អ្នកជំនាញផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថលជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការស្វែងរកជនឆបោកតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ជាជាងគ្រាន់តែជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈសកម្មភាពឆបោកតាមអនឡាញកំពុងក្លាយជាក្តីបារម្ភខ្លាំងរបស់សាធារណជន។
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយជូនដំណឹងឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតលួចគណនីតេឡេក្រាមតាមរយៈការបន្លំជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់ជា «សារព្រមាន» ឬ «តំណភ្ជាប់» ដែលតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ដែលអាចឱ្យចោរព័ត៌មានវិទ្យា (Hackers) លួចយកគណនីតេឡេក្រាម។ ក្រសួងប្រៃសណីយ៍បានណែនាំឱ្យអ្នកប្រើប្រាស់តេឡេក្រាមចៀសវាងចុចលើតំណភ្ជាប់ណាមួយ និងត្រូវលុបសារនោះចោល។
ជារឿយៗ គេឃើញក្រសួងប្រៃសនីយ៍តែងជូនដំណឹងពីករណីមិនប្រក្រតីផ្សេងៗ ដែលអាចជាការឆបោកលើបណ្តាញសង្គមនានា ជាពិសេសបណ្តាញតេឡេក្រាម និងតែងប្រាប់ឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្នចំពោះករណីទាំងនោះ។
អ្នកស្រី ឈិត កណិកា ទីប្រឹក្សានិងជាអ្នកបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការជូនដំណឹងរបស់ក្រសួងជាផ្នែកមួយក្នុងការដាស់តឿនអ្នកប្រើប្រាស់ ប៉ុន្តែអ្នកស្រីថា ការសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកប្រភពនៃជនឆបោក គឺជាផ្នែកសំខាន់ក្នុងការកាត់បន្ថយ ឬបញ្ឈប់បញ្ហាទាំងនោះ។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលក្រសួងគាត់បានចេញសេចក្ដីជូនដំណឹង វាកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់បានមួយភាគដែរ។ ប៉ុន្តែបន្ថែមពីលើនេះ ខ្ញុំគិតថា ការសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកប្រភពនៃជនឆបោករឹតតែសំខាន់ ដើម្បីកាត់បន្ថយ ឬក៏បញ្ឈប់នូវការឆបោកនេះក្នុងករណីដែលប្រភពនៃជនឆបោកស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃអាជ្ញាធរប្រទេសកម្ពុជា»។
អ្នកស្រីបន្ថែមថា ក្រសួង ឬស្ថាប័នពាក់ព័ន្ធគួរស្នើសុំការសហការទៅកាន់ក្រុមហ៊ុនតេឡេក្រាមឱ្យលុប ឬដកគណនីដែលចែកចាយសារឆបោកនោះឱ្យបានទាន់ពេលវេលា ដើម្បីការពារអ្នកប្រើប្រាស់បានឆាប់រហ័ស។
អ្នកស្រី ឈិត កណិកា លើកឡើងទៀតថា អ្នកប្រើប្រាស់ត្រូវតែពិចារណាមុននឹងចុចលើសារ ឬតំណភ្ជាប់ដែលទទួលបាន និងឈ្វេងយល់បន្ថែមអំពីសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅលើប្រព័ន្ធផ្សព្វផ្សាយ។ អ្នកប្រើប្រាស់ក៏ត្រូវចេះរក្សាទុកព័ត៌មានឯកជនរបស់ខ្លួនឱ្យបានល្អ និងប្រើពាក្យសម្ងាត់រឹងមាំ ប្រើប្រាស់ការផ្ទៀងផ្ទាត់ពីរកត្តា ឬការចាក់សោរពីរជាន់។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ត្រូវចែករំលែកសារដែលជនឆបោកផ្ញើមក ទៅអ្នកផ្សេងឱ្យមានការប្រុងប្រយ័ត្ន ឬថតអេក្រង់នៃសារនោះទុកជាភស្ដុតាងប្ដឹងទៅមន្ដ្រីមានសមត្ថកិច្ចជាដើម។
បច្ចុប្បន្ននេះ ការក្លែងបន្លំ ឬការឆបោកលើបណ្តាញសង្គមមានច្រើនរូបភាពដូចជា ការបន្លំអត្តសញ្ញាណរបស់អ្នកមានមុខមាត់ក្នុងសង្គមដើម្បីបោកបញ្ឆោតអ្នកប្រើបណ្តាញសង្គមផ្សេងទៀតឱ្យបណ្តាក់ទុនជាមួយ និងការលួចចូលគណនីរបស់អ្នកប្រើប្រាស់យកទៅបោកបញ្ឆោតអ្នកដទៃជាដើម។
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល ប្រាប់វីអូអេដែរថា ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រាយការណ៍ និងដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។
លោកថា៖ «សម្រាប់ក្រសួងនានា និងស្ថាប័នពាក់ព័ន្ធ គួរសម្របសម្រួលឱ្យការរាយការណ៍អំពីការឆបោក និងការដាក់ពាក្យបណ្តឹង មានការងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពពីយន្តការនៃការរាយការណ៍ និងការដាក់ពាក្យបណ្តឹង។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយពីស្ថិតិនៃករណីនៃការឆបោក ប្រភេទនៃការឆបោក និងករណីដែលបានដោះស្រាយជោគជ័យជាសាធារណៈ និងទៀងទាត់»។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត រដ្ឋលេខាធិការ លោក សូ វិសុទ្ធី និងអ្នកនាំពាក្យលោក លីវ សុផាណារិទ្ធ អំពីការទប់ស្កាត់ និងបង្រ្កាបការបោកបញ្ឆោតលើបណ្តាញសង្គមតេឡេក្រាម តែមិនមានការឆ្លើយតប។
កាលពីដើមឆ្នាំ ២០២៣ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយអំពីបទល្មើសបច្ចេកវិទ្យាធំៗចំនួន ៥។ ក្នុងនោះមានដូចជា ការដាក់ធ្នាក់លួចយកនូវព័ត៌មាន ការហៅទូរសព្ទបញ្ឆោតលួចព័ត៌មាន ការវាយប្រហារផ្អាកដំណើរការប្រព័ន្ធ ការលួចអត្តសញ្ញាណ និងមេរោគជំរិតទារប្រាក់៕