បាតុករ​ក្រៅ​ប្រទេស​កំណើត​នៅ​សហ​រដ្ឋ​អាមេរិក​និង​កាណាដា​គាំទ្រ​រដ្ឋាភិបាល​អេត្យូពី​ក្នុង​ការដោះស្រាយ​ជម្លោះ​នៅ​ Tigray

ក្រុមអ្នកតវ៉ាធ្វើបាតុកម្មនៅទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១។

ក្រុម​បាតុករ​រាប់ពាន់​នាក់​ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុម​អ្នកនៅ​ក្រៅ​ប្រទេស​កំណើត​អេត្យូពី​ (Ethiopia) ​និង​អេរីទ្រៀ​ (​Eritrea) ​បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ជាច្រើន​ក្នុង​ប្រទេស​កាណាដា​នៅ​សប្តាហ៍​នេះ​ ដោយ​ថ្កោលទោស​ការលើកឡើង​របស់​មន្រ្តី​សហ​រដ្ឋ​អាមេរិក​ថា​ រដ្ឋាភិបាល​អេត្យូពី​ប្រើ​អំពើ​ឃោរឃៅ​នៅ​ក្នុង​តំបន់​ Tigray។​

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក ​Antony Blinken ​និង​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​លោកស្រី​ Linda Thomas-Greenfield​ បាន​ធ្វើអត្ថាធិប្បាយ​នៅ​សប្តាហ៍​នេះ ​ដោយ​ថ្កោលទោស​ជម្លោះ​ដែល​កំពុង​កើតមាន​នៅ​តំបន់​ភាគខាង​ជើង​នៃ​ប្រទេស​នេះ។ ​

សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នេះ។​

ពេល​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​សភា​កាលពី​ថ្ងៃពុធ​ លោក ​Blinken​ បាន​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​អេត្យូពី​ មិន​គួរ​«រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​ Tigray​ ឬ​ប្រព្រឹត្ត​អំពើ​លុបបំបាត់​ជាតិសាសន៍​ ដែល​យើងបាន​ឃើញ​នៅភាគ​ខាង​លិច​តំបន់​ Tigray​ នោះ​ទេ»។​

ក្នុង​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​អេត្យូពី​ គឺ​លោក ​Abiy Ahmed​ នៅ​ថ្ងៃ​ទី ២ ​ខែមីនា​ លោក Blinken​ បាន​សម្តែង​ការព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក ​អំពី​វិបត្តិ​មនុស្សធម៌​និង​សិទ្ធិមនុស្ស​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​តំបន់​នេះ​ ចាប់​តាំងពី​ជម្លោះ​ចាប់​ផ្តើម​កាលពី​ខែ​វិច្ឆិកា។​

រដ្ឋាភិបាល​អេត្យូពី​បាន​ចាប់​ផ្តើម​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ «ប្រតិបត្តិការ​ពង្រឹង​ច្បាប់» ​នៅក្នុង​តំបន់ ​បន្ទាប់ពី​បាន​ចោទ​ប្រកាន់​ថា​ ចលនា​នយោបាយ​ប្រដាប់​អាវុធ​ឈ្មោះ​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray​(TPLF)​ បានវាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​យោធា​និង​សម្លាប់​កងកម្លាំង​សហព័ន្ធ។​

រណសិរ្ស​រំដោះ​ប្រជាជន​ Tigray ​បាន​និយាយ​ថា ​ខ្លួន​បាន​ធ្វើ​សកម្មភាព​បង្ការ​ជាមុន ​ពីព្រោះទទួលបាន​ព័ត៌មាន​សម្ងាត់​ថា ​រដ្ឋាភិបាល​សហព័ន្ធ​អេត្យូពី​គ្រោង​វាយ​ប្រហារ​លើ​តំបន់​ Tigray​ ដោយ​សហការ​ជាមួយ​ប្រទេស​អេរីទ្រៀ ​ដែល​រដ្ឋាភិបាល​របស់​លោក ​Abiy​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព ​ក្នុង​ឆ្នាំ ​២០១៨។​

ភាពតានតឹង​បាន​កើតឡើង​ បន្ទាប់ពី​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray​ ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​តំបន់​ Tigray​ បាន​រៀបចំ​ការបោះឆ្នោត​មួយ​ កាលពី​ខែកញ្ញា ​ដែល​រដ្ឋាភិបាល​និយាយ​ថា​ខុសច្បាប់៕