ខណៈដែលពិភពលោកកំពុងសម្លឹងមើលបញ្ហារបស់ប្រទេសក្រិកយ៉ាងយកចិត្តទុកដាក់ ដោយសារតែប្រទេសនេះកំពុងតែតស៊ូព្យាយាមងើបពីវិបត្តិបំណុលដ៏ធ្ងន់ធ្ងរនោះ ក្រុមសកម្មជនបាននិយាយថា ប្រទេសមួយចំនួន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍កំពុងមានប្រាក់បំណុលកើនឡើងក្នុងកម្រិតគ្រោះថ្នាក់មួយ។
ការតវ៉ាប្រឆាំងការត្បិតត្បៀតលើការចំណាយបានក្លាយជាអំពើហិង្សានៅសប្តាហ៍នេះ ខណៈដែលប្រទេសក្រិកកំពុងប្រយុទ្ធនឹងវិបត្តិបំណុល ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ព្រឹត្តិការណ៍នៅទីក្រុងអាថែនអាចមាននៅក្នុងចំណងជើងរបស់បណ្ដាញសារព័ត៌មាននានា ប៉ុន្តែក្រុមសកម្មជនបាននិយាយថា លទ្ធភាពនៃការកើនឡើងនៃប្រាក់បំណុលកំពុងកើតមានឡើងនៅក្នុងផ្នែកជាច្រើនតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ Tim Jones មកពីក្រុមយុទ្ធនាការ Jubilee Debt ។
«មានការកើនឡើងយ៉ាងខ្លាំងក្នុងការផ្ដល់ប្រាក់កម្ចី ជាពិសេសនៅក្នុងប្រទេសក្រីក្រជាងគេមួយចំនួនលើពិភពលោកនាពេលនេះ។ ដូច្នេះហើយបានជាយើងមានការព្រួយបារម្ភថា ប្រសិនបើយើងមិនធ្វើសកម្មភាពណាមួយទេ ប្រទេសទាំងនេះនឹងអាចបញ្ចប់ដោយជួបនូវវិបត្តិហិរញ្ញវត្ថុម្តងទៀត»។
ក្នុងចំណោមប្រទេសទាំង២០ដែលគេបានចាត់ទុកជាប្រទេសដែលងាយរងគ្រោះនឹងវិបត្តិបំណុលជាងគេ គឺប្រទេសម៉ូសំប៊ិក (Mozambique)។
«សេដ្ឋកិច្ចរបស់ប្រទេសនោះបានរីកចម្រើនយ៉ាងខ្លាំង។ ម៉ូសំប៊ិកទទួលបានប្រាក់កម្ចីយ៉ាងច្រើន ប៉ុន្តែតាមពិតទៅ ស្របពេលជាមួយគ្នានេះ ភាពក្រីក្រ និងវិសមភាពក៏មានការកើនឡើងដែរ។ ដូច្នេះប្រាក់កម្ចីមិនមានសារៈសំខាន់ដើម្បីជួយដោះស្រាយបញ្ហាកើតឡើងនៅក្នុងប្រទេសនោះទេ»។
ក្រុមយុទ្ធនាការ Jubilee Debt និយាយថា ចំនួនទឹកប្រាក់សរុបដែលជំពាក់ដោយប្រទេសដែលជាកូនបំណុលកើនដល់ចំនួន១៤,៧លានលានដុល្លារ ដែលនេះជាកំណើន៣០ភាគរយក្នុងរយៈពេល៤ឆ្នាំ។ ក្រុមនេះបន្តថា ប្រទេសចំនួន២០កំពុងជួបនូវវិបត្តិបំណុលរួចទៅហើយជាមួយនឹងបណ្តាប្រទេសមួយចំនួនទៀតដែលងាយរងគ្រោះដោយសារចលាចលសេដ្ឋកិច្ច។
Judith Tyson នៃវិទ្យាស្ថានអភិវឌ្ឍន៍បរទេស (Overseas Development Institute) និយាយតាមរយៈប្រព័ន្ធ Skype ពីប្រទេសក្រិកថា រឿងទាំងអស់ហ្នឹងគឺជាប់ទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុនាពេលថ្មីៗនេះ។
«យើងពិតជាបានឃើញរួចមកហើយនូវការកើនឡើងនៃការផ្តល់កម្ចី ដោយសារស្វែងរកនូវប្រាក់ចំណេញមកវិញ ដែលនេះហើយជាកន្លែងដែលក្រុមអ្នកវិនិយោគទុន ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងតែស្វែងរកការវិនិយោគថ្មី ពីព្រោះតែការប្រាក់ទាបនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសយើង។ ហើយកន្លែងមួយ ដែលពួកគេវិនិយោគក្នុងចំនួនទឹកប្រាក់ដ៏ច្រើននោះ គឺការវិនិយោគលើបំណុលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។
លោកJones មានប្រសាសន៍ទៀតថា ប្រទេសដទៃទៀត ជាពិសេសប្រទេសនៅអាមេរិកឡាទីន កំពុងរងនូវវិបត្តិបំណុលដ៏ច្រើនសន្ធឹកសន្ធាប់អស់ជាច្រើនទសវត្សរ៍មកហើយ។
«ប្រសិនបើយើងនិយាយពីប្រទេសហ្សាម៉ាអ៊ីក(Jamaica) វិបត្តិប្រាក់បំណុលរបស់ពួកគេបានចាប់ផ្ដើមតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ។ ហើយតាមពិតទៅចាប់តាំងពីឆ្នាំ១៩៩០មក រដ្ឋាភិបាលប្រទេសនេះមានអតិរេកថវិកាយ៉ាងធំ (មានថវិកាយ៉ាងច្រើនលើសលុប) ប៉ុន្តែបំណុលនៅតែដដែលពីព្រោះតែអត្រាការប្រាក់ខ្ពស់ខ្លាំងពេក ហើយសេដ្ឋកិច្ចប្រទេសនេះបានជួបនូវវិបត្តិសេដ្ឋកិច្ចដោយសារតែការព្យាយាមសងបំណុលទាំងនោះ។ ហើយវាបង្ហាញថា អ្នកមិនអាចងើបផុតពីវិបត្តិបំណុល ដោយគ្រាន់តែកាត់បន្ថយចំណាយប៉ុណ្ណោះទេ»។
នោះគឺជា អ្វីដែលបានលើកឡើងដោយរដ្ឋាភិបាលក្រិក។ ប៉ុន្តែសហភាពអឺរ៉ុប ដែលដឹកនាំដោយប្រទេសអាល្លឺម៉ង់ទទូចឲ្យប្រទេសក្រិកកាត់បន្ថយការចំណាយ ហើយការធ្វើកំណែទម្រង់គឺជាមធ្យោបាយតែមួយ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញបាន។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាប់បំណុល គឺមានគ្រោះថ្នាក់បន្ថែមទៀត។
«រាល់ប្រាក់បំណុលដែលជំពាក់ស្ថិតនៅក្នុងទម្រង់រូបិយវត្ថុអន្តរជាតិ ដូចជាប្រាក់ដុល្លារ ឬអឺរ៉ូ។ ហើយដូច្នេះនៅពេលដែលប្រទេសមួយមានការធ្លាក់ចុះតម្លៃរូបិយវត្ថុ នោះសំណងបំណុលមានការកើនឡើងយ៉ាងខ្លាំង។ នៅពេលដែលបំណុលកើនឡើង ហានិភ័យក៏កើនឡើងដែរ។
«វាជាការវិនិយោគដែលស្ថិតនៅក្នុងប្រភេទដែលមានហានិភ័យខ្ពស់ណាស់ ដែលយើងអាចមើលឃើញយ៉ាងច្បាស់ពីការខាតបង់ដ៏ធំនាពេលអនាគត»។
ក្រុមយុទ្ធនាការក៏បានអំពាវនាវឲ្យមានការរឹតបណ្តឹងច្បាប់ស្តីពីការផ្ដល់កម្ចី និងប្រាក់បំណុលឲ្យកាន់តែតឹងរឹងជាងនេះទៀត និងការលុបចោលបំណុលសម្រាប់ប្រទេសដែលកំពុងស្ថិតនៅក្នុងវិបត្តិរួចទៅហើយ៕
ប្រែសម្រួលដោយ ស៊ុន សុខេន