ក្រុម​គ្រួសារ​របស់​មេធាវី​ដែល​ជាប់​ឃុំ​ឃាំង ​បាន​ផ្ញើ​លិខិត​ចំហរ​មួយ​ច្បាប់​ទៅ​ឲ្យ​ប្រធានា​ធិបតី ស៊ី ​ជីងពីង

នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦​នេះ លោកស្រី Yuan Shanshan ដែល​ជា​ភរិយា​របស់​លោក​មេធាវី Xie Yanyi ដែល​ត្រូវ​បាន​គេ​ឃុំ​ឃាំង​កាន់​លិខិត​ជូន​ដំណឹង​មួយ​ពី​ការ​ឃាត់​ខ្លួន​លោក Xie ពី​ការិយាល័យ​សន្តិសុខ​សាធារណៈ Tianjin។

នៅពេល​ដែល​ប្រទេស​ចិន ធ្វើ​ជាផ្ទះ​រៀប​ចំ​ជំនួប​ខាង​នយោបាយ​ថ្នាក់​ខ្ពស់​ក្នុង​ទីក្រុង​ប៉េកាំង ​ក្រុម​គ្រួសារ​របស់​មេធាវី​សិទ្ធិ​មនុស្ស​៥​នាក់​ដែល​ជាប់​ពន្ធនាគារ ​បាន​សរសេរ​លិខិត​ចំហរ​មួយ​ច្បាប់​ទៅ​ឲ្យ​ប្រធានា​ធិបតី ​ស៊ី ​ជីង​ពីង ​ដោយ​ជំរុញ​​ឲ្យ​មេដឹកនាំ​កំពូល​រូប​នេះ​បញ្ឈប់​ការ​បង្ក្រាប​ដ៏​ចម្រូងចម្រាស​លើ​ពួក​មេធាវី​ទូទាំង​ប្រទេស។ ​​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​គ្រួសារ​មេធាវី​ទាំង​នោះ​និយាយ​ថា អ្វី​ដែល​​ពួកគេ​បាន​ទទួល​ត្រឡប់​មក​វិញ​គឺ​ការ​ព្រងើយ​កន្តើយ​ពី​ពួក​អាជ្ញាធរ។

​ខណៈ​ដែល​ភាព​មិន​អើ​ពើ​របស់​ពួក​អាជ្ញាធរចំពោះ​ការ​អំពាវនាវ​រក​យុត្តិធម៌​របស់​ពួកគេមិន​មាន​អ្វីភ្ញាក់​ផ្អើល​នោះ ​ពួក​គេ​មិន​បានបន្ទន់​ចិត្ត​នៅ​ក្នុង​ការ​សម្តែង​នូវ​ការ​ខក​ចិត្ត​របស់​ខ្លួន​អំពី​អ្វីដែល​ពួកគេ​បាន​និយាយ​ថា ជា​ល្បិចកល​គ្មាន​មេត្តា​របស់​ពួក​អាជ្ញាធរ។​ការណ៍​នេះ​រួម​មាន​អំពើ​ហិង្សា ហើយ​និង​ការ​ប្រើ​ប្រាស់​ការ​ឈ្លប​មើល​ដើម្បី​រំខាន​យាយីក្រុម​គ្រួសារ​ និង​មិត្តភក្តិ​របស់​ពួក​មេធាវី​ដែល​ហ៊ាន​ប្រឈម​នឹង​អ្វី​ដែល​មនុស្ស​ជា​ច្រើននិយាយ​ថា ​ជា​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ។

លោកស្រី Yuan Shanshan ​ភរិយា​របស់​លោក Xie Yanyi ​ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​ ​បាន​ប្រាប់ VOA ថា៖ «នៅ​ខាង​ក្រៅ​មាត់​ទ្វា​របស់​ខ្ញុំ ​មាន​ភ្នាក់​ងារ​សម្ងាត់​ពី​៥​ទៅ​៧នាក់​ជា​ប្រចាំដែល​តាម​មើល​ខ្ញុំ។ ​ពួកគេ​តាម​ខ្ញុំ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ទៅ ​ទៅ​ទិញ​ឥវ៉ាន់ ឬទៅ​ទី​កន្លែង​ណា​ផ្សេងៗ​ទៀត។​ ពួកគេ ​មិន​បាន​ធ្វើ​អ្វី​ទេ ក៏ប៉ុន្តែ ​តាម​មើល​ខ្ញុំ‍»។

លោកស្រី Yuan ​និយាយ​បន្ថែម​ទៀត​ថា៖ «សកម្មភាព​រំលោភ​ច្បាប់​បែប​នេះ ​មិន​ត្រឹម​តែ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ខាង​ផ្លូវ​ចិត្តចំពោះ​យើង​ និង​មនុស្ស​នៅ​ក្នុង​សង្កាត់​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ​របស់​ប្រទេស​ផង។​ហើយ​ការណ៍​នេះ ​ក៏​បាន​បណ្តាល​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ការរស់​នៅ​របស់ប្រជា​ពលរដ្ឋ​ដែរ‍»។

លោក Xie ​ជា​មេធាវី​សិទ្ធិ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេធាវី​សិទ្ធិ​មនុស្ស​១៦​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​បន្ទាប់ពី​ចាប់​ផ្តើម​ការ​បង្ក្រាប​ដ៏​ធំមួយ​កាល​ពី​ខែ កក្កដា​ឆ្នាំ​ទៅ។ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សកម្មជន​ជាង​៣០០នាក់ ​បាន​ត្រូវ​ចាប់​ខ្លួន ​វាយ​ដំ ​រំខាន​យាយី ​ឬ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល។

​យោង​ទៅ​តាម​លោកស្រី Yuan ​ភរិយា​របស់​មេធាវី​ដែល​ត្រូវ​គេ​ឃុំ​ខ្លួន ​បាន​ត្រូវ​គេ​ដក​សិទ្ធិ​ដ៏​សំខាន់​ដើម្បី​ជួប​ជាមួយ​ស្វាមី​ ឬ​ជួល​មេធាវី​សម្រាប់​ពួកគេ ​ដោយ​មិន​និយាយ​ពី​ការ​ទាមទារ​ដ៏​សំខាន់​របស់​ពួកគេ​សម្រាប់​ការ​កាត់​ទោស​បើក​ចំហរ​ និង​ត្រឹមត្រូវ។

លោកស្រី ​និយាយ​បន្ថែម​ទៀត​ថា ការ​អំពាវនាវ​ដែល​លោកស្រី ​និង​លោកស្រី Wang Qiaoling ភរិយា​របស់​លោក Li Heping បាន​ធ្វើដើម្បី​ច្រានចោល​មេធាវី​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាលនៅ​ក្នុង​រឿងក្តី​របស់​ស្វាមីលោកស្រី ​បាន​ត្រូវគេ​មិន​អើ​ពើ​ឬ​ច្រាន​ចោល។

បញ្ហា​ទាំងអស់​នេះ ​កើ​តមាន​ឡើង​ថ្វីបើ​ប្រធានាធិបតី ស៊ី ​បាន​សន្យា​អនុវត្ត​នីតិរដ្ឋ​នៅ​ចុងឆ្នាំ​២០១៤​ ក្នុង​អំឡុង​ពេល​នៃសម័យ​ប្រជុំ​ពេញ​អង្គ​លើកទី៤​របស់​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​លើក​ទី​១៨​ក៏​ដោយ។

​ក្នុង​អំឡុង​ពេល​នៃ​សម័យ​ប្រជុំ​ មេដឹកនាំ​កំពូលរូប​នោះ​របស់​ចិន ​បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ខាង​ប្រព័ន្ធ​យុត្តិធម៌​ខណៈ​ដែល​សាទរ​ការ​ប្រកាន់​យក​តួនាទី​របស់​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់ប្រទេស។ ​អ្នក​រិះគន់​និយាយ​ថា ​ការ​សន្យា​ដ៏​ខ្លាំង​ទាំង​នោះ​មិន​បាន​ក្លាយ​ជា​ការ​ពិត​ទេ។

នៅ​ក្នុង​លិខិត​ចំហរ​មួយ​ច្បាប់​របស់​ពួកគេ ​ក្រុម​គ្រួសារ​ទាំង​នោះ​ពណ៌នា​ការ​បង្កា្រប​លើ​មេធាវី​ថា ជា​យុទ្ធនាការ​ចាប់​ខ្លួន បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​ការប្រើ​អំណាច​ហួស​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ក៏ប៉ុន្តែ​ទទួល​បាន​ការ​កាត់​ទោស​ត្រឹមត្រូវ​តិចតួច។

ក្រុម​គ្រួសារ​ទាំងនោះ ក៏​បាន​អំពាវនាវ​ដល់​ប្រធានា​ធិបតី ស៊ី ឲ្យ​ត្រួត​ពិនិត្យ​ពួក​មន្រ្តី​អនុវត្ត​ច្បាប់​គ្រប់​កម្រិត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ដែល​ក្រុម​គ្រួសារ​ទាំង​នោះ​បាន​និយាយ​ឲ្យ​ហេតុផល​ថា ​បាន​ស៊ុម​គ្រលំ​គ្នា​ ហើយ​ប្រើ​អំណាច​របស់​ខ្លួន​ហួស។ ក្រុម​គ្រួសារ​មេធាវី​ទាំង​នោះ ក៏​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ ស៊ី ​ចាត់​វិធានាការ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុម​អ្នក​ការពារ​ក្តី​មាន​បរិយាកាស​ប្រសើរ​ឡើង​ដើម្បី​ប្រតិបត្តិ​ច្បាប់។

​ភរិយា​របស់​មេធាវី​ដែល​ត្រូវ​គេ​ឃុំ​ខ្លួន​ទាំង​នោះ​ក៏​បាន​និយាយ​ដែរ​ថា ពួកគេ​មាន​ទំនុក​ចិត្ត​ថា ​ប្រសិនបើ ស្វាមី​របស់​ពួកគាត់ ​បាន​ត្រូវ​គេផ្តល់​ឲ្យ​នូវ​ការ​កាត់​ទោស​ត្រឹមត្រូវ​ ពួក​គេ ​នឹង​ត្រូវ​គេ​បង្ហាញ​ពី​ភាពគ្មាន​ទោស​ពៃរ៍ ​ហើយ​និងត្រូវ​បាន​គេ​ដោះ​លែង។

ថ្វីបើ យុទ្ធវិធី​របស់​រដ្ឋាភិបាល​ចិន​ធ្វើ​ឲ្យ​ការងារ​របស់​ពួក​មេធាវី​មាន​ការ​លំ​បាក​កាន់​តែ​ខ្លាំង​ឡើង​ក៏ដោយ ​ពួក​អាជ្ញាធរ ​កំពុង​ដាក់​ចេញ​វិធានការ​តឹងតែង​ជា​បន្ត​បន្ទាប់​ដោយ​ពង្រីក​ការ​ព្រមាន​របស់​ខ្លួន​ដល់​ក្រុមហ៊ុន​ច្បាប់​ចំនួន​២ម៉ឺន​២ពាន់​នៅ​ទូទាំង​ប្រទេស​ដែល​នៅ​ពេល​ឆាប់ៗ​នេះ ​នឹង​តម្រូវ​ឲ្យ​ពួក​មេធាវី​គោរព​វិន័យ ​បើ​ពុំ​ដូច្នេះ​ទេ ​នឹងប្រឈម​ពិន័យ។

បទ​បញ្ញត្តិ​បែប​នេះ ​នឹង​ត្រូវ​រួម​បញ្ចូល​ទាំង​វិធានការ​រដ្ឋបាល​ទើប​តែធ្វើ​វិសោធនកម្ម​ថ្មី​របស់​ក្រសួង​យុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​ច្បាប់​ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ច្បាប់​ថ្មី​របស់​ក្រសួង​យុត្តិធម៌​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ហើយ​និង​ទប់​ស្កាត់​ឯករាជ្យ​ភាព​របស់​មេធាវី ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ដល់​ការ​ធ្វើ​ជា​តំណាង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ចំពោះ​កូន​ក្តី​របស់​ខ្លួន​ ហើយ​និង​ការ​ពិភាក្សា​យុទ្ធសាស្រ្ត​សំខាន់ៗ ​ហើយ​និង​បង្កើន​ហានិភ័យ​ចំពោះ​ការ​ដាក់​ពាក់​ប្តឹងមន្រ្តី​ប្រតិបត្តិ​ច្បាប់​ដែល​បាន​រំលោភ​ច្បាប់។​ ពួកគេ​និយាយ​ថា ​ច្បាប់​ថ្មី ​អាច​ធ្វើ​ឲ្យ​មានភាព​ងាយ​ស្រួល​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់ការ​ចាត់​វិធានការ​នានា​ដែល​អាចនាំ​ឲ្យ​មានការ​បណ្តេញ​មេធាវី​ចេញ​ពី​ក្រុមហ៊ុន​ច្បាប់​របស់​ខ្លួន។ ឧទាហរណ៍ ​នៅ​ក្នុង​មាត្រា៥០ ​ក្រុមហ៊ុន​ច្បាប់ ឥឡូវ​នេះ នឹង​ត្រូវ​គេ​សុំ​ឲ្យ​បណ្តេញ​មេធាវី​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ដូចជា​ការ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ពី​រឿងក្តី​របស់​ខ្លួន​ហើយ​និង​ការ​ការពារ​ពិរុទ្ធ​ជន។ បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​ច្បាប់ ​អាច​ប្រឈមការ​បាត់​បង់​អាជ្ញាប័ណ្ណ​របស់​ខ្លួន។ មាត្រា​នោះ​ក៏​រួមបញ្ចូល​ទាំង​បទ​បញ្ញត្តិ​ដែល​មាន​ឃ្លា​ស្រពិច​ស្រពិល​ដែល​ដាក់​ពិន័យ​ដល់​មេធាវី​ចំពោះ​អាកប្បកិរិយាផ្សេងៗ​ដូចជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ដល់​ចុង​ចោទ​របស់​ខ្លួន​នៅ​ក្នុង​រឿងក្តី​នយោបាយ។

តាម​លោក Liang Xiaojun នាយក​ក្រុមហ៊ុន​ច្បាប់ Daoheng ក្រុង​ប៉េកាំង​និយាយ​ថា​ តាម​ការ​ពិត ​ច្បាប់​ទាំងអស់​នោះ​មិន​មាន​អ្វី​ថ្មី​ទេ​ហើយ​មាន​ជា​យូរ​ណាស់​មក​ហើយ ​ហើយ​ត្រូវ​បាន​គេ​រក្សា​ទុក​សម្រាប់ប្រើប្រាស់​នៅ​ពេល​គេ​ត្រូវ​ការ។

លោក Liang និយាយ​បន្ត​ទៀត​ថា៖

«ក៏​ប៉ុន្តែ ​ឥឡូវនេះ ការ​ចែង​នៅ​ក្នុង​ច្បាប់​ទាំង​នោះ​តាម​ការ​ពិត​ជា​ចំណាត់ការ​នៃ​ការ​គាបសង្កត់‍​យ៉ាង​ច្បាស់​ក្រឡែត»។

លោក​ Liang ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មេធាវី​១៦៨​នាក់​ដែលកាល​ពី​ពេល​មុន​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​ញត្តិ​មួយ​ផ្ញើ​ជូន​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋ​ដើម្បី​លុបចោល​នូវ​ការ​ត្រួតត្រាថ្មី​របស់​ក្រសួង​យុត្តិធម៌។ ក៏ប៉ុន្តែ ពួកគេ​និយាយ​ថា ​ពួកគេ​ក៏​បាន​ទទួល​នូវ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ត្រឡប់​មក​វិញ​ដែរ។

លោក Laing និយាយ​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សរសើរ​មេធាវី​ទាំងអស់​នោះ​ដែល​មាន ឆន្ទៈ​បំពាន​ច្បាប់​ដែល​មាន​គុណ​វិបត្តិ​នោះ។ ពួកគេ​បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​ដើម្បី​បដិសេធ​មិន​ទទួល​ស្គាល់​ និង​ប្រ​តិបត្តិ​ច្បាប់​នោះ។ យើង​ត្រូវ​ការ​មេធាវី​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ចូល​រួម​ប្រយុទ្ធ‍»។

ច្បាប់​ថ្មី​ទាំង​នេះ ​បង្កើន​ការ​ទទួល​ខុសត្រូវ​របស់​មេធាវី​ដើម្បី​ពិចារណា​ពី​ការ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ។ ក្រុម​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា សកម្មភាព​របស់ រដ្ឋាភិបាល​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មេធាវី​ដែល​ធ្វើ​ការងារ​លើ​រឿង​ក្តី​នយោបាយ​ដ៏​រសើប៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន