ក្រុម​អ្នក​ការទូត​ជំរុញ​អាជ្ញាធរ​​មីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​បាន​តាម​សន្យា

ជន​ភៀស​ខ្លួន​ Rohingya ជន​តម្រង់ជួរ​ដើម្បី​យក​អាហារ​នៅ​ក្នុង​ជម្រង់​មួយ​ក្បែរ​ Teknaf ប្រទេស​បង់ក្លាដែសកាលពី​ថ្ងៃទិ​១២ តុលា ២០១៧។

ប្រេសិត​អ.ស.ប.​មក​ពី​ប្រទេស​អង់គ្លេស​និង​ប្រទេស​បារាំង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមា​ឱ្យ​ប្រែ​ក្លាយ​ការ​សន្យា​ទៅ​ជា​សកម្មភាព​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​និង​បង្កើត​ស្ថានភាព​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ភូមាវិញ​នៃ​ក្រុម​ជន​ភៀស​ខ្លួន​អំម្បូរ​ Rohingya រាប់​សែន​នាក់។

លោក Matthew Rycroft ឯក​អគ្គរាជ​ទូត​អង់គ្លេសបាននិយាយ​ប្រាប់​ពួកអ្នក​កាសែត​កាលពី​ថ្ងៃសុក្រ ដោយ​លោក​បាន​និយាយ​យោង​ដល់​មេដឹកនាំ​តាម​ព្រឹត្តន័យ​នៃ​ប្រទេសភូមា​ថា «កាលពី​ម្សិលមិញ​ យើង​បាន​ឮ​លោកស្រី​ អង់​សាន​ស៊ូជី ​បង្ហាញ​គំនិត​ដំបូងៗ​របស់​លោកស្រី​នៅ​ក្នុង​សុន្ទរកថា​មួយ​សម្រាប់​ធ្វើ​បែប​ណា​ដើម្បី​កសាង​អនាគត​ក្នុង​រយៈពេល​យូរ​ហើយ​យើង​នឹងមើល​ដិត​ដល់​អំពី​ព្រឹត្តិការណ៍​នៅ​ពេល​លោកស្រី​ធ្វើពាក្យ​សម្តី​ឱ្យ​ក្លាយ​ទៅ​ជា​សកម្មភាព»។

ជន​អម្បូរ Rohingya ជាង​៥សែន​៣ម៉ឺន​៦ពាន់នាក់​បាន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​នៅ​ជិតខាង​កាលពី​៧សប្តាហ៍​មុន​នេះ​ដោយ​រត់គេច​ខ្លួនចេញ​ពី​ការ​បង្ក្រាប​លើ​សហគមន៍ជន​ភាគ​តិច​របស់​ពួក​គេនៅក្រោយពួក​ជនសកម្មប្រយុទ្ធ Rohingya បានបើក​ធ្វើការ​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​កងកម្លាំង​សន្តិសុខ​រដ្ឋ។​

លោក​ឯកអគ្គរដ្ឋទូត​បារាំង​ Francois Delattre បាន​ព្រមាន​ថា​ «នេះជា​ការ​សម្អាត​ខាង​ពូជ​សាសន៍​មួយ​ដែល​កំពុង​កើត​មាន​ឡើង​នៅចំពោះ​មុខយើង»។មន្ត្រី​ភូមា​បាន​បដិសេធ​ខ្លាំង​ក្លា​ដល់​ការ​ចោទ​ប្រកាន់​បែបនេះ​ពី​ពួកមន្ត្រី​អន្តរជាតិ​ច្រើននាក់៕