី ក៏ពួកគេបានប្រកាសប្រាប់ជាមុន មុនពេលចូលផ្ទះ។
កាលពីថ្ងៃពុធ គណៈវិនិច្ឆ័យមួយបានប្ដូរមកចោទប្រកាន់មន្ត្រីប៉ូលិសមួយរូប គឺលោក Brett Hankison ពីបទបង្កគ្រោះថ្នាក់ដោយធ្វេសប្រហែស ចំពោះការចាញ់ចូលក្នុងផ្ទះមួយដែលមានមនុស្សនៅក្នុងនោះ ដែលស្ថិតនៅជាប់ផ្ទះរបស់នាង Taylor។
អគ្គមេបញ្ជាការប៉ូលិសស្តីទីនៃទីក្រុង Louisville លោក Robert Schroeder បានឲ្យដឹងថា មានជនសង្ស័យម្នាក់កំពុងជាប់ឃុំ បន្ទាប់ពីប៉ូលិសពីរនាក់ត្រូវបានបាញ់ឲ្យរបួស កាលពីយប់ថ្ងៃពុធ ប៉ុន្តែមិនមានបញ្ជាក់លម្អិតថា តើជននោះបានចួលរួមក្នុងបាតុកម្ម ឬអត់នោះទេ។ លោកថា មន្ត្រីប៉ូលិសទាំងពីររំពឹងថា នឹងបានធូរស្រាល ហើយម្នាក់ក្នុងចំណោមនោះ ត្រូវវះកាត់។
ឈ្មោះរបស់នាង Breonna Taylor ព្រមជាមួយលោក George Floyd បុរសស្បែកខ្មៅម្នាក់ដែលបានស្លាប់ក្នុងសមត្ថកិច្ចប៉ូលិសក្រុង Minneapolis កាលពីខែឧសភា បានក្លាយជាកម្លាំងជំរុញបាតកម្មទាមទារឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហារើសអើងពូជសាសន៍ និងការទាមទារឲ្យកំណែទម្រង់ក្នុងស្ថាប័នប៉ូលិស៕