Your browser doesn’t support HTML5
នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមវាគ្មិនពីររូបគឺលោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និងលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស អាដហុក។ លោកទាំងពីរបានពិភាក្សាអំពីបញ្ហា «គុណសម្បត្តិនិងគុណវិបត្តិ នៃការឃុំឃាំងកម្មករនិងមន្ត្រីសហជីពចំនួន២១នាក់»។
លោក មឿន តុលា អះអាងថា បើតាមអង្គហេតុអ្នកទាំង២៣នាក់ ដែល២នាក់ត្រូវបានដោះលែង សល់២១នាក់ នោះមិនគួរត្រូវចាប់ខ្លួន ហើយក៏មិនគួរត្រូវបានឃុំខ្លួនមកដល់ពេលនេះដែរ។
«ការចាប់ខ្លួននេះយើងមើលឃើញថា ហាក់ដូចមិនមានផលចំណេញដល់រដ្ឋាភិបាលទេ។ តែផ្ទុយទៅវិញបង្ហាញនៅអំពើខុសឆ្គងមួយក្នុងការដែលរដ្ឋាភិបាលខកខានអត់បានកំណត់ប្រាក់ឈ្នួលគោលមួយដែលធ្វើឲ្យប្រជាពលរដ្ឋឬក៏កម្មករនិយោជិកហ្នឹងរស់នៅដោយសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ខ្លួនឯងអត់បានបំពេញកាតព្វកិច្ចហ្នឹងហើយនៅពេលដែលប្រជាពលរដ្ឋទាមទារឲ្យមានប្រាក់ឈ្នួលគោលមួយដែលធានាឲ្យពួកគេរស់នៅបានសមរម្យបែរជាទទួលរងការចាប់ខ្លួន ហើយឃុំខ្លួនមកដល់ពេលបច្ចុប្បន្ន»។
លោកថ្លែងថា មនុស្សបីនាក់ដែលជាមន្ត្រីសហជីពនិងអ្នកតស៊ូមតិ គឺលោក វន ពៅ ថេង សាវឿង និង លោក ច័ន្ទ ពុទ្ធិស័ក្កិ ជាសកម្មជនដីធ្លីនិងសហគមន៍នោះ គ្រាន់តែទៅសម្របសម្រួលបាតុករនិងអាជ្ញាធរកុំឲ្យប្រព្រឹត្តអំពើហិង្សា តែ ប៉ុណ្ណោះទេ។ លោកតុលាបានអះអាងថា នេះជាការសោកស្តាយដែលពួកគេរង ការវាយដុំ និងរងរបួសជាទម្ងន់ដោយសារការគ្រាន់តែទៅឃាត់មិនឲ្យមានអំពើហិង្សា។
«នេះធ្វើឲ្យសហគមន៍ជាតិនិងអន្តរជាតិមានការភ្ញាក់ផ្អើលហើយមានការថ្កោល ទោសយ៉ាងខ្លាំង ហើយជាក់ស្តែងអ្នកបញ្ជាទិញក៏នៅតែដាក់សម្ពាធមកដល់រដ្ឋាភិបាលឲ្យគោរពសិទ្ធិអ្នក២១នាក់ដែលកំពុងតែជាប់ក្នុងពន្ធនាគារនៅឡើយ ហើយ បើកការជជែកចរចាអំពីប្រាក់ឈ្នួលគោលហ្នឹងឡើងវិញ បើមិនអញ្ចឹងទេគឺវាអាចប៉ះពាល់ទៅដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋាភិបាលជាមួយនឹងក្រុមហ៊ុនធំទាំងអស់នោះ»។
លោក ចាន់ សុវ៉េត វិញបានអះអាងថា ក្រុមកម្មករគ្មានកំហុសទេក្នុងការចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិដើម្បីទទួលបានប្រាក់ខែសមរម្យព្រោះ លោកថា គណបក្សសង្គ្រោះជាតិមានគោលនយោបាយតំឡើងប្រាក់ខែគោល តាមការចង់បានរបស់ពួកគេ។
«ការចូលរួមបាតុកម្មរបស់កម្មករក្នុងបាតុកម្មគណបក្សសង្គ្រោះជាតិវាមិនមែន ជារឿងនយោបាយទេ គឺជាការគាំទ្រគោលនយោបាយព្រោះ គោលនយោបាយ គណបក្សសង្គ្រោះជាតិគេគាំទ្រកម្មករឲ្យមានការតំឡើងប្រាក់ប៊ៀវត្សរ៍»។
យ៉ាងតិចមានមនុស្ស៥នាក់ស្លាប់នឹងចាប់ខ្លួន២៣នាក់ក្នុងបាតុកម្មតវ៉ាសុំឲ្យមាន ការតំឡើងប្រាក់ខែពី៨០ដល់១៦០ដុល្លារអាមេរិកកាលពីដើមខែមករាកន្លងមក។ មនុស្សពីរនាក់ប៉ុណ្ណោះដែលមិនពាក់ព័ន្ធត្រូវគេដោះលែង។
ក្រុមមន្ត្រីសង្គមស៊ីវិលទាំងពីរបានអះអាងថា អាជ្ញាធរហាក់ដូចជាចាប់ខ្លួនដើម្បី ធ្វើយ៉ាងណាគំរាមកំហែងកុំឲ្យមានបាតុកម្មទៀត។ តែលោកចាន់ សុវ៉េតអះ អាងថា៖
«កាលណាទៅទប់ស្កាត់ ទៅបង្ក្រាបឬក៏ការទៅគំរាមកំហែង ការទាមទារហ្នឹងបានន័យថា បុគ្គលហ្នឹងមិនមែនជាអ្នកគ្រប់គ្រងរដ្ឋដ៏ត្រឹមត្រូវទេ តាមអ្វីដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
ដោយឡែក លោក មឿន តុលាបានបញ្ជាក់បន្ថែមថា៖
«ជាក់ស្តែងប្រហែលជាមិនដូចរដ្ឋាភិបាលបានគិតទេ។ ថ្ងៃទី១៧ដល់ថ្ងៃទី២២ បន្ទាប់ពីចូលឆ្នាំនេះគេនឹងបន្តមិនមកធ្វើការ ជាការបង្ហាញនូវការមិនសប្បាយ ចិត្តដែលកំណត់ប្រាក់ឈ្នួលទាបដល់កម្មករ។ ហើយគេនឹងធ្វើការជួបជុំគ្នានៅថ្ងៃទី១ឧសភាទៀត ហើយខ្ញុំជឿថានឹងមានសកម្មភាពតៗទៀត»។
លោកតុលាបានអះអាងថា ថៃនិងវៀតណាម គេអាចកំណត់ប្រាក់ឈ្នួល១ ទោះបីជាប្រែប្រួលទៅតាមតំបន់របស់គេក្តី។ នេះជាកាតព្វកិច្ចរបស់រដ្ឋក្នុងការកំណត់ ប្រាក់ឈ្នួលអប្បរមា កុំឲ្យប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕