ថ្វី​បើ​មាន​ជំនួប​កំពូល​អន្តរ​កូរ៉េ​ក៏​ដោយ ​ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​តែ​ជា​បញ្ហា​វែង​ឆ្ងាយ

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង និង​លោកស្រី Kim Jung-sook ចាកចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ព្រលាន​យន្តហោះ Samjiyon ខេត្ត Ryanggang​ ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ថ្វីបើ​មាន​សំឡេង​និង​រូប​ថត​បាន​លេញ​ចេញ​ពី​ជំនួប​កំពូល​លើកទី៣​រវាង​មេដឹកនាំ​កូរ៉េ​ខាងត្បូង​និង​ខាង​ជើង​ក៏ដោយ ​សន្តិភាព​និង​ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ស្ថិត​នៅ​វែង​ឆ្ងាយ​ទៀត ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​ជំនាញ។

លោក Douglas Paal អនុ​ប្រធាននៃ​ការ​សិក្សា​នៅអង្គការ Carnegie Endowment សម្រាប់​សន្តិភាព​អន្តរជាតិបាន​និយាយថា «រូប​ភាព​វីដេអូ​នៃ​ការ​ចាប់​ដៃ​និង​ឱប​គ្នា​បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ថា អ្វីៗកំពុង​ឆ្ពោះ​ទៅកាន់​ដំណោះ​ស្រាយ​ជម្លោះ​ប្រកបសន្តិវិធីរវាង​កូរ៉េខាង​ជើង​និង​ខាង​ត្បូង​ជាង​យើង​ដឹង​អំពី​ការ​ពិត»។

ជំនួប​កំពូល​រយៈ​ពេល​៣​ថ្ងៃ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​បាន​តម្រង់​ជួរ​នៅ​តាម​ផ្លូវនានា​នៅ​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង​ដើម្បី​ស្វា​គមន៍​លោក Moon Jae-in ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ទៅ​កាន់​កូរ៉េ​ខាង​ជើង។

ជំនួប​កំពូល​នោះ​បាន​បញ្ចប់​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុងអ៊ុន​និង​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​លោក Moon ​ហើយ​និង​ភរិយា​របស់​អស់​លោក ​បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​និមិត្តរូប​ទៅ​កាន់​ភ្នំ Baekdu ដែល​ជា​ភ្នំ​ភ្លើង​មួយ​នៅ​មាន​សកម្មភាព​នៅ​ជិត​ព្រំដែន​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​ប្រទេស​ចិន​ដែល​ជាទី​កន្លែងកំណើត​របស់​ពលរដ្ឋ​កូរ៉េ​ទាំងអស់​ហើយ​និង​ជា​ទីកន្លែង​ដែល​គេ​សន្មត់​ថា​ជា​របស់​ឪពុក​គីម ជុងអ៊ុន។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ សេចក្តីថ្លែងការណ៍​រួម​របស់​មេដឹកនាំ​ទាំង​២​កាល​ពី​ថ្ងៃ​ពុធ មិន​បាន​ធ្វើ​ឲ្យ​សម្រេច​នូវ​ការ​ជឿនលឿន​ជា​ដុំកំភួនស្តី​ពី​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​ពួក​អ្នក​តាម​មើល​បញ្ហា​កូរ៉េខាង​ជើង​ក្នុង​រដ្ឋធានីវ៉ាស៊ីន​តោន​បាន​សង្ឃឹម​បន្ទាប់​ពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​ទំនង​ជា​ជួប​បញ្ហា​ដោយ​ការ​លុប​ចោល​កាល​ពី​ចុង​ខែ​សីហា​នៃ​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោង​ទុក​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo ​ទៅ​កាន់រដ្ឋ​ធានី​ព្យុងយ៉ាង៕