កុមារពិការ​ប្រឈម​ការរើសអើង​ និង​ការរំលោភ​សិទ្ធិមនុសុ្ស

  • Lisa Schlein

រូបឯកសារ៖ កុមារពិការដៃម្នាក់នៅប្រទេសហៃទី ទទួលបានដៃសិប្បនិម្មិតប្រភេទ 3D នៅ​មជ្ឈមណ្ឌល​ក្មេង​កំព្រាមួយ នៅជាយក្រុង Port-au-Prince ប្រទេស​ហៃទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។

លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ ​មនុស្ស​និង​ជា​វេជ្ជបណ្ឌិត​ និង​ជា​ពេទ្យកុមារ​បាន​ថ្លែងថា​ក្នុង​ការងារ​​របស់​លោក​ស្រី លោកស្រី​បាន​ដឹងថា​ ការអំពាវនាវ​របស់​កុមារ​ពិការ​ជារឿយៗ​ត្រូវ​បាន​គេព្រងើយ​កន្តើយ។​

ក្រុមឃ្លាំមើល​សិទ្ធិមនុស្ស​កំពុង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការរើសអើង​មិន​ផ្តល់​សិទ្ធិ​ស្មើគ្នាចំពោះ​កុមារពិការ​ដូច​ទៅ​នឹង​កុមារ​ដ៏ទៃ​ ក្នុង​ការ​ទទួល​បាន​ការអប់រំ​ និង​ការ​ទទួល​បាន​ឱកាស​ផ្សេងៗទៀត​នៅក្នុង​សង្គម។ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស​ កំពុង​រៀបចំ​កម្មវិធី​ពិសេស​មួយ ស្តី​ពី​ការពង្រឹង​សមត្ថភាព​ដល់​កុមារពិការ។

ដើម្បី​ជា​ការគាំទ្រ​ដល់​ប្រធានបទ​ដែល​កំពុង​រៀបចំ​ឡើង​នេះ​អង្គការសហប្រជាជាតិ​បាន​បង្កើត​កន្លែង​ដែល​អាច​ឲ្យ​អ្នកជិះ​លើ​កៅអី​រុញ​ចូល​ក្នុង​ក្រុមប្រឹក្សា​សភា​បាន​ បាន​ជួល​អ្នក​បកប្រែ​ភាសា​ប្រើ​កាយវិការ​សម្រាប់​មនុស្ស​គថ្លង់​ និង​បាន​សរសេរ​សេចក្តី​ថ្លែងការ​ជា​អក្សរផុស​សម្រាប់​មនុស្ស​ពិការភ្នែក។

ការរៀបចំ​ដើម្បី​ជួយ​ដល់​កុមារពិការ​ដោយ​អង្គការ​សហប្រជាជាតិ​ គឺ​ជា​ការ​ផ្ញើរសារ​ទៅ​កាន់​ពិភពលោក​ថា​ ខ្លួន​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ។ សារ​ទាំងនោះមាន​ន័យ​ថា​ កុមារពិការ​នឹង​អាច​រស់នៅ​យ៉ាងពេញលេញ​ដូចជា​កុមារ​ធម្មតា​ដ៏ទៃ​ទៀត​ដែរ​ប្រសិន​បើ​ពួកគេ​បាន​ទទួល​នូវអ្វី​ដែល​ពួកគេ​ត្រូវការ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា​ កុមារពិការ​៩៣លាននាក់​នៅ​ទូទំាង​ពិភពលោក​ទំនង​ជា​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ចាប់តាំង​ពី​ពេល​ចាប់​កំណើត​មក។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ កុមារ​ទាំងនេះ​ត្រូវ​បាន​បែក​ចេញ​ពី​កុ្រមគ្រួសារ​របស់​ពួកគេ និង​ត្រូវ​បាន​ដាក់​នៅ​តាម​មន្ទីរនានា​ដែលប្រឈម​នឹង​ការរំលោភបំពាន​ និង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់។

លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ ​មនុស្ស​និង​ជា​វេជ្ជបណ្ឌិត​ និង​ជា​ពេទ្យកុមារ​បាន​ថ្លែងថា​ក្នុង​ការងាររបស់​លោក​ស្រី លោកស្រី​បាន​ដឹងថា​ ការអំពាវនាវ​របស់​កុមារ​ពិការ​ជារឿយៗ​ត្រូវ​បាន​គេព្រងើយ​កន្តើយ។​

លោកស្រី Michelle Bachelet បាន​ថ្លែងថា៖ «ពេល​រៀបចំ​កម្មវិធី​សម្រាប់​កុមាពិការ​នៅ​ថ្ងៃនេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​កាល​ពី​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ជា​ពេទ្យកុមារ​ តើ​គេ​ទុក​ឲ្យ​កុមារពិការ​រស់នៅ​ក្នុង​ស្ថានភាព​ដូច្នេះ​យ៉ាងម៉េច​កើត? វា​ជា​រឿង​កាន់​តែ​ស្មុគស្មាញ។ ពួកគេ​ព្រងើយ​កន្តើយ​ចំពោះ​កុមារពិការ​ ពួកគេ​លាក់​ទុក​កុមារ​ទាំងនោះ។ ពួកគេ​ទុក​កុមារពិការ​នៅក្នុង​ប្រអប់​បិទជិត​ធ្វើ​ឲ្យ​កុមារ​ទាំងនោះ​គ្មាន​លទ្ធភាព​អភិវឌ្ឍន៍​ខ្លួនឯង។ បើទោះ​ជា​កុមារ​ទាំង​នោះ​និយាយ​នៅ​ចំពោះ​មុខ​គ្រូពេទ្យ​ក៏​ដោយ​ ក៏​វា​ហាក់​ដូចជា​ថា​ ពួកគេ​មិន​បាន​ឮ ​ឬ​គ្មាន​វត្តមាន​នៅ​លើ​លោក​នេះ»។

ក្រុមអ្នកជំនាញ​បាន​ជជែក​ដេញដោល​គ្នា​លើ​បញ្ហា​នេះ​និង​បាន​យល់ព្រម​ថា ​កុមារ​ត្រូវ​ទទួល​បាន​ការអប់រំ​ដូច​នឹង​កុមារ​ធម្មតា​ដ៏ទៃទៀត។ ក្រុម​អ្នកជំនាញ​យល់​ថា​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រកការ​ពង្រឹង​អំណាច​និង​ការទទួល​បាន​សិទ្ធិ​សំខាន់ៗដទៃ​ទៀត។

អ្នកជំនាញ​ថា​ ការពង្រឹង​សមត្ថភាព​ដល់​កុមារពិការ​ក៏​ត្រូវ​ពឹងផ្អែក​លើ​ការ​អនុវត្ត​ច្បាប់​ គោលនយោបាយ​ និង​វិធានការណ៍​នានា​ដើម្បី​ដោះស្រាយ​គ្រោះថ្នាក់​ក្នុង​សង្គម​ ដែល​តែងតែ​កើតឡើង​ និង​ដើម្បី​ការពារ​កុមារ​ពី​ការរើសអើង​ ការមាក់ងាយ និង​ការ​រំលោភបំពាន​នានា។

លោកស្រី​ឧត្តមស្នងការ Bachelet បាន​ថ្លែង​បន្ត​ថា ​កុមារពិការ​ស្ថិត​ក្នុង​ចំណោមមនុស្ស​ដទៃ​ទៀត​ដែល​ត្រូវ​បាន​គេ​មិន​យកចិត្ត​ទុកដាក់ និង​ជារឿយៗ​ត្រូវ​បាន​គេ​ព្រងើយ​កន្តើយ​នៅក្នុង​ការសម្រចចិត្ត​នានា​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួកគេ។ លោកស្រី​ថ្លែង​បន្ថែម​ថា ​កុមារ​ទាំងនោះ​មាន​សិទ្ធិដើម្បី​បញ្ចេញសំឡេង​ និង​រួមចំណែក​ក្នុង​ការសម្រេចនានា​ដែល​ប៉ះពាល់​ដល់​ជីវិត​របស់​ពួកគេ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា