នៅក្នុងឆាកនយោបាយ ស.រ.អ. លោករ៉នប៉ូលតំណាងរាស្ត្រមកពីរដ្ឋតិចសាសបានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំក្រោយនេះ ជាការប្រឹងប្រែងលើកទី៣របស់លោក សម្រាប់តំណែងក្នុងសេតវិមានចាប់តាំងពីឆ្នាំ១៩៨៨ មក។ ក្រុមអ្នកជំនាញការផ្តល់ឱកាសឈ្នះដល់លោក ប៉ូល តិចតួចណាស់ សម្រាប់ការតែងតាំង ជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ប៉ុន្តែទស្សនៈសេរីនិយមរបស់លោក អំពីនយោបាយបរទេសនិងក្នុងស្រុក គួរជំរុញការប្រកួតប្រជែងបាន។
លោករ៉នប៉ូលមានអ្នកគាំទ្រតិចប៉ុន្តែមានភក្តី បន្ទាប់ពីពេលលោកបានឈរឈ្មោះប្រកួតការតែងតាំងឈ្មោះជាបេក្ខជនប្រធានាធិបតីកាលពីបួនឆ្នាំមុនមក ហើយរំពឹងថានឹងពឹងលើក្រុមអ្នកគាំទ្រទាំងនោះបានម្តងទៀតសម្រាប់ការប្រកួតឆ្នាំ២០១២។
លោកប៉ូលដាក់ខ្លួនលោកនៅដាច់ ពីក្រុមសមាជិកសាធារណរដ្ឋរបស់លោក លើបញ្ហាបរទេសនិងក្នុងស្រុកមួយចំនួន ជាពិសេសការប្រឆាំងរបស់លោកទៅនឹងសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងប្រទេសអ៊ីរ៉ាក់។
លោក ប៉ូលបានមានប្រសាសន៍នៅក្នុងកម្មវិធី Good Morning America នៃទូរទស្សន៍ ABC ថាគ្រាដែលលោកបានគាំទ្រការឆ្មក់វាយលុករបស់កងកម្លាំង ស.រ.អា. ដែលបានសម្លាប់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាដិននោះ លោកនៅតែជាអ្នករិះគន់ទាំងស្រុងទៅនឹងសង្គ្រាមភេរវកម្ម។ លោក ប៉ូល មានប្រសាសន៍ថា៖
«នៅពេលនោះ យើងបានចេញទៅលុកលុយប្រទេសអ៊ីរ៉ាក់។ យើងបានចំណាយអស់មួយពាន់លានដុល្លារ។ យើងបានធ្វើឲ្យបាត់បង់ជីវិតអាមេរិកាំងអស់៥ពាន់នាក់។ យើងបានសម្លាប់មនុស្សគ្មានទោសកំហុសជាច្រើននាក់ ដូច្នេះការអនុវត្តន៍ធ្វើនោះវាអាក្រក់ខ្លាំងណាស់។»
លោក ប៉ូលក្នុងវ័យ៧៥ឆ្នាំ បានប្រកួតការតែងតាំងឈ្មោះជាបេក្ខជនប្រធានាធិបតីលើកដំបូងបង្អស់នៅក្នុងឆ្នាំ១៩៨៨ ជាបេក្ខជនខាងគណបក្សអ្នកសេរីនិយមហៅ Libertarian Party។លោកបានជាប់នៅក្នុងការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រលើកដំបូងនៅក្នុងរដ្ឋតិចសាស នៅក្នុងឆ្នាំ១៩៧៦។
លោក ប៉ូលជាបេក្ខជនចុងក្រោយបង្អស់ដែលចូលរួមក្នុងការរៀបចំយឺតពេលដើម្បីរកបេក្ខជនឈរឈ្មោះប្រកួតយកតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ អតីតប្រធានរដ្ឋសភា សរអា លោក Newt Gingrich ក៏បានចូលជាផ្លូវការនៅក្នុងការប្រកួតនៅសប្តាហ៍នេះដែរ ហើយមានអ្នកប្រកួតប្រជែងជាច្រើននាក់ទៀតដែលរំពឹងថានឹងធ្វើការសម្រេចចិត្តឆាប់ៗ។
នៅក្នុងចំណោមអ្នកទាំងនោះ មានលោក Mitt Romney អតីតអភិបាលរដ្ឋ Massachusetts ដែលបានប្រកួតនៅក្នុងឆ្នាំ២០០៨ និងជាអ្នកដែលត្រូវបានពិចារណាដោយក្រុមអ្នកមកពីគណបក្សសាធារណរដ្ឋខ្លះៗ ថាជាអ្នកដែលនឹងឈ្នះនាំមុខគេ សម្រាប់ការតែងតាំងបេក្ខជនប្រធានាធិបតីនៅក្នុងឆ្នាំ២០១២។
ប្រែសម្រួលដោយ នុច សារីតា