ខណៈពេលដែលបញ្ហាបំណុលធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមពលរដ្ឋនៅសហរដ្ឋអាមេរិកនោះ អាស៊ីហាក់ដូចជានៅមានភាពស្ងប់ស្ងៀម។
អ្នកវិភាគភាគច្រើនបានពិចារណាថា មានភ័ស្តុតាងតិចតួចដែលបង្ហាញថា ធនាគារកណ្តាលរបស់បណ្តាប្រទេសក្នុងទ្វីបអាស៊ីដែលមានទីផ្សារធំៗ និងអ្នកវិនិយោគទុនសំខាន់ៗនៅក្នុងតំបន់នេះមានការបារម្ភពីបញ្ហាបំណុលរបស់សហរដ្ឋអាមេរិក។
ប្រទេសចិនជាប្រទេសម្ចាស់បំណុលធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក ដោយផ្តល់ប្រាក់ឲ្យអាមេរិកខ្ចីចំនួនជាង១លានលានដុល្លារ។ បន្ទាប់ពីមកគឺប្រទេសជប៉ុន ដោយប្រទេសនេះបានទិញភាគហ៊ុនរបស់អាមេរិកក្នុងតម្លៃ៩០០ពាន់លានដុល្លារ។
ក្រុមអ្នកតាក់តែងច្បាប់អាមេរិក និងរដ្ឋបាលលោកអូបាម៉ា បានចរចាដោយប្រកាន់ជំហរប្រឈមនឹងគ្នាទាក់ទងនឹងសិទ្ធិខ្ចីប្រាក់បន្ថែមរបស់រដ្ឋាភិបាល មុនពេលប្រាក់បំណុលចំនួន១៤.៣លានលានដុល្លារឈានដល់ពេលកំណត់កាលពីថ្ងៃទី២ ខែសីហា។
លោក ដេវីឌ ខូហិន (David Cohen) គឺជានាយកក្រុមហ៊ុនប្រតិបត្តិការសេដ្ឋកិច្ច (Action Economics) ដែលជាក្រុមហ៊ុនពិគ្រោះយោបល់តាមអ៊ីនធឺណិតនៅប្រទេសសិង្ហបុរី។ លោកបានថ្លែងថា ក្រុមអ្នកវិនិយោគទុននៅអាស៊ីមានការព្រួយបារម្ភ ដូចអ្នកវិនិយោគទុនដទៃទៀតនៅក្នុងពិភពលោកដែរស្តីពីភាពគាំងដំណើរនៃការសងបំណុលរបស់សហរដ្ឋអាមេរិក។
លោក ខូហិន បាននិយាយថា «ខ្ញុំគិតថា យើងដឹងថាការខកខានមិនបានសងបំណុលដោយសហរដ្ឋអាមេរិកនឹងអាចបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលនឹងអាចបន្ទុចបង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។»
លោកធីម ខុនដុន (Tim Condon) គឺជាសេដ្ឋវិទូសំខាន់នៅអាស៊ីនៃធនាគារអ៊ីងប៊េង (Ing Bank)។ លោកយល់ស្របថា ប្រសិនបើអាមេរិកខកខានមិនបានសងបំណុល វាអាចបង្កឲ្យមានភាពជ្រួលច្របល់ក្នុងទីផ្សាររបស់ពិភពលោក៕
ប្រែសម្រួលដោយ ហ៊ុយ សម្ឆស្ស