ការ​រក​ឃើញ​ឧស្ម័ន​ធម្មជាតិ​ចម្លែក​មួយ​​ធ្វើ​ឱ្យ​ការ​ទាមទារ​អធិបតេយ្យភាព​ដែន​សមុទ្រ​របស់​ចិន​កាន់​តែ​មាន​ខ្លាំងក្លា

  • Ralph Jennings

ឧទ្ធមាគចក្រ​យោធា​ចិន​ត្រៀម​ចុះ​ចត​លើ​នាវា​កងទ័ព​ជើង​ទឹក​ឈ្មោះ​ថា CNS Huangshan នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​រក​ឃើញ​ឧស្ម័ន​ធម្មជាតិ​​មួយ​ប្រភេទ​ដែល​គេ​មិន​សូវ​ស្គាល់​​នៅ​កណ្តាល​សមុទ្រ​ នឹង​ជួយ​ដល់​ការ​ទាមទារ​របស់​ចិន​ទៅ​លើ​ដែន​សមុទ្រ​​ចិន​ខាង​ត្បូង​ដែល​ត្រូវ​ទាមទារ​ដែរ​​ដោយ​រដ្ឋាភិបាល​ប្រទេស​​អាស៊ី​ចំនួន​៥ផ្សេង​ទៀត។ ឧស្ម័ន​ចម្លែក​នោះ​ត្រូវ​បាន​គេ​ហៅ​ថា ដុំ​ទឹកកក​ដែល​អាច​ឆេះ​បាន។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋចិន​ឈ្មោះ​ Xinhua បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​បូម​យកដុំ​ទឹកកក​ដែល​អាច​ឆេះ​បាន​នេះចំនួន​៨៦១.៤០០​ម៉ែត្រគូប​ ដែល​ជា​មធ្យម​គេ​អាច​រក​បាន​ចំនួន​២៨.៧០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នៅ​ក្នុង​បេសកកម្ម​មួយ​ដែល​ចិន​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​កុម្ភៈ។ ដុំ​ទឹកកក​ដែល​អាច​ឆេះ​នោះ​គឺ​ជា​ប្រភេទ​ឧស្ម័ន​ធម្មជាតិ​ម្យ៉ាង។

អ្នក​វិភាគ​និយាយ​ថា ការ​រកឃើញ​នេះ​ធ្វើ​ឱ្យ​ចិន​មាន​មូលហេតុ​ថ្មី​ដើម្បី​ប្រើប្រាស់​ដែន​សមុទ្រ​នេះ ទោះ​ជា​មាន​ការ​តវ៉ា​ពី​ប្រទេស​ផ្សេង​ក្តី ក្នុង​ពេល​ដែល​ខ្លួន​ត្រូវ​ធានា​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​ពលរដ្ឋចំនួន​ជាង១.៤០០លាន​នាក់​របស់​ចិន។ ក្រុមអ្នក​វិភាគ​ទាំង​នោះ​និយាយ​បន្ថែមទៀត​ថា ប្រទេស​ចិន​នឹង​ទទួល​បាន​មូលដ្ឋាន​ទៅ​លើ​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូងកាន់​តែ​រឹងមាំ ប្រសិន​បើ​ខ្លួន​ចាប់​ផ្តើម​ផ្តល់​អាជ្ញាប័ណ្ណ​នៃ​បច្ចេកវិទ្យា​រុករក​ឧស្ម័ន​មួយ​នេះ​ទៅ​ឱ្យ​ប្រទេស​ផ្សេង​ ដើម្បី​ឱ្យ​ពួកគេ​អាច​រុករក​ឧស្ម័ន​នេះ​បាន។​

លោក Eduardo Araral សាស្ត្រាចារ្យរង​នៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃសាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ បាន​និយាយ​ថា ការ​រក​ឃើញ​ថ្មី​មួយ «នឹង​ជួយ​ពង្រឹង​ការ​អះអាង​របស់​[ចិន]» ថា​តើ​ហេតុអ្វី​បាន​ជា​ចិនគួរ​នៅ​តែ​មាន​វត្តមាន​បន្តនៅ​ក្នុង​សមុទ្រ​ដើម្បី​រុករក​ប្រេង​និង​ឧស្ម័ន។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​បាន​ទាមទារ​ផ្នែក​ខ្លះ ឬ​ផ្នែក​ទាំង​អស់​នៃ​សមុទ្រ​ដែល​មាន​ទំហំ​៣,៥លាន​ម៉ែត្រ​ការ៉េ​នេះ។ ប្រទេស​ចិន​បាន​អះអាងថា ​ផ្លូវ​ទឹក​នេះ​ប្រមាណ​ជា​៩០%​ជា​របស់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​មាន​តំបន់​ទាមទារ​ជាន់​គ្នា ជាមួយ​នឹង​រដ្ឋាភិបាល​ផ្សេង និង​បង្ក​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ម្តងម្កាល។

ប្រទេស​ចិន​បាន​នាំ​មុខ​គេ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ក្នុង​ការ​ចាក់បំពេញ​ដី​ទៅ​លើ​កោះ​តូចៗ​ដើម្បី​ប្រើប្រាស់​សម្រាប់​យោធា។ បច្ចេកវិទ្យា​ចិន ដូចជា​ដ្រូន និង​ប្រព័ន្ធ​តាមដាន​ក្រោម​ទឹក ត្រូវ​បាន​គេ​យល់​ថា​ មាន​ភាព​ទំនើប​ជាង​ប្រទេស​ដែល​ទាមទារ​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍។

លោក Araral និយាយ​ថា ច្បាប់​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​ការ​រកឃើញ​ថាមពល​ណា​មួយ​ជា​សំអាង​សម្រាប់​ការ​ទាមទារ​អធិបតេយ្យភាព​នោះ​ទេ។

ទោះ​ជា​រដ្ឋាភិបាល​ដែល​ទាមទារ​ផ្សេង​ទៀត​កំពុង​ជាប់​រវល់​គ្រប់គ្រង​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​ក្តី ​គេ​រំពឹង​ថា ប្រទេស​ទាំង​អស់​នឹង​កត់​សម្គាល់​ ប្រសិន​បើ​ចិន​ពង្រីក​ការ​រុករក​របស់​ខ្លួន។ កន្លែង​រុករក​ ដែល​គេ​ហៅ​ថា Shenhu មាន​ទីតាំង​នៅ​ក្នុង​ដែនទឹក​មិន​មាន​ជម្លោះ​របស់​ចិន ដែល​មាន​ចម្ងាយ​៣២០គ.ម.​ពី​ឆ្នេរ​ដី​គោក។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌលសម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅ​ក្នុង​ក្រុង​ហូជីមិញប្រទេស​វៀតណាម​ និយាយ​ថា «មក​ទល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ឃើញ​មាន​ការ​តវ៉ា​ការ​ទូត​ផ្លូវ​ការ​ណា​មួយ​ពី​ភាគី​វៀតណាម​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកគេ​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ការ​វិវត្ត​នេះ»។

លោក Stuart Orr សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ Deakin​ ក្នុង​ប្រទេស​អូស្ត្រាលី​ថ្លែង​ថា ដុំ​ទឹកកក​ដែល​អាច​ឆេះ​បាន​កប់​នៅ​ក្នុង​តំបន់​សមុទ្រផ្សេង​ទៀត ដែល​នេះ​មាន​ន័យ​ថា ប្រទេស​ផ្សេង​នឹង​មាន​ចំណាប់អារម្មណ៍​នឹង​ការ​រក​ឃើញ​របស់​ចិន​នេះដែរ។

ដុំ​ទឹកកក​ដែល​អាច​ឆេះ​បាន

រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​ធនធាន​របស់​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​ធ្វើ​ការ​រុករក​ដុំ​ទឹកកក​ដែល​អាច​ឆេះ​បាននៅ​សមុទ្រ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០១៧ បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ប្រមាណ​២ទសវត្សរ៍ នេះ​បើ​យោង​តាម​សារព័ត៌មាន Xinhua។ ដោយសារ​តែ​គេអាច​ដុត​វា​ឲ្យ​ឆេះ​បាន​ដូច​អេតាណុល​ ឧស្ម័ន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា «ជា​ឧស្ម័ន​ដែល​អាច​ឆេះ​បាន»។

សារព័ត៌មាន Xinhua និយាយ​ថា ​ដុំ​ទឹកកក​មួយ​ម៉ែត្រ​គូប​ស្មើ​នឹង​១៦៤​ម៉ែត្រ​គូប​នៃ​ឧស្ម័ន​ធម្មជាតិ​ទូទៅ។ ប្រភព​ថាមពល​មួយ​នេះ​ដែល​មាន​នៅ​តំបន់​វាលរហោឋាន​នៅតំបន់​ប៉ូល​ខាង​ជើង​អាកទិក​ផង​ដែរ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភព​ថាមពល​ស្អាត និង​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ ប៉ុន្តែ​ពិបាក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។

សារព័ត៌មាន Xinhua និយាយ​ថា កិច្ចប្រឹងប្រែង​នៅ​ក្នុង​ឆ្នាំ២០១៧​នៅ​តំបន់ Shenhu ដែល​មាន​ជម្រៅ​១.២២៥ម៉ែត្រ អាច​រក​បាន​ឧស្ម័ន​តិច​ជាង​ការ​រុករក​នៅ​ពេល​នេះ។​

ការ​រុករក​រួម​គ្នា​រវាង​ចិន និង​បរទេស​

លោក Collin Koh ដែល​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា ការ​រុករក​ដុំ​ទឹកកក​ដែល​អាច​ឆេះ​បានកាល​ពី ខែ​មីនានេះ​នឹង​អនុញ្ញាត​ឱ្យ​ចិន​បង្ហាញ​ពី «ជំនាញ​ខាង​បច្ចេកវិទ្យា» របស់​ខ្លួននិង​ស្វែងរក​ភាព​ជា​ដៃគូ​ក្នុង​ការ​រុករក​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត។

លោក​ Koh និយាយ​ថា ប្រទេស​ទាមទារ​ដែន​សមុទ្រចិន​ខាង​ត្បូង​ផ្សេង​ទៀត​ខ្វះខាត​បច្ចេកវិទ្យា​រុករក​ដុំ​ទឹកកក​ដែល​អាច​ឆេះ​បាន​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​អាស៊ីអាគ្នេយ៍ដែលធ្វើ​ការ​ទាមទារ​ដែន​សមុទ្រ​ទាំង​នេះ​ ក៏ធ្វើ​ការ​រុករក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​យ៉ាង​សកម្ម​ដែរ។

លោក Orr បាន​និយាយ​ថា៖ «អាច​មាន​ចំណាប់​អារម្មណ៍​ពីប្រទេស​ផ្សេងៗ​ជាច្រើន​ក្នុង​ការ​ទទួល​បាន​បច្ចេកវិទ្យា​ដែល​ចិន​បាន​អភិវឌ្ឍ។ ការណ៍​នេះ​អាច​ឱ្យ​ចិន​មាន​ជម្រើស​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ ឬ​ជ្រើសរើស​ក្នុង​ការ​ចែករំលែក​បច្ចេកវិទ្យា​នេះ​ជាមួយ​ប្រទេស​ដែល​ចាប់​អារម្មណ៍ និង​អាច​ធ្វើ​ឱ្យ​ចិន​មាន​កម្លាំង​នយោបាយ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ពិភពលោក ដែល​បារម្ភ​ពី​ប្រភព​នៃ​ថាមពល​ដែល​មាន​តម្លៃ​ទាប»។

លោក Koh បាន​និយាយ​ថា ថ្នាក់​ដឹកនាំ​ចិន​យល់​ថា​ ការ​រកឃើញ​នេះ​ជា​ឱកាស​មួយ​ក្នុង​ការ​ដក​ក្រុមហ៊ុន​ថាមពល​ពហុ​ជាតិសាសន៍​បរទេស​ចេញ​ពី​សមុទ្រ​ដែល​មាន​ជម្លោះ​នេះ។ កិច្ចព្រមព្រៀង​រវាង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ជាមួយក្រុមហ៊ុន​នានា​មក​ពី​អឺរ៉ុប ឥណ្ឌា និង​សហរដ្ឋអាមេរិក​អនុញ្ញាត​ឱ្យ​បរទេស​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់​ថា​ជា​របស់​ចិន។

លោក Koh បាន​និយាយ​ថា៖ «ចិន​បាន​ដឹង​តាំង​ពី​យូរ​មក​ហើយ​ថា ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នឹង​ជ្រើស​យក​ក្រុមហ៊ុន​ថាមពល​ពហុ​ជាតិសាសន៍​បរទេស​ទាំង​នេះ​ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​រួម​គ្នា ខណៈ​ដែល​ចិន​ចង់​បង្ហាញ​ថា ខ្លួនក៏​ជា​ដៃគូ​ដែលមាន​សមត្ថភាព​អាច​ផ្តល់​បច្ចេកវិទ្យា​នេះ​បាន​ដែរ»៕