អតីត​សមាជិក​សភា​អាមេរិក​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ​ចំពោះ​ករណី​ផ្ញើ​សារ​អាសអាភាស

លោក Anthony Weiner អតីត​សមាជិក​សភា​អាមេរិក​ចាកចេញ​ពី​តុលាការ​សហព័ន្ធ នៅ​ក្នុង​បុរី New York កាលពី​ថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៧។

អតីត​សមាជិក​សភា​អាមេរិក​ម្នាក់​ដែល​រង​ការ​អាម៉ាស់មុខ ហើយ​ដែល​ករណី​ឧក្រិដ្ឋកម្ម​របស់​លោក​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន កាល​ពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២១​ខែ​ចំពោះ​ការ​ផ្ញើ​រូបភាព​អាសអាភាស​ទៅ​កាន់​ក្មេងស្រី​ជា​អនីតិជន​ម្នាក់។ ​

លោក Anthony Weiner ដែល​ធ្លាប់​តំណាង​ឲ្យ​សង្កាត់​មួយ​នៅ New York ក្នុង​សភា​អាមេរិក ស្រក់​ទឹកភ្នែក ខណៈ​ដែល​ចៅក្រម​អាមេរិក លោក Denise Cote បាន​កាត់​ក្តី​ឲ្យ​លោក​ជាប់​ទោស។ លោក Weiner បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ហើយ​មិន​ទាន់​បាន​ជាប់​ឃុំ​ខ្លួន​នៅឡើយ​ទេ។ លោក​នឹង​មាន​ពេល​ដល់​ដើម​ខែ​វិច្ឆិកា ដើម្បី​ប្រគល់​ខ្លួន​ដល់​ប៉ូលិស។ ​

លោក Weiner វ័យ​៥៣​រូប​ឆ្នាំ​នេះ គឺ​ជា​ស្វាមី​ដែល​បែកបាក់​គ្នា​ជាមួយ​នឹង​លោកស្រី Huma Abedin។ លោកស្រី Abedin គឺ​ជា​ទីប្រឹក្សា​សំខាន់​ម្នាក់​របស់​លោកស្រី Hillary Clinton នៅក្នុង​ការ​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​ឆ្នាំ​២០១៦ ហើយ​ករណី​របស់​លោក Weiner បាន​ធ្វើ​ឲ្យ​កករ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​របស់​លោកស្រី Clinton។

ខណៈ​ភ្នាក់ងារ​សហព័ន្ធ​បាន​ស៊ើបអង្កេត​ទៅ​លើ​សារ​ឥត​កេរ្តិ៍ខ្មាស់​ដែល​លោក Weiner បាន​ផ្ញើ​ទៅ​កាន់​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ពួកគេ​បាន​រកឃើញ​ថា នៅ​លើ​កុំព្យូទ័រ​របស់​លោក មាន​សារ​អេឡិចត្រូនិច​រាប់​ពាន់ ដែល​សារ​មួយ​ចំនួន​ជា​សារ​សំខាន់ ដែល​លោកស្រី Abedin និង​លោកស្រី Clinton បាន​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក James Comey ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​ប្រធាន​ប៉ូលិស​ស៊ើបអង្កេត​សហព័ន្ធ​ សើរើ​ករណី​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​នេះ​ឡើង​វិញ​ចំពោះ​ការ​ប្រើប្រាស់​សារ​អេឡិចត្រូវនិច​ឯកជន​របស់​លោកស្រី Clinton កាល​ពី​ពេល​ដែល​លោកស្រី​នៅ​បម្រើការ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។​ ការ​សើរើ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​២សប្តាហ៍​ផង មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦៕