របប​ផ្តាច់​ការ​នៅ​ជុំវិញ​ពិភពលោក​បង្កើន​ការ​ត្រួតត្រា​សកម្មជន និង​សង្គម​ស៊ីវិល

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry បង្ហាញ​របាយការណ៍​ប្រចាំ​ប្រទេស​ឆ្នាំ២០១៥​ស្តី​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ នៅ​ក្រសួង​ការបរទេស​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។

របប​ផ្តាច់​ការ​នៅ​ជុំ​វិញ​ពិភពលោក​កើត​ចេញ​ពី​ការ​ជិះជាន់​សង្កត់​សង្កិន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ដោយ​ការ​បង្កើន​ការ​ត្រួតត្រា​លើ​ពួក​សកម្មជន​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​អាច​គំរាម​កំហែង​ដល់​អំណាច​របស់​ពួកគេ។ នេះ​បើ​យោង​តាម​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកសម្រាប់​ឆ្នាំ​២០១៥​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្សប្រចាំ​ឆ្នាំរបស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ឆ្នាំ​ទី៤០​នេះ ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​«នៅ​ឆ្នាំ​២០១៥ ​ការ​បង្ក្រាប​ជា​សាកល​ដោយ​ពួក​រដ្ឋ​ផ្តាច់​ការ​ទៅ​លើ​អង្គការ​សង្គម​ស៊ី​វិល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ការ​បំបិទ​មាត់​សំឡេង​ឯករាជ្យ បន្ថយ​ឱកាស​ក្នុង​ការ​ចូល​រួម​ខាង​នយោបាយ ​ហើយ​និង​បិទ​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី។

របាយការណ៍​ដដែល​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «រដ្ឋាភិបាល​ផ្តាច់​ការ​បាន​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​ពី​ព្រោះ​តែ​ពួកគេ ​ភ័យ​ខ្លាច​ការ​ពិនិត្យ​ជា​សាធារណៈ​ហើយ​មាន​អារម្មណ៍​ថា ​បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​ពលរដ្ឋ​ដែល​រួបរួម​គ្នា​ក្នុង​វិធី​ដែល​ពួកគេ ​មិន​អាច​ត្រួតត្រា​បាន។

ក្រសួង​ការបរទេសអាមេរិក បានជ្រើស​រើស​រដ្ឋាភិបាល​មួយចំនួន​សម្រាប់​ធ្វើ​ការ​រិះ​គន់​ចំពោះ​អ្វី​ដែល​ក្រសួង​ការបរទេស​អាមេរិក ​បាន​ពណ៌នា​ថា ​ជា​របប​ផ្តាច់​ការ​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត។ រដ្ឋាភិបាល​ទាំង​នេះ​រួម​មាន​រដ្ឋាភិបាលកូរ៉េ​ខាង​ជើង ​គុយបា ​ចិន ​អ៊ីរ៉ង់ ស៊ូដង់ ​និង​ប្រទេស​អ៊ូសបេគីស្ថាន (Uzbekistan)។ របាយការណ៍​នេះ ​ក៏​បាន​ប្រកាស​ប្រឆាំង​ពួក​ភេរជន​រដ្ឋ​ឥស្លាម​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ព្រៃ​ផ្សៃ​ទៅ​លើ​ជន​ស៊ីវិល​ផង​ដែរ។

​ដោយ​ឡែកទាក់​ទងប្រទេស​កម្ពុជា​វិញ របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​រួម​មាន​ការ​យក​ប្រព័ន្ធ​តុលាការ​ឲ្យ​ស្ថិត​នៅ​ក្រោម​គំនាប​នយោបាយ ហើយ​និង​ធ្វើ​ឲ្យ​គ្មាន​ប្រសិទ្ធិភាព បង្កើត​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​និយាយ​ស្តី ការ​ជួប​ប្រជុំ​ ហើយ​និង​ការ​បង្កើត​សមាគម ​ហើយ​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ និង​ការ​គំរាម​កំហែង​ដាក់​គុក​ដើម្បី​បំភិត​បំភ័យ​ពួក​ប្រឆាំង។

បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ​រួមមាន​ការ​បន្ត​រំលោភ​ធ្វើ​បាប​អ្នក​ទោស ​ការ​រឹតត្បិត​សារព័ត៌មាន ការ​ខក​ខាន​មិន​បាន​ផ្តល់​សិទ្ធិ​ដល់​អ្នក​សុំសិទ្ធិ​ជ្រកកោន ការ​រាល​ដាល​នៃ​អំពើ​ពុករលួយ​ហើយ​និង​ការ​ជួញ​ដូរ​មនុស្ស៕