វាគ្រោះថា្នក់ណាស់។ វាមិនមែនជាបញ្ហាសាសនាទេ។ នេះជាអ្វីដែលរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក John Kelly បានអះអាងនៅក្នុងសភាអំពីគោលបំណងរបស់បទបញ្ជាប្រធានាធិបតី ដែលពោរពេញដោយភាពចម្រូងចម្រាស។
«ការចេញបទបញ្ជានេះមិនមែនដោយសារតែប្រទេសទាំងនោះជាប្រទេសកាន់សាសនាឥស្លាមនោះទេ។ បទបញ្ជានេះធ្វើឡើងគឺដោយសារតែយើងមិនទុកចិត្តលើព័ត៌មានរបស់ពួកគេទេ»។
លោក Kelly ថ្លែងថា ការចេញបទបញ្ជាយ៉ាងឆាប់រហ័ស ដែលបង្កឲ្យមានការយល់ច្រឡំនៅតាមបណ្តាព្រលានយន្តហោះនៅទូទាំងប្រទេស និងបង្កឲ្យផ្ទុះបាតុកម្មនេះ តាមពិតអាចចៀសមិនឲ្យមានបាតុភាពទាំងនេះកើតឡើងបាន ប្រសិនបើមានការ ជជែកគ្នានៅក្នុងសភាដោយសម្រួលនោះ។
«បើគិតត្រឡប់ទៅវិញ គឺខ្ញុំខុស។ ខ្ញុំគួរតែបកស្រាយឲ្យបានឆាប់រហ័ស»។
ការទទួលកំហុសនេះបានធ្វើឲ្យក្រុមអ្នកប្រជាធិបតេយ្យស្ងប់ចិត្តតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេឲ្យលោក Kelly ពិចារណាអំពីការបែកបាក់ក្រុមគ្រួសាររបស់ជនទាំងនោះ ដោយសារតែបម្រាមនេះ។
ការប្រកាន់គណបក្សបង្ហាញយ៉ាងច្បាស់ ពេលក្រុមសមាជិកសភាខាងគណបក្សសាធារណរដ្ឋឆ្លើយតបត្រឡប់មកវិញថា បទបញ្ជានេះការពារអាយុជីវិតពលរដ្ឋអាមេរិកាំង។ សមាជិកសភាខាងគណបក្សសាធារណរដ្ឋគឺលោក Scott Perry បាននិយាយថា៖
«បទបញ្ជានេះប្រហែលជាធ្វើឲ្យប៉ះពាល់ដល់មនុស្សមួយចំនួន ដែលត្រូវបានជាប់នៅក្នុងព្រលានយន្តហោះ។ តែយើងគួរគិតពីក្រុមគ្រួសារអាមេរិកាំង ដូចជា ម្តាយ ឪពុក បងប្អូនប្រុស ស្រី និងក្មេងៗដែលមិនបានឃើញមុខឪពុក ម្តាយរបស់គេត្រឡប់មកពីធ្វើសង្គ្រាម ឬមកពីកន្លែងណាផ្សេងទៀត ដែលរងការវាយប្រហារនៅក្នុងប្រទេសរបស់ជនអន្តោប្រវេសន៍ទាំងនេះ»។
សង្ខីកម្មរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថ្មីបានធ្វើឡើងនៅចំពេលសំខាន់។ ខណៈតុលាការកំពុងថ្លឹងថ្លែងពីភាពស្របច្បាប់នៃបម្រាមនេះ លោកប្រធានាធិបតីត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានទំនុកចិត្តថា បទបញ្ជានេះនឹងឈ្នះ។
«ខ្ញុំមានទំនោរទៅអ្វីដែលជាច្បាប់។ រឿងមួយចំនួនផ្សេងទៀតគឺជារឿងមានការវិនិច្ឆ័យល្អ»។
ប៉ុន្តែក្រុមអ្នករិះគន់និយាយថា សាររបស់លោកត្រាំ នៅក្នុង Tweeter ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌។ ហើយលោកបានដាក់លោក Kelly ក្នុងស្ថានភាពតានតឹង ក្នុងការឆ្លើយទៅកាន់ក្រុមប្រជាធិបតេយ្យអំពីការទទួលខុសត្រូវរបស់ក្រសួងរបស់លោក។
«យើងពិតជាមិនដឹងអំពីក្តីបារម្ភរបស់លោកប្រធានាធិបតី អំពីអ្វីដែលបានកើតឡើងបន្ទាប់ពីចំណាត់ការ ដើម្បីបន្តធ្វើយ៉ាងប្រុងប្រយ័ត្ននោះ»។
លោក Kelly ហាក់ដូចជាបានបង្ហាញថា លោកនៅខាងលោកត្រាំ ដោយលោកបានក្រើនរំឭកអំពីចៅក្រមដែលជាអ្នកចេញសេចក្តីសម្រេចមិនឲ្យអនុវត្តបទបញ្ជាប្រធានាធិបតី។
«នៅពេលមានការជជែកគ្នាអំពីបញ្ហាទាំងនេះនៅក្នុងសវនាការ គឺមានខ្ញុំជាអ្នកការពារពួកគេ។ ហើយប្រសិនបើមានបញ្ហាអាក្រក់កើតឡើងដោយសារតែអនុញ្ញាតឲ្យមនុស្សទាំងនោះធ្វើដំណើរចូលមក គឺពួកគេមិនទៅសួរចៅក្រមដែលជាអ្នកអនុម័តនោះទេគឺពួកគេនឹងសួរខ្ញុំ»។
សារឆ្លើយឆ្លងមិនប្រក្រតីរវាងអង្គនីមួយៗក្នុងរដ្ឋាភិបាលគឺជាការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្លាទាក់ទិននឹងវិធានការរបស់លោកត្រាំ ដែលហាមឃាត់ការធ្វើដំណើរចូលក្នុងទឹកដីអាមេរិក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា