លោកមាជ សុវណ្ណារ៉ា អស់សង្ឃឹមរឿងដោះលែងក្រោយប្រសាសន៍លោកហ៊ុន សែន

លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​​គណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

នៅព្រឹកថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងទាស់របស់លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ឆ្នាំទៅដល់២០ឆ្នាំ។

មុន​សវនាការ​លើ​បណ្តឹង​ទាស់​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១នាក់ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ការ​អស់​សង្ឃឹម​ថា​ លោក​នឹង​មិន​អាច​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ​ ដោយសារ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា​ នឹង​មិន​លើក​លែង​ទោស​ឲ្យ​នរណា​ម្នាក់​នោះ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹង​ទាស់​របស់​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី​៧ឆ្នាំ​ទៅ​ដល់​២០​ឆ្នាំ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចូលរួម​ និង​ធ្វើ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។

លោក​ឃិន ជំរឿន សកម្មជនគណបក្ស​សង្រ្គោះជាតិដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

អំឡុង​ពេល​សមត្ថកិច្ច​បណ្ដើរ​ចូល​សាល​សវនាការ​ លោក មាជ សុវណ្ណារ៉ា ស្រែក​ថា តុលាការ​គឺជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ​លោក​និង​សកម្មជន​បក្ស​ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត​ គ្មាន​សង្ឃឹម​ថា​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ។

លោក​សុវណ្ណារ៉ា​ លើក​ឡើង​ថា៖

«យើង​គ្មាន​សង្ឃឹម! ព្រោះ​ម្សិលមិញ​លោក ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​ហាក់​បី​ដូច​ជា​គំរាម​តុលាការ​រួច​ទៅ​ហើយ ​ម្សិលមិញ​នៅ​វិមាន​សន្តិភាព។ អញ្ចឹង​យើង​ឃើញ​ថា ​តុលាការ​ជា​ឧបករណ៍​នយោបាយ ហើយ​លោក ​ហ៊ុន សែន ល្មម​ហើយ​ដល់​ពេលនៅ​មាន​កូន​មាន​ចៅ​ធ្វើ​នយោបាយ​ជាមួយ​គ្នា​នៅ​ពេល​ខាង​មុខ​ទៀត»។​

លោកអ៊ុក ពេជ្រសំណាង អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ស្រែក​ពីបន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)​

ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​កំពុង​ប្រើប្រាស់​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ព្រមទាំង​បាន​ស្នើ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ទាំង​១១រូប​នោះ​ ដោយ​គ្មាន​លក្ខខណ្ឌ។

កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​វេទិកា​ស្តី​ពី​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ លោកហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា នរណា​ធ្វើ​ខុស​ត្រូវ​ជាប់​ទោស ហើយលោក​នឹង​មិន​លើក​លែង​ទោស​ឲ្យ​អ្នកណា​នោះ​ទេ ដោយ​លោក​ថ្លែង​បែប​នេះ​សំដៅ​លើ​មេ​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូល​រួម​ថា៖

«អតីត​អ្នក​បង្រួប​បង្រួម​ជាតិ​មួយ​នេះ មិន​អាច​លើកដៃ​ចុះ​ហត្ថលេខា​សម្រួល​ឲ្យ​អ្នកណា​ទាំងអស់ សូម​ឲ្យ​សារ​អ្នក​ការទូត​ទាំងឡាយ​កុំ​និយាយ​ជាមួយ​ ហ៊ុន សែន លើ​រឿង​នេះ និយាយ​មិន​បាន អ្នកណា​ត្រូវ​តុលាការ​ផ្តន្ទាទោស អ្នក​ហ្នឹង​ត្រូវ​ចូល​គុក»។

មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ផ្ញើ​សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​ច័ន្ទ​ គឺ​ជា​សម្ពាធ​នយោបាយ​មួយ​ ធ្វើ​ឲ្យ​តុលាការ​អាច​នឹង​ពិបាក​អនុវត្តការងារ​ក្នុង​វិស័យ​យុត្តិធម៌។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​បញ្ជាក់​ថា៖

«បើ​សិន​ជា​ការ​សម្រេច​ពឹង​ទៅ​លើ​ឆន្ទានុសិទ្ធិ ទៅ​លើ​ឧត្តមគតិ ជៀស​វាង​អគតិ​ទាំង​បួន​ហ្នឹង ទៅ​លើ​អង្គហេតុ អង្គច្បាប់ និង​វិជ្ជាជីវៈ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​សង្ឃឹម​ថា​ ការ​មោឃភាព​នេះ​អាចនឹង​មាន​ការ​សម្រេច​មួយ​ដែល​ជា​យុទ្ធសាស្ត្រ ក៏​ប៉ុន្តែ​បើ​សិន​ជា​សម្ពាធ​នយោបាយ ឬ​បរិយាកាស​នយោបាយ​លូកលាន់ អា​ហ្នឹង​ខ្ញុំ​មិន​សូវ​មាន​ជំនឿ​ទេ»។​

សវនាការ​នៅ​ព្រឹកមិញ​នេះ​មិនទាន់​ត្រូវ​បាន​ជំនុំជម្រះ​នៅឡើយ​ ដោយសារ​មាន​ភាព​មិន​ដាច់ស្រេច​លើ​បណ្តឹង​របស់​មេធាវី​សកម្មជន​ទាំង​១១នាក់ ស្នើ​សុំ​មោឃភាព​នីតិវិធី ឬ​ហៅ​ថា​បណ្តឹង​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ និង​បណ្តឹង​មិន​សុខចិត្ត​លើ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​សាន គឹមហេង សកម្មជនគណបក្ស​សង្រ្គោះជាតិដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

ក្រោយ​បញ្ចប់​ការ​សួរ​ដេញ​ដោល​រវាង​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម និង​មេធាវី​របស់​ចុង​ចោទ និង​ដើម​ចោទ​អស់​រយៈពេល​ជាង​២ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ លោក ប្លង់ សំណាង បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ ពាក់ព័ន្ធ​នឹង​ការ​ជំនុំជម្រះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឲ្យ​សកម្ម​ជន​ទាំង​១១នាក់​ជាប់​ពន្ធនាគារ​ពី​៧ទៅ​២០​ឆ្នាំ។

អង្គ​ជំនុំ​ជម្រះ​មិន​ទាន់​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​នៃ​ការសវនាការ​លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ៕