រដ្ឋាភិបាលកូរ៉េខាងត្បូងមានគម្រោងផ្ដល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ ៨ លានដុល្លារអាមេរិកដល់ប្រទេសកូរ៉េខាងជើង ទោះបីជាប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ទំនងជាគាំទ្រយ៉ាងដិតដល់ចំពោះវិធានការតឹងរ៉ឹងរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកូរ៉េខាងជើងឲ្យលះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូង លោក Baik Tae Hyun បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា៖ «វាជាគោលជំហរជាមូលដ្ឋានរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនៅក្នុងការបន្តផ្ដល់ជំនួយមនុស្សធម៌ដល់កុមារ ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះនានា ដោយមិនគិតអំពីស្ថានការណ៍នយោបាយបែបណានោះទេ»។
ចាប់តាំងពីលោក Moon Jae In បានឡើងកាន់អំណាចជាប្រធានាធិបតីកូរ៉េខាងត្បូងមក លោកបានប្រើយុទ្ធសាស្ត្រពីរក្នុងពេលតែមួយ គឺការធ្វើឲ្យមានតុល្យភាពរវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េខាងជើង ដើម្បីធ្វើឲ្យភាពតានតឹងមានលក្ខណៈធូរស្រាលបន្តិចម្ដងៗ។
ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងបានការពារគម្រោងជំនួយមនុស្សធម៌របស់ខ្លួនថាមិនជាប់ទាក់ទងជាមួយនឹងការដាក់ទណ្ឌកម្ម និងសម្ពាធនោះទេ ហើយជំនួយនេះគឺត្រូវការដើម្បីជួយជនជាតិកូរ៉េខាងជើងដែលកំពុងរស់នៅក្នុងភាពក្រីក្រ ហើយនឹងកាន់តែដុនដាបថែមទៀតដោយសារតែការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
កូរ៉េខាងត្បូងមានគម្រោងផ្ដល់ជំនួយចំនួន ៤ លាន ៥ សែនដុល្លារអាមេរិកដើម្បីជួយដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិក្នុងការផ្ដល់ជំនួយជាស្បៀងអាហារដល់មន្ទីរពេទ្យនានានៅក្នុងប្រទេសកូរ៉េខាងជើង និងជំនួយចំនួន ៣ លាន ៥ សែនដុល្លារអាមេរិកទៅដល់អង្គការ UNICEF ដើម្បីផ្ដល់ថ្នាំពេទ្យ និងអាហារូបត្ថម្ភជួយដល់កុមារ និងស្ត្រីមានផ្ទៃពោះ៕